កំពង់ធំ ៖ ត្រីចំនួនជាង ២៥ តោន បានងាប់ចាប់តាំងពីថ្ងៃសៅរ៍ នៅស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការស្រកចុះនៃកម្ពស់ទឹកក្នុងបឹងទន្លេសាប។
លោក ហួន ផល ប្រធានរដ្ឋបាលជលផល ឃុំ ពាមបាង បានឲ្យដឹងថា ”ត្រីនៅក្នុងបឹងបានងាប់ ដោយសារតែអាកាសធាតុក្តៅ ដែលបណ្តាលឲ្យកម្ពស់ទឹកនៅក្នុងបឹងធ្លាក់ចុះ នាំឲ្យខ្វះអុកស៊ីសែនសម្រាប់ដកដង្ហើម”។
លោកបានកត់សម្គាល់ថា នៅឆ្នាំនេះចំនួនត្រីដែលងាប់គឺទាបជាងឆ្នាំមុន ៗ ដោយសារតែអាជ្ញាធរបានដាំកំផ្លោក សម្រាប់ជាជម្រកត្រីផុតពីពន្លឺព្រះអាទិត្យ។
លោកបានមានប្រសាសន៍ថា ”ឥឡូវនេះកម្រិតទឹកនៅក្នុងបឹងនេះ ស្ថិតនៅចន្លោះពី មួយតឹក ទៅ ប្រាំតឹក ហើយប្រជាជនព្រួយបារម្ភថា ចំនួនត្រីក្នុងបឹងអាចនឹងវិនាស។
លោក ប៉ែន វណ្ណារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្ត បានលើកឡើងថា: «នៅឆ្នាំ ២០១៥ ត្រីងាប់ចំនួនជិត ៧០ តោន និងជាង ៩០ តោននៅឆ្នាំ ២០១៦ ក្នុងហេតុផលដូចគ្នា និងក្នុងអំឡុងពេលដូចគ្នា»។ លោកកត់សម្គាល់ថា នៅឆ្នាំ ២០១៧ និងឆ្នាំមុន មិនមានត្រីងាប់ទេ ដោយសារកម្រិតទឹកនៅខ្ពស់។
លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងស្រុក បាននាំគ្នាទៅប្រមូលត្រីងាប់ពីបឹងយកទៅបរិភោគ។
លោកវណ្ណារិទ្ធបានមានប្រសាសន៍ថា ”យើងមានផែនការជីកស្តារបឹងឲ្យជ្រៅ ហើយបូមទឹកដាក់បន្ថែមដើម្បីបង្កើនកំពស់ទឹក ព្រោះវាជាតំបន់ការពារសម្រាប់ជីវិតសត្វក្នុងទឹក”។ លោកបានបន្ថែមថា ក្នុងអំឡុងរដូវវស្សា ទន្លេឆ្មាមានវិសាលភាពគ្របដណ្តប់បានប្រហែល ៨ ហិកតា។
លោក ឈិន រឿន អ្នកភូមិនៅក្នុងឃុំបាននិយាយកាលពីម្សិលមិញថា លោកបានទៅកាន់បឹង ក្រោយពីបានឮដំណឹងថា មានត្រីជាច្រើនបានស្លាប់នៅទីនោះ។
លោកបាននិយាយថា ”មនុស្សជាច្រើនបានទៅទីនោះ ដើម្បីប្រមូលត្រីស្លាប់ហើយខ្ញុំប្រមូលបានពី ៥០០ ទៅ ៦០០ គីឡូក្រាម”។ ”ខ្ញុំនឹងយកត្រីទាំងនោះដើម្បីបរិភោគ និងធ្វើជាត្រីងៀត”។
លោក ណែត សារី អភិបាលស្រុក មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ៕
ប្រភព ៖ khmertimes