CamNews

ព័ត៌មានជាតិ 

តុលាការ ប្រកាសតាមចាប់ខ្លួន អ្នកភូមិកែវផុស ៦នាក់

ភ្នំពេញៈ អ្នកភូមិកែវផុសពីរនាក់ ដែលបានរត់មកដល់ភ្នំពេញ ក្រោយពីអាជ្ញាធរ ខេត្តព្រះសីហនុ
ឈូសឆាយផ្ទះ សម្បែង របស់ពួកគាត់ចោល ហើយប្រកាសចាប់ខ្លួន ជាមួយនឹងអ្នកភូមិ៤ នាក់
ទៀតថា បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា និងញុះញង់ក្នុងការជេរប្រមាថកម្លាំងអាជ្ញាធរ។

អ្នកភូមិកែវផុស ចំណុចចំរាំង លោក ទីវ ម៉ៃ បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ នេះថា
គាត់ត្រូវបាន ក្រុមសមត្ថកិច្ច ដេញចាប់ តាំងពី ថ្ងៃទី៤ ខែមីនា  ដោយចោទថា ជាមេក្លោងក្នុងការ
ប្រមូលផ្តុំកម្លាំង ប្រជាពលរដ្ឋធ្វើការតវ៉ារឿងដីធ្លី និងជាអ្នកញុះញង់ ឲ្យប្រជាពលរដ្ឋ ជេរប្រមាថ
អាជ្ញាធរ។ លោក ទីវ ម៉ែ និយាយថា “ខ្ញុំមិនបានញុះញង់ពួកគាត់ឲ្យជេរប្រមាថសមត្ថកិច្ចនោះទេ
អ្នកភូមិទាំងនោះ គឺជេរដោយខ្លួនឯងក៏ព្រោះ ពួក សមត្ថកិច្ចទាំងនោះ មកអនុវត្តសាលក្រម រំលោភ
ដីស្រែ ដីចំការ របស់ពួកគាត់ឲ្យលោក ជៀម ផែន ” ។

អ្នកភូមិម្នាក់ទៀត ដែលរត់មកដល់ភ្នំពេញនេះដែរ លោក ឌឿន គង្គារ ក៏បានបញ្ជាក់ដែរថា រូបគាត់
ក៏ត្រូវបាន កម្លាំងសមត្ថកិច្ចធ្វើការដេញតាមចាប់ខ្លួនដែរ ដោយចោទថា បានធ្វើសកម្មភាពស្រដៀង
គ្នា និងលោក ទីវ ម៉ៃ ដែរ។ លោក ឌឿន គង្គារ ក៏បានបញ្ជាក់ដែរថា អ្នកភូមិ៤ នាក់ទៀតក៏ត្រូវបាន
ក្រុមអាជ្ញាធរ ប្រកាសចាប់ខ្លួន ហើយ ពួកគាត់កំពុងតែរត់គេចខ្លួនមិនដឹងទៅទីណាអស់ហើយនោះ
ទេ។

លោក ទីវ ម៉ៃ និងលោក ឌឿន គង្គារ ដែលជាប្រជាពលរដ្ឋរងគ្រោះ ដ៏អយុត្តិធម៌ បន្ទាប់ពីអាជ្ញាធរ
បានប្រើគ្រឿង ចក្រធ្វើការឈូសឆាយផ្ទះ សម្បែងរបស់ពួកគាត់ ហើយរឹបអូសដីធ្លីយកទៅឲ្យម្ចាស់
ក្រុមហ៊ុនស្រាបៀលីអូ គឺ លោក ឧកញ៉ា ជៀម ផែន បានចាត់ទុកការអនុវត្តសាលក្រមនេះ ជាការ
អារកបង្ហូរឈាម ដើម្បីសម្លាប់អ្នកភូមិ យកដីស្រែចំការ ដែលពួកគាត់ខិតខំទន្ទ្រានកាន់កាប់តាំងពី
ឆ្នាំ៩៣ យកទៅឲ្យឈ្មួញរកស៊ី ដោយមិនរវីរវល់ពីទុក្ខសោករបស់រាស្ត្រខ្លួនឯង នេះក៏ព្រោះអំណាច
ប្រាក់ និងលាភសក្ការៈ ដ៏ក្រាសក្រែលដែល ឧកញ៉ា ជៀម ផែន បានជះទៅលើ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ