CamNews

ព័ត៌មានជាតិ 

ចៅក្រម សាលាឧទ្ធរណ៍ នឹងដោះលែង លោក ម៉ម សូណង់ដូ នៅថ្ងៃស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា បាន
សម្រេចផ្ទន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែអនុវត្តត្រឹមតែ ៨ខែប៉ុណ្ណោះ
ហើយលោកនឹងមាន សេរីភាពវិញនៅ ថ្ងៃទី១៥ ខែមីនា ស្អែកនេះ។

លោក អ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌-
មានដើមអម្ពិល នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ថា បន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទា
ទោស លោក ម៉ម សូណង់ដូនោះ ហើយ នឹងត្រូវដោះលែងវិញ នៅថ្ងៃទី១៥ ខែមីនា នេះហើយ
ដោយ គិតតាំងពីថ្ងៃចាប់ខ្លួន លោកកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់ នៅថ្ងៃទី
១៥ ខែមីនា ឆ្នាំ២០១៣។

លោកបានបញ្ជាក់ថា “តុលាការសម្រេចកាត់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ
ដាក់ទោសពិត ៨ខែ និងនៅសល់ប៉ុន្មានព្យួរ បានន័យថា លោកសូណង់ដូ នឹងដោះលែងនៅថ្ងៃ
ស្អែក ប្រហែលជាម៉ោង ១០ព្រឹក”។

លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត ដែលត្រូវបាននាំមកកាត់ទោស ជាមួយ
លោក ម៉ម សូណង់ដូ ចៅក្រមសម្រេច បន្ធូរទោសពី៥ឆ្នាំមក ១០ខែ ចាប់តាំងពីថ្ងៃចាប់ខ្លួន ហើយ
អ្នកភូមិ២នាក់នោះ នឹងត្រូវ រួចខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣។

កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ តំណាងមហាអយ្យការនៃ សាលាឧទ្ធរណ៍ បានសម្រេច
ប្តូរ បទចោទ ប្រកាន់ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និងញុះញង់មកជាបទល្មើស
ព្រៃឈើវិញ តាមមាត្រា៩៧ ចំណុចទី៦ ដែលត្រូវជាប់ពន្ធនាគារ ពី៥-១០ឆ្នាំ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ