CamNews

ព័ត៌មានជាតិ 

បំផ្លាញគ្រួសារ ច្រើនលើក ច្រើនសារ បងទ្រាំមិនបាន ចាប់ប្រគល់ជូន នគរបាលយកទៅចាត់ការ តាមផ្លូវច្បាប់

ភ្នំពេញ ៖ យុវជនម្នាក់ ដោយសារតែ បំផ្លិចបំផ្លាញ ក្នុងគ្រួសារច្រើនពេក រាប់ឆ្នាំមកហើយរហូតដល់ ក្រុមគ្រួសារទ្រាំលែងបាន ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីជនរូបនេះ ធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិ ក្នុងផ្ទះបំរុងយកទៅលក់ កាលពីវេលាម៉ោង១៤និង៣០នាទី រសៀលនាថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាល បានឲ្យដឹងថា យុវជនខាងលើមាន ឈ្មោះ ស៊ិន ចាន់ណា ឈ្មោះហៅ ក្រៅ ឆក អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ ជាមនុស្ស ពុំសូវនៅផ្ទះសម្បែងនោះទេ ។

មន្រ្តីនគបាល ប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានបងប្រុស របស់ខ្លួនឃាត់ខ្លួន រួចនាំយកមកប្រគល់ ឲ្យនគរបាល បន្ទាប់ពីយុជនខាងលើ ធ្វើសកម្មភាព លួចទូរទស្សន៍ យកទៅលក់ ។

មន្រ្តីនគរបាលបានបន្តទៀតថា កាលវេលាម៉ោង១១ ថ្ងៃដដែល យុវជនរូបនេះ បានជិះ ម៉ូតូឌុបទៅផ្ទះបងប្រុសរបស់គេ នៅភូមិព្រៃល្វា គោល បំណងទៅ លួចទ្រព្យសម្បត្តិ ប៉ុន្តែគោលបំណងធំ គឺលួចកាំភ្លើង របស់បង តាមបក្ខពួករបស់គេបង្គាប់ លុះទៅដល់រកមិនឃើញស្រាប់តែ ឃើញទូរទស្សន៍ប្រភេទ LCD ទំហំ៣២អ៊ិញ នៅជាប់ជញ្ជាំងក៏ដោះយក ហើយរុំ និងសារ៉ុងច្រក ក្នុងការរ៉ុង រួចហៅម៉ូតូ ឌុបជិះចាកចេញ យកមកលក់នៅ ផ្ទះទិញលក់អេតចាយ មួយកន្លែង នៅខាងកើត បញ្ជរបង់ប្រាក់ ចោមចៅ ។

ប៉ុន្តែដោយខុសតម្លៃគ្នា ជនសង្ស័យបាន ផ្ញើទូរទស្សន៍ នៅផ្ទះអេតចាយសិន ហើយបានជិះម៉ូតូឌុបទៅ ភូមិថ្មគោល គ្រាន់ទៅដល់ភ្លាម ត្រូវបានបងប្រុសបង្កើត មកតាមទាន់ ក៏ឃាត់ហៅឲ្យជូន ទៅយកទូរទស្សន៍នៅផ្ទះអេតចាយ បន្ទាប់មកក៏នាំខ្លួនទៅប្រគល់ឲ្យ នគបាល ប៉ុស្តិ៍ចោមចៅ ចាត់ការទៅតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នយុវជនរូបនេះ ត្រូវបាននគរបាលប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនមក កាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ