ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានលើកឡើងពីការចាប់ផ្តើមដំណើរការ នៃផ្លូវដែកកម្ពុជា បន្ទាប់ពីផ្អាកសកម្មភាពជាង៣០ឆ្នាំមកហើយនោះ។
តាមរយៈ Facebook Page សម្តេចចាត់ទុកថា ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជាទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឲ្យវិស័យគមនាគមន៍កម្ពុជា មានមានការវិវត្តល្អប្រសើរឡើងជាលំដាប់ ដើម្បីបំរើតំរូវការរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងពាណិជ្ជករគ្រប់ទីកន្លែង។
សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ «ក្រៅពីកំណាត់ផ្លូវដែក ភ្នំពេញ-កំពត ផ្លូវដែកពី ភ្នំពេញ-សិរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យភ្ជាប់ទៅប្រទេសថៃ ក៏ត្រូវបានជួសជុលស្តារឡើងវិញផងដែរ។ ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជា ទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន។ ការចេញដំណើរផ្លូវរថភ្លើងនេះ បានក្លាយទៅជាប្រវត្តិសាស្រ្តថ្មី ក្រោយពេលខ្សែរថភ្លើងបានគាំង សកម្មភាពជាង៣០ឆ្នាំមកនេះ។ ការរស់ឡើងវិញរបស់ផ្លូវដែកនេះ បានធ្វើឡើងក្រោយពេល ដែលមានការជួយពីប្រទេសអូស្រ្តាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងការចូលមកវិនិយោគរបស់ក្រុមហ៊ុន Royal Railway។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើអោយវិស័យគមនាគមន៍កម្ពុជា មានមានការវិវត្តល្អប្រសើរឡើងជាលំដាប់ ដើម្បីបំរើតំរូវការរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងពាណិជ្ជករគ្រប់ទីកន្លែង។ ដោយសារសន្តិភាពទើបយើងមាន ឱកាសកសាងប្រទេសជាតិឲ្យបាន រីកចម្រើនទៅមុខបែបនេះ»។
សូមជម្រាបថា ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនគ្រប់គ្រងខ្សែរថភ្លើងនោះ បានចាប់ផ្តើមដាក់ដំណើរការសាកល្បង ខ្សែរថភ្លើងដឹកជញ្ជូនអ្នកដំណើរជាលើកដំបូង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីព្រះសីហនុមក ភ្នំពេញវិញ រយៈពេល៩ថ្ងៃ នៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ដោយមានបងប្អូនជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរ គាំទ្រយ៉ាងច្រើន។ ប៉ុន្តែខ្សែរថភ្លើងនេះ ត្រូវបានផ្អាកទៅវិញ។
បុគ្គលិកក្រុមហ៊ុន Royal Railway ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីដាក់ដំណើរការសាកល្បង រថភ្លើងដឹកអ្នកដំណើរ ក្នុងអំឡុងបុណ្យចូលឆ្នាំរួច ប្រសិនបើកមានការគាំទ្រ ពីប្រជាពលរដ្ឋ ក្រុមហ៊ុននឹងពិចារណា ដំណើរការឡើងវិញ ក្នុងលក្ខខណ្ឌណាមួយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី