(ភ្នំពេញ)៖ រថយន្ត Mecerdes ស៊េរទំនើប១គ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីខ្មែរម្នាក់ផងដែរ បានបើកទៅបុកជាមួយរថយន្ត Ford Ranger ១គ្រឿងទៀត ដែលបើកបរដោយបុរសម្នាក់ នៅត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរថយទាំង២គ្រឿង រងនូវការខូចខាតធ្ងន់ តែមិនបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តរងរបួសនោះទេ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ លេខ៣១៥ កែងនឹងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
សាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់នេះ បានឲ្យដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាក Mecerdes ពណ៌ស ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AQ-7572 បើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក Ford Ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AN-2852 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥៦៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកឆ្លងផ្លូវតែឆ្លងបានតែពាក់កណ្តាលប៉ុណ្ណោះ ក៏ត្រូវរថយន្ត Mecerdes ដែលបើកយ៉ាងលឿននោះជ្រុល ទៅបុកចំហៀងខាងស្តាំពេញទំហឹង ហើយបណ្តាលឲ្យរថយន្ត Ford ជ្រុលក្បាលទៅបុកនឹងដើមម៉ៃសាក់១ដើម ដែលដុះនៅមុខភោជនីយដ្ឋាន សួគា៍ ទៅមុខលែងរួច។ ចំណែករថយន្ត Mecerdes វិញបានវិលមួយជុំដែរ តែមិនមានមនុស្សរងរបួសទេ គឺគ្រាន់តែខូចខាតរថយន្តទាំង២តែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុហើយ ម្ចាស់រថយន្តទាំងសងខាង បានទុករថយន្តចោល រួចចាក់ចេញពីកន្លែងកើតហេតុបាត់។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយកទៅទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនទៅដោះស្រាយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី