CamNews

ព័ត៌មានជាតិ 

ភ្លេចឬនៅករណី និស្សិត ចាក់សម្លាប់ស្រ្តីយោធា នៅផ្សារដេប៉ូ តោះទៅមើល ព័ត៌មាន update

(ភ្នំពេញ)៖ ឃាតកម្មចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ត្រូវបានតុលាកាបើកសវនាការរួចហើយ ប៉ុន្ដែត្រូវបានលោកចៅក្រម ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងប្រកាស សាលក្រមនៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ។

អ្វីជាការកត់សម្គាល់ ក្នុងសំណុំរឿងឃាតកម្មនេះ ទាំងចៅក្រមស៊ើបសួរ លោក កែវ មុន្នី និងព្រះរាជអាជ្ញារងលោក ងិន ពេជ បាននាំគ្នា ប្តូរបទចោទប្រកាន់ លើជនជាប់ចោទពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ទៅបទចោទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌទៅវិញ។

ភ្នាក់ងារ Fresh News ប្រចាំតុលាការបានរាយការណ៍ថា នៅក្នុងសវនាការ ចៅក្រមបានធ្វើសេចក្ដីសន្និដ្ឋានចោទពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ជាហេតុធ្វើឲ្យក្រុមគ្រួសាររងជនគ្រោះបារម្មណ៍។ ការបារម្ភនោះគឺតុលាការមិនអាច រកយុត្តិធម៌ត្រឹមត្រូវ មួយឲ្យជនរងគ្រោះបាន ព្រោះពេលចាប់ខ្លួនដំបូង និងយោងតាមចម្លើយសារភាពរបស់ជនដៃដល់ ព្រះរាជអាជ្ញារង និងចៅក្រម បានសម្រេចចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ លុះពេលបញ្ជូនសំណុំរឿងមកជំនុំជម្រះ ស្រាប់តែចេញមកជាបទឃាតកម្មតាមមាត្រា១៩៩វិញ មានន័យថា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ហើយពេលបញ្ជូនទៅតុលាការ នោះចោទពីបទ «ឃាតកម្មគិតទុកជាមុន» លុះពេលដល់ដំណាក់អន្តរកាលស៊ើបអង្កេត និងពេលបើកការសវនាការស្រាប់តែលេចចេញ បទចោទថ្មីទៅវិញ គឺបន្ធូរបន្ថយទោស។  

ដោយសារការព្រួយបារម្មណ៍ លើនីតិវិធីមិនប្រក្រតីដូច្នេះហើយ ទើបក្រុមគ្រួសារជនរងគ្រោះ បានសរសេរលិខិតសុំការជួយអន្តរាគមន៍ ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឲ្យតុលាការផ្ដន្ទាទោសជនដៃដល់ ជាឃាតកឲ្យដល់កំរិតទោសអតិបរមា នៃទោសតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០៖១៥នាទីព្រឹក ឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ បានប្រព្រឹត្ត អំពើឃាតកម្មគិតទុកជាមុន ដោយបានយកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិត សម្លាប់ស្ដ្រីឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ នៅមុខផ្ទះវីង លេខ១២ ផ្លូវ ២១៩ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។

 ក្រោយកើតមានអំពើឃាតកម្ម សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ម៉ី គឹមហេង ហើយជនដៃដល់បានសារភាពថា ខ្លួនគេពិតជាបានសម្លាប់ ជនរងគ្រោះមែន ដោយសារតែកាលពី២ថ្ងៃ មុនមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះស្អប់ខ្ពើមរូបគេជាខ្លាំង ពេលឃើញមុខគ្នាជនរងគ្រោះ ស្ដោះទឹកមាត់ ងាកមុខចេញសម្ដែងនូវការមិនពេញចិត្ត ហើយការស្អប់ខ្ពើមនោះ បានធ្វើឲ្យរូបគេមានគំនុំក្នុងចិត្ត ជាខ្លាំងចង់សម្លាប់ ជនរងគ្រោះឲ្យបាត់រូបពីផែនដីនេះ។

លុះដល់វេលាម៉ោង២១៖៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦ ខ្លួនចង់សម្លាប់ជនរងគ្រោះម្ដងរួចទៅហើយ តែគ្មានឱកាសហើយក៏ ចូលទៅដេកទៅ។ លុះដល់ព្រឹកថ្ងៃទី២១ មិថុនា ខ្លួនគេបានអង្គុយអានសៀវភៅនៅមុខផ្ទះរង់ចាំមើល ជនរងគ្រោះចេញពីផ្ទះព្រោះជាទម្លាប់ ជនរងគ្រោះតែងតែ ទៅផ្សារតែម្នាក់ឯង ដោយពេលនោះ ខ្លួនគេស្លៀកពាក់រង់ចាំរួចជាស្រេច រហូតដល់ម៉ោង៩៖៤០នាទីព្រឹក ក៏ឮសូរបើកទ្វារ ហើយជនរងគ្រោះបានទៅផ្សារតែម្នាក់ឯងមែន។

ពេលនោះរូបគេក៏ទៅផ្ទះបាយ យកកូនកាំបិតចុងស្រួចដង ដាក់ក្នុងហោប៉ៅខោស្ដាំ ឡើងជិះម៉ូតូ តាមពីក្រោយជនរងគ្រោះមកបត់នៅ ផ្លូវលេខ១៥៦ ចាំស្ទាក់ជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះបានដើរមកដល់មុខផ្ទះវេលុយវីង ខ្លួនគេក៏ឈប់ម៉ូតូដើរសំដៅទៅជនរងគ្រោះ ដកកាំបិតចាក់ជាច្រើនកាំបិត បណ្ដាលឲ្យជនរងគ្រោះដួលលើផ្លូវស្លាប់ភ្លាម ទើបខ្លួនគេបោះកាំបិតចោលក្បែរសព ហើយជិះម៉ូតូគេចខ្លួន បាត់ទៅ ហើយរំលងបានមួយថ្ងៃ ទើបសមត្ថកិច្ចចាប់បាន៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Pat napapa