រតនគរី៖ មន្ត្រីកសិកម្មខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សត្វជ្រូកជាង ៧០០ក្បាល នៅស្រុកអូរជុំ ត្រូវបានឈឺងាប់ និងកម្ទេចចោល ក្រោយពីឆ្លងរាលដាលដោយជំងឺបេស្តជ្រូកអាហ្រ្វិក។
ជំងឺប៉េស្តជ្រូកអាហ្រិ្វក ដែលបានផ្ទុះឡើងនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីចុងខែមីនា បានឆ្លងរាលដាលដល់ស្រុកអូរជុំ កាលពីអំឡុងមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឲ្យសត្វជ្រូកដែលប្រជាពលរដ្ឋបានចិញ្ចឹមតាមផ្ទះនោះ បានឈឺ និងងាប់ជាបន្តបន្ទាប់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោកសយ សូណា បានមានប្រសាសន៍ថា គិតមកដល់ម្សិលមិញ សត្វជ្រូកជាង ៧០០ក្បាល ត្រូវបានឈឺងាប់ និងត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល ក្រោយពីបានរកឃើញថាមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្រ្វិក។
លោកថា៖ «បច្ចុប្បន្ន មន្ត្រីរបស់យើងបាននិងកំពុងបន្តតាមដានឃ្លាំមើលបន្ថែមទៀតពីបញ្ហានេះ ព្រោះមេរោគហ្នឹងយើងមើលអត់ឃើញ ហើយសត្វជ្រូកដែលឆ្លងជំងឺនេះវាអត់មានចេញរោគសញ្ញាលើស្បែក ដូចជាកន្ទួលក្រហមអីទេ អីចឹងហើយយើងកំពុងតាមដាន និងស្រាវជ្រាវបន្ថែមថាតើជំងឺនេះកើតមកពីណា»។
លោកសូណា បន្តថា បច្ចុប្បន្ន បើទោះជាមានការហាមឃាត់ការដឹកជញ្ជូនសត្វជ្រូកពីឃុំមួយទៅឃុំមួយ ឬពីស្រុកមួយទៅស្រុកមួយ ប៉ុន្តែនៅតែមានពលរដ្ឋមួយចំនួន នៅតែបន្តដឹកសាច់ជ្រូក និងចំណីជ្រូកលក់តាមភូមិ ដែលធ្វើឲ្យមន្ត្រីជំនាញជួបឧបសគ្គក្នុងការទប់ស្កាត់។
លោកថា៖ «ណាមួយខែហ្នឹងខែក្តៅ សត្វជ្រូកដែលគាត់ចិញ្ចឹមលក្ខណៈគ្រួសារនោះ វាអត់មានចំណី ដែលធ្វើឲ្យអ្នកភូមិត្រូវទិញចំណីឲ្យសត្វជ្រូក អីចឹងយើងក៏សង្ស័យថាវាអាចឆ្លងតាមរយៈចំណីនោះ ហើយមួយទៀតវាអាចឆ្លងតាមសត្វជ្រូកព្រៃដែលវាអាចមានជំងឺនេះដែរ ព្រោះសត្វជ្រូកដែលពលរដ្ឋចិញ្ចឹមនោះគឺពួកគាត់លែងឲ្យវាដើរស៊ីចំណីតាមកម្ពោធព្រៃដែរ អីចឹងយើងកំពុងសិក្សារកមូលហេតុលើរឿងហ្នឹង»។
ប្រជាពលរដ្ឋរស់នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោករម៉ាស់ ឆ្វាត់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សត្វជ្រូកដែលលោកបានចិញ្ចឹមចំនួន៦ក្បាល រួមនិងសត្វជ្រូករបស់អ្នកភូមិមួយចំនួន ក៏បានងាប់ជាបន្តបន្ទាប់ដែរក្នុងអំឡុងខែមេសានេះ។
លោកថា៖ «ពួកខ្ញុំមិនដឹងថាងាប់ដោយសារមូលហេតុអីទេ មិនដឹងថាមកពីអាកាសធាតុក្តៅខ្លាំង ឬដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះទេ ហើយយើងក៏មិនទាន់ឃើញមន្ត្រីកសិកម្មចុះមកឃុំយើងនៅឡើយ ប៉ុន្តែបានឃើញពួកគេចុះទៅឃុំក្បែរហ្នឹង ដោយបាញ់ថ្នាំសម្លាប់មេរោគ និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនៅទីនោះដែរ»។
លោករម៉ាស់ ឆ្វាត់ បានស្នើដល់មន្ត្រីជំនាញចុះទៅពិនិត្យនៅតំបន់របស់គាត់រស់នៅ និងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងនោះ ខណៈដែលពួកគាត់រស់នៅពឹងអាស្រ័យលើការចិញ្ចឹមសត្វ ដើម្បីជួយទំនុកបម្រុងជីវភាព។
កាលពីថ្ងៃទី១១ខែមេសា អភិបាលខេត្តរតនគិរី លោកថង សាវុន បានចេញសេចក្តីណែនាំមួយដល់មន្ត្រីជំនាញ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវអនុវត្តនូវវិធានការមួយចំនួន ក្នុងការទប់ស្កាត់ចលនានាំចេញចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលចេញពីសត្វជ្រូកនៅក្នុងខេត្តនេះ ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។
លោកថា៖ «សមត្ថកិច្ចតាមច្រកទ្វារព្រំដែនអន្តរជាតិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់ការចរាចរសត្វជ្រូក និងផលិតផលសត្វជ្រូកគ្រប់ប្រភេទដែលគ្មានលិខិតអនុញ្ញាត និងមិនត្រូវអនុញ្ញាតឲ្យនាំចេញសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីខេត្តរតនគិរីជាដាច់ខាត លុះត្រាតែមានការជូនដំណឹងជាថ្មី»។
ចាប់តាំងពីជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី២២ខែមីនាមក មានសត្វជ្រូកជិត ៦០០ក្បាលនៅក្នុងស្រុកនេះ ដែលត្រូវបានមន្ត្រីជំនាញសម្លាប់និងដុតកម្ទេចចោល។
បើតាមមន្ត្រីក្រសួងកសិកម្ម និងអង្គការ FAO ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមែនជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់ជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់ ដែលសាច់ទាំងនោះត្រូវបាននាំទៅកាន់កសិដ្ឋានតាមរយៈការផ្តល់កាកសំណល់ផ្ទះបាយជាចំណីជ្រូក។ បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់ ៕