CamNews

ព័ត៌មានជាតិ 

ក្រសួង​ព័ត៌មាន​ ផ្អាក​មិន​អោយ​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ផលិតផល​គ្រឿង​ស្រវឹង​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​ ស្នើ​ដល់​ម្ចាស់​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់ ផ្អាកការផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ផលិតផលគ្រឿង​ស្រវឹង​​តាម​ប្រព័ន្ធផ្សព្វផ្សាយនៅ​ថ្ងៃបុណ្យវិសាខបូជា​ និងមាឃបូជា ជារៀង​រាល់​ឆ្នាំ ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះ​​ពុទ្ធ​សាសនា និង​ស្នើ​ដល់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ពិនិត្យ​លើការ​ស្នើដាក់សារ​ព្រមាន​លើសំបក​កំប៉ុងនិង​ដប​ផលិត​ផល​គ្រឿង​ស្រវឹង។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោកខៀវ កាញរីទ្ធ ​​បាន​ចេញលិខិតទៅ​កាន់​ម្ចាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ កាលពី​អង្គារ និង​ត្រូវបាន​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​ម្សិលមិញ​​ថា​ ​ពិធី​បុណ្យ​វិសាខ​បូជា និងមាឃ​បូជា ត្រូវ​បាន​​រាជ​រដ្ឋាភិបាល​កំណត់​ថា​ជា​ថ្ងៃបុណ្យ​ជាតិ និង​ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​ដល់​​ព្រឹត្តិ​ការណ៍​ពិសេស​ចំនួន​៣ ដែលទាក់ទង​នឹង​ព្រះ​សម្មា​សម្ពុទ្ធ​ប្រសូត្រ ត្រាស់់ដឹង​ និង​ការ​ចូល​និព្វាន​ក្នុង​ថ្ងៃ​ទី​១៥កើត ពេញ​បូរណ៌បីខែ​វិសាខ។

លោកបន្តថា​ ចំណែក​បុណ្យ​មាឃ​បូជា ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ន័យ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធ​​សាសនា​ក្នុងលោក​នៅ​ប្រទេស​ឥណ្ឌា កាលពី​៥៨៨ឆ្នាំ​ មុន​គ្រឹស្តសករាជ​នា​ថ្ងៃ​ទី​១៥កើត​ខែ​មាឃ។ ​

ករណីនេះ លោកបាន​ស្នើ​ថា៖ «ដើម្បី​លើកស្ទួយ​វិស័យ​ព្រះ​ពុទ្ធសាសនា ជា​សាសនារបស់រដ្ឋ​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើស​​លប់​ជា​ពុទ្ធសាសនិក​ជន​ និងរំលឹក​ដល់​ព្រឹត្តការណ៍មួយចំនួន​នោះ សូម​ម្ចាស់​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ផ្អាក​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​​ផលិត​គ្រឿង​ស្រវឹង​នៃ​ថ្ងៃប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​និង​មាឃ​បូជា រៀង​រាល់​ឆ្នាំ តាម​កាល​បរិច្ឆេត​ជាក់​ស្តែងក្នុង​ឆ្នាំ​និមួយៗ»។


ស្រប​ពេល​គ្នា​នេះ​ដែរ ​លោកខៀវ កាញារីទ្ធ ក៏បាន​ផ្ញើ​លិខិត​ស្នើ​​ទៅកាន់​ក្រសួង​ឧស្សា​ហ​កម្ម និង​សិប្បកម្ម ប្រាប់​ទៅ​ក្រុម​ហ៊ុន​ផលិត​គ្រឿង​​ស្រវឹង​នៅក្នុងស្រុក​ទាំងអស់ ដាក់​សារ​​​ព្រមាន​​នៅលើសំបក​កំប៉ុង និង​សំបក​ដប​ផលិត​ផល​គ្រឿង​ស្រវឹង​ ដូចជា​សារ​ព្រមាន «ពិសារ​គ្រឿង​ស្រវឹងសូម​កុំ​បើក​បរ» ដែលអាច​ជួយ​ពញ្ញាក់​អារម្មណ៍​អ្នក​ទទួលទាន​គ្រឿ​ង​ស្រវឹង​​ឲ្យ​ទទួល​ទាន​ដោយ​មានការ​ទទួល​ខុស​ត្រូវ​ និង​ជៀស​វាង​ការ​ទទួល​ទាន​ហួស​ប្រមាណ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុ​ខ​ភាព​ អាយុជីវិត និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍។

ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី គណៈប្រតិភូ​ក្រសួង​ព័ត៌មាន បាន​ជួប​ប្រជុំពិភាក្សា​​ជាមួយ​សមាជិក​ឧត្តម​​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោ​បល់ កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មេសា ដើម្បីពិនិត្យ​​អំពីផល​ប៉ះ​ពាល់​នៃការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​​ហួស​បរិមាណ។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម លោក​ អ៊ុំ សុថា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃព្រហស្បត្តិ៍​នេះថា លោក​នៅពុំ​ទាន់​​បាន​ឃើញ​លិខិត​នោះ​នៅឡើយ ហើយ​​ការ​ឆ្លើយ​​តប​យ៉ាង​ណា​នោះ គឺ​រង​ចាំ​ការពិនិត្យ​និង​​សម្រេច​ពីថ្នាក់​ដឹកនាំ​ក្រសួង​សិន។ លោកថា៖ «​ប្រហែលជា​លិខិត​នោះដាក់ទៅ​ខុទ្ទកាល័យ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម អីចឹង​រង​ចាំ​គាត់​ពិនិត្យ​ និងមាន​ចំណារ​សិន បាន​​យើង​អាច​ឆ្លើយតប​បានចំពោះការ​ស្នើ​នោះ»។

សម្រាប់​​ លោក​អ៊ុំ សុថា យល់ថា ការ​ដាក់​ជា​សារ​ព្រមាន «ពិសារ​គ្រឿង​ស្រវឹងសូម​កុំបើក​បរ» ​នៅ​លើ​សំបក​កំប៉ុង និង​​សំបក​ដប​ផលិត​ផល​គ្រឿង​ស្រវឹង​នេះ ក៏ជាការ​ពញ្ញាក់​ស្មារតី​ដល់អ្នក​ទទួល​ទាន​​ កុំឲ្យ​បើក​បរ​ក្នុងពេល​ស្រវឹង ឬ​ទទួល​ទាន​ហួស​ប្រមាណដែលធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ និងសង្គម។ លោកថា៖ «ខ្ញុំគិតថា បើសិនជា​ដាក់​សារ​ព្រមាន​នេះ ក៏​អាច​​​ជួយពញ្ញាក់​ស្មារតីដល់​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹងដែរ​ ដូចថា​ ​​​​ម្នាក់​ៗ​នៅ​ពេល​​ដែល​​យើង​លូក​ដៃ​យកឬ​ទិញ​​​របស់​[ផលិត​ផល​គ្រឿង​ស្រវឹង​​]​ហ្នឹង​មក​ទទួល​ទាន ហើយ​ឃើញ​សារ​នេះ អីចឹង​ពួកគេ​អាច​ភ្ញាក់ស្មារតីមិន​ទទួល​ទាន​ច្រើន​ឬ​មិន​ទទួល​ទាន​​ដែរ​​ អីចឹង​ខ្ញុំគិត​ថា​ល្អ​បើ​សិន​​មានការ​ដាក់សារនេះ»។

លោកវេជ្ជ​បណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការចល​នាដើម្បីសុខ​ភាព​កម្ពុជា បាន​សាទរ​ចំពោះវិធានការ​ដែល​លើក​ឡើង​​ដោយ​​ក្រសួង​​ព័ត៌មាននៅពេល​នេះ ដែលជា​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពីផល​ប៉ះ​ពាល់​នៃ​គ្រឿង​ស្រវឹង។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ធ្ងន់​ធ្ងរ​ដែល​បង្កឡើង​ដោយការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នេះ លោក​បាន​ជំរុញ​ឲ្យ​ក្រសួង និង​​​ស្ថាប័ន​ពាក់​ព័ន្ធ ដាក់ចេញ​នូវ​វិធានការ​ផ្សេង​ៗបន្ថែម​​ទៀត ដូចជា​​ការ​កំហិត​ការ​ផ្សាយ​ពាណិជ្ជ​កម្ម និងកំហិត​លើការ​លក់​ផលិត​ផល​គ្រឿង​ស្រវឹង​ជា​ដើម។

លោកថា៖ «​វិធានការ​ទោល​តែ​​មួយ​ណា​នោះ អត់​មានប្រសិទ្ធិភាពគ្រប់​​គ្រាន់​ក្នុងការ​កាត់​បន្ថយការ​សេព​គ្រឿង​ស្រវឹង​ទេ អីចឹង​ក្រសួង​ពាក់ព័ន្ធគួរ​តែ​មាន​វិធានការ​ជាកញ្ចប់​ ដូចជា​ការ​ហាម​ ឬកំហិត​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ដែលជា​មូល​ហេតុ​ចម្បង​មួយ​​ដែលនាំ​ឲ្យប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​​បាន​ប្រើប្រាស់គ្រឿង​ស្រវឹង ហើយចាប់​ផ្តើមប្រើ​ប្រាស់​​ក្នុង​វ័យ​កាន់​​តែ​​ក្មេង អីចឹង​យើង​ត្រូវ​មានវិធានការ​រួមផ្សំ​ផ្សេង​ៗ​ទៀត ដើម្បី​ដោះស្រាយ​ករណី​នេះ​ឲ្យមាន​ប្រសិទ្ធិ​ភាព»។

បើតាម​​លោក​វេជ្ជ​បណ្ឌិត មុំ​ គង់ ការសេព​គ្រឿង​ស្រវឹង​ បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ចំនួន​៤យ៉ាងសំខាន់​​​​ ក្នុងនោះ​រួម​មាន បង្ក​ឲ្យមាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាពដែល​អាច​​​កើតមាន​ជំងឺ​ជាង ២០០មុខ, បង្កើត​​ឲ្យមាន​អំពើ​ហិង្សា, បណ្តាល​​ឲ្យមានគ្រោះ​ថ្នាក់ចរាចរណ៍​ និង​ការសេពគ្រឿង​ស្រវឹងក៏ជា​ផ្នែកមួយ​យ៉ាង​សកម្ម​ធ្វើ​ឲ្យ​មាន​ភាព​ក្រី​ក្រ​ផង​ដែរ ៕


ប្រភព ៖ khmertimes​


Tags: Local news Social news