CamNews

ព័ត៌មានជាតិ 

គ.ជ.ប ចាប់ផ្តើម​ ប្រកាសលទ្ធផល ផ្លូវការដោយ មិនស្តាប់ការ គំរាមរបស់ CNRP

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) នៅព្រឹកថ្ងៃអាទិត្យនេះ បាន
ប្រកាសលទ្ធផល បោះឆ្នោតជាផ្លូវការតាមការគ្រោងទុករបស់ខ្លួន បើទោះបីជាមានការគំរាម និង
ស្នើសុំពីគណបក្សសង្រ្គោះជាតិ  (CNRP) មិនឱ្យ គ.ជ.ប ប្រកាសលទ្ធផល ដរាបណាការបង្កើត
គណៈកម្មការចម្រុះឯករាជ្យ មិនទាន់ត្រូវបាន បង្កើតទេនោះ។

លោក ទេព នីថា បានថ្លែងនៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ គ.ជ.ប នាថ្ងៃសុក្រទី០៦ ខែ
កញ្ញា ឆ្នាំ២០១៣ ថា ទោះបីជាមានការគំរាមបែបណាក្តី គ.ជ.ប នៅតែបំពេញភារកិច្ចរបស់ខ្លួន ទៅ
តាមច្បាប់កំណត់ នៅក្នុងការប្រកាស លទ្ធផលផ្លូវ នៃការបោះឆ្នោត តាមកាលបរិចេ្ឆទ ដែលបាន
គ្រោងទុក។

នៅក្នុងពិធីមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ ម្សិលមិញ លោក
កឹម សុខា អនុប្រធាន CNRP បានថ្លែងទៅកាន់អ្នកគាំទ្រ ដែលមានកាន់ផ្កា និងបដាទាមទារមួយ
ចំនួនផងដែរ នោះថា “ប្រសិនបើ នៅមិនទាន់មានគណៈកម្មការ (ចម្រុះ) ឯករាជ្យ ត្រូវបានបង្កើត
ទេនោះ ហើយ គ.ជ.ប នៅតែរឹងទទឹង ប្រកាសលទ្ធផលទៀតនោះ គណបក្សសង្រ្គោះជាតិ នឹងបន្ត
ធ្វើមហាបាតុកម្មអហិង្សា ទ្រង់ទ្រាយធំតទៅទៀត”៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ