CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុនថៃមួយ សហការបោះទុនវិនិយោគ ១១ពាន់លានដុល្លារ ស្ថាបនាប្រព័ន្ធទឹកស្រោចស្រព វិស័យកសិកម្មទូទាំង

(ភ្នំពេញ)៖ ក្រុមហ៊ុនថៃមួយ បានសហការជាមួយនឹង សហគមន៍ចម្រាញ់កសិផលប៉ៃលិនជឿនលឿនកម្ពុជា ធ្វើការវិនិយោគរួមគ្នានូវទឹកប្រាក់ ប្រមាណ១១ពាន់លានដុល្លារ ដើម្បីស្ថាបនាប្រព័ន្ធបណ្តាញទឹក ស្រោចស្របបម្រើដល់វិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា។

តាមកម្រោងការវិនិយោគរួមគ្នា របស់ក្រុមហ៊ុន CMLV Holding Co Ltd និងសហគមន៍ចម្រាញ់ កសិផលប៉ៃលិនជឿនលឿនកម្ពុជា នឹងធ្វើការបង្កប់ទុរយោទឹកក្រោមដី នៅពោសពេញប្រទេសកម្ពុជា ដោយយកប្រភពទឹកបម្រើកសិកម្មពីទន្លេមេគង្គ និងទន្លេសាប ដើម្បីបម្រើការស្រោចស្រពទូទាំងប្រទេសកម្ពុជា។

ពិធីចុះកិច្ចព្រមព្រៀង លើគម្រោងស្រោចស្រព វិស័យកសិកម្មទូទាំងប្រទេសកម្ពុជានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារ៉ី។

លោក សុន ស៊ីណា ប្រាធានសមាគមចម្រាញ់ កសិផលប៉ៃលិនជឿនលឿនកម្ពុជា បានថ្លែងប្រាប់ Fresh News ថា គម្រោងនេះបាន និងកំពុងចាប់ផ្តើមដំណើរការហើយ ដោយដំបូងចាប់ផ្តើមពី ខេត្តបន្ទាយមានជ័យ ហើយត្រូវប្រើពេលរហូតដល់៥ឆ្នាំ ដើម្បីសម្រេចផែនការ ទូទាំងប្រទេសកម្ពុជា។

លោក សុន ស៊ីណា បានបញ្ជាក់ថា គម្រោងស្រោចស្រពទឹក បម្រើវិស័យកសិកម្មនេះ មានវិសាលភាពស្មើនឹងបណ្តោយប្រទេសកម្ពុជា ហើយដំណើរការ នឹងធ្វើទៅតាមដំណាក់កាល ពោលការតភ្ជាប់បណ្តាញទុរយោទឹកដល់ខេត្តណា ខេត្តនោះនឹងមានទឹកប្រើប្រាស់។

ប្រធានសហគមន៍ដដែល បានបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពទឹក បម្រើដល់វិស័យកសិកម្មនេះ គឺប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ ដោយមិនមានប្រើប្រាស់ម៉ាស៊ីន និងប្រេងឥន្ធនៈនោះឡើយ ដែលនេះហើយជាលក្ខណៈវិសេសរបស់គម្រោង ដែលធ្វើបរទេសចាប់អារម្មណ៍។

លោក សុន ស៊ីណា បានថ្លែងបញ្ជាក់ថា «គោលបំណងដែលយើងបង្កើត គម្រោងស្រោចស្រពនេះឡើង គឺដើម្បីជួយដល់កសិករ ដែលមានជីវភាពខ្វះខាត ជួយកាត់បន្ថយការចំណាយ ទៅលើបញ្ហាសុខភាព ដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត។ គម្រោងនេះក៏នឹង ជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ លើបញ្ហាប្រើប្រាស់ទឹកផងដែរ»។

លោក សុខ ប្រកប ប្រធានក្រុមហ៊ុន CMLV Holding Co Ltd បានថ្លែងបញ្ជាក់ថា ការដែលក្រុមហ៊ុនរបស់លោកសម្រេចបោះទុន វិនិយោគនៅពេលនេះ គឺដើម្បីឆ្លើយតបនូវតម្រូវការ ដ៏ចាំបាច់បំផុត របស់ប្រជាពលរដ្ឋកម្ពុជា លើបណ្តាញប្រព័ន្ធស្រោចស្រព ក្នុងវិស័យកសិកម្ម ហើយដោយសារតែមាន ដៃគូដែលមានបទពិសោធន៍ និងភាពវៃឆ្លាត របស់លោក សុន ស៊ីណា ជាមួយនឹងបច្ចេកវិទ្យាថ្មី ប្រព័ន្ធធារាសាស្ត្រទំនើប ដែលជាគោលដៅ ដ៏ចាំបាច់បំផុតរបស់ប្រទេសកម្ពុជា ឡាវ វៀតណាម។

លោកបានបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពទំនើបនេះ នឹងជួយកាត់បន្ថយការចំណាកស្រុក ប្រជាពលរដ្ឋកម្ពុជា ទៅកាន់បរទេសបាន ព្រោះវិស័យកសិកម្ម នឹងមានការរីកចម្រើន នៅពេលដែលប្រព័ន្ធធារាសាស្ត្ររបស់កម្ពុជា កាន់តែទំនើបនោះ។

គម្រោងប្រព័ន្ធស្រោចស្រព លើវិស័យកសិកម្មទូទាំងប្រទេសកម្ពុជានេះ គឺពិតជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយប្រសិនបើ វិសាលភាពរបស់បណ្តាញស្រោចស្រពនេះ បានពោសពេញប្រទេសកម្ពុជាមែន នោះបញ្ហាខ្វះខាតទឹក ប្រហែលជាលែងជាបញ្ហាបារម្ភទៀតហើយ៕

 



ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh