(អូស្រ្តាលី)៖ ទស្សនិកជន ពិតជានៅចាំបានថា ស្រីស្អាត ប្រាសាទ ដាវីន ក្នុងវ័យ១៧ឆ្នាំ ប្រាសាទ ដាវីន មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣។ ប៉ុន្តែអ្វីដែលធ្វើឲ្យស្រីស្អាត មានឈ្មោះល្បីម្នាក់នេះ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ រហូតមកដល់សព្វថ្ងៃនេះ ព្រោះតែការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីនាងជួបប្រទះនូវរឿងរ៉ាវ ជនអនាមិកបង្កៃគ្រាប់បែកក្នុងផ្ទះរបស់នាង កាលពីអំឡុងឆ្នាំ២០០៨ ធ្វើឲ្យនាងជម្លៀសខ្លួនចេញពីប្រទេសកម្ពុជា តាំងពីពេលនោះមក។
ជាមួយនឹងរាងខ្ពស់ស្រឡះ រហូតដល់១,៧៥ម. តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារីបែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានដើរលើវិថីសិល្បៈគួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់នាង កាន់តែច្បាស់នោះ គឺតាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ ដែលនៅពេលនោះ សូម្បីតែតារាជើងចាស់មួយចំនួន ក៏ស្ទើរតែមិនអាចទប់ជាប់ នឹងទេពកោសល្យសិល្បៈរបស់នាងដែរ។
ខណៈដែលភាពល្បីល្បាញ កំពុងតែហក់ឡើងខ្ពស់ នៅក្នុងឆ្នាំ២០០៨ តារារូបនេះ ក៏មានឱកាសបាន ទៅសម្តែងនៅប្រទេសបារាំង។ ស្របគ្នានឹងការចាកចេញ ពីប្រទេសមិនទាន់បាន១សប្តាហ៍ផង ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែក និងគ្រាប់កាំភ្លើង ភ្ជាប់ជាមួយសំបុត្រមួយច្បាប់ បោះចូលទៅក្នុងផ្ទះរបស់នាង នៅថ្ងៃទី១៦កញ្ញា ឆ្នាំ២០០៨ ដើម្បីជាការគំរាម និងប៉ុនប៉ងដល់អាយុជីវិតនាង និងគ្រួសារ។
ទោះបីជាមានឪពុកជាមន្ត្រីយោធាក៏ដោយ ក៏ភាពភ័យខ្លាច នៅតែកើតមានចំពោះ ប្រាសាទ ដាវីន និងក្រុមគ្រួសារដដែល ហើយករណីនេះបានតម្រូវឲ្យដាវីន ត្រូវភៀសខ្លួន ទៅក្រៅប្រទេសជាច្រើនឆ្នាំ ទើបតែនៅពេលនេះ ដែលនាងហ៊ានចេញមុខ នៅប្រទេសអូស្ត្រាលី និងហ៊ានវិលមកកម្ពុជាជាថ្មី។
អ្នកនៅប្រទេសអូស្ត្រាលី និយាយថា ការរស់នៅរបស់ ប្រាសាទដាវីន មានជីវភាពធូរធារធម្មតា ព្រោះនាងមានការងារធ្វើ បានទទួលការទំនុកបម្រុង ពីស្វាមីនិងក្រុមគ្រួសារទាំងស្រុង ហើយតារារូបនេះ ក៏ប្រហែលជាលែងចង់ មករស់នៅស្រុកខ្មែរវិញដែរ ព្រោះនាងកំពុងរៀបចំ គ្រួសារដ៏ល្អមួយនៅទីនោះ។ ក្រៅពីមានជីវភាពធូរធា រូបសម្រស់នាង ក៏មិនធម្មតា ពិសេសនាង បានព្រលែងខ្លួន ក្នុងឈុតហែលទឹក ហើយបានលេងយោហ្គា ដែលជាកីឡាកាយវប្បកម្ម សម្រាប់នារីៗ ហើយរូបរាងនាង នៅតែសិចស៊ីខ្លាំង មិនចាញ់ជំនាន់នាង ប្រឡូកសិល្បៈកាលពី៨ឆ្នាំមុនឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង