CamNews

ទេសចរណ៍ 

កម្ពុជានិង ពង្រីកដែន ឧទ្យានជាតិ រួមនិងជំរុញធ្វើការ សិក្សាឧទ្យានសមុទ្រ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក សាយ សំអាល់ ក្នុងសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមករា នេះ បានបញ្ជាក់អះអាងថា កម្ពុជានិងមាន គម្រោង ពង្រីកដែនឧទ្យានឲ្យបានច្រើន ហើយនៅឆ្នាំ២០១៥-២០១៦ ខាងមុខនេះ កម្ពុជាក៏និងធ្វើការសិក្សា អំពីការបង្កើតដែន ឧទ្យាន សមុទ្រផងដែរ ។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ការបង្កើតឧទ្យាន សមុទ្រនេះ គឺជាកិច្ចការដែលក្រសួង និងអាជ្ញាធរ ពាក់ព័ន្ធកំពុងគិតគូរដែរ ព្រោះថាស្រុកខ្មែរមិនមានការស្រាវជ្រាវបែបវិទ្យាសាស្រ្តនោះច្រើនទេ ការរៀបចំទាំងអស់ ត្រូវទាមទារឲ្យមានការសិក្សាថា តើត្រូវអភិរក្សអ្វីដែល មាននៅក្នុងនោះ។ លោកបន្តថា “ទាំងនេះគឺត្រូវតែសិក្សា ទោះបីមិនបានលំអិត តែត្រូវមានកម្រិតមួយអាចទទួលយកបាន នៅឆ្នាំ២០១៥ ឆ្នាំ២០១៦នេះ”។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងក៏និងពង្រីកដែន ឧទ្យានបន្ថែមទៀត ហើយនៅដីគោកសព្វថ្ងៃនេះ មានតំបន់ព្រះវិហារ កំពុងតែគិតគូររៀបចំ ដីទំហំល្បាក៤ម៉ឺនហិកតា ទៅជា ឧស្សាន ហើយតំបន់អង្គរក៏រៀបចំទៅជាឧទ្យានដែរ ដោយឡែកចំពោះសមុទ្រ រដ្ឋបាលជលផលបាន ធ្វើមួយជំហានធំហើយ ក្នុងការរៀបចំឧទ្យានសមុទ្រនេះ។

ជាមួយគ្នានោះលោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា ការរៀបចំឧទ្យានសមុទ្រ គឺមានការពាក់ព័ន្ធនឹង រដ្ឋបាលជលផល និងអាជ្ញាធរខេត្ត វាមិនមែន ត្រឹមតែក្រសួងបរិស្ថាននោះទេ បច្ចុប្បន្ននេះ របបការងារ ផ្លាស់ប្តូរបន្តិច ពីមុនថ្នាក់មជ្ឈឹម តែងតែរៀបចំដោយមិនមានការចូលរួម ពីអាជ្ញាធរថ្នាក់ ក្រោមជាតិ ប៉ុន្មាននោះទេ ប៉ុន្តែឥឡូវចង់ឲ្យមានការចូលរួមច្រើនជាមុន ។ ថ្នាក់ក្រសួង គឺអាចបង្កើតជាឧទ្យានបានមែន ប៉ុន្តែអ្នកថែមទាំផ្ទាល់គឺ អាជ្ញាធរខេត្ត ឥឡូវនៅតាមតំបន់អភិរក្សទាំងអស់ គឺការគ្រប់គ្រងរួម រវាងក្រសួង និងថ្នាក់ខេត្ត ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កម្ពុជាមានឧទ្យានជាច្រើនកន្លែង ដូចជា ឧទ្យានជាតិព្រះ សុរាម្រិត កុសុមៈគីរីរម្យ, ឧទ្យានជាតិបុទុមសាគរ មានទីតាំងស្ថិតនៅខេត្តកោះកុង, ឧទ្យានជាតិមុនីវង្សបូកគោ មាន ទីតាំងនៅខេត្តកំពត, ឧទ្យានជាតិកែប មានទីតាំងនៅខេត្តកែប, ឧទ្យានជាតិព្រះសីហនុរាម ស្ថិត នៅខេត្ត ព្រះសីហនុ, ឧទ្យានជាតិភ្នំគូលែន ស្ថិននៅខេត្តសៀមរាប និងឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Tourism Cambodia PP