(ក្រុងឡុងដ៍)៖ ក្លឹបជើងឯកអង់គ្លេស Leicester City សម្រេចចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអ៊ីតាលីហើយ ក្រោយពីដឹកនាំក្លឹបកញ្រ្ជោងខៀវមួយនេះឈ្នះជើងឯកក្របខណ្ឌកំពូលអង់គ្លេស Premier League នារដូវកាលមុន នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។
វាមានរយៈពេលត្រឹមតែ ៩ខែប៉ុណ្ណោះ បន្ទាប់ពីគ្រូបង្វឹកជនជាតិអ៊ីតាលីខាងលើនេះបានដឹកនាំ Leicester City ឈ្នះ ជើងឯក Premier League កាលពីរដូវកាលមុនឆ្នាំ២០១៥-២០១៦ ក្រោយត្រូវបានតែងតាំងជាគ្រូបង្វឹកធំដឹកនាំក្លឹបនេះកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយទទួលបានជ័យនៅក្លឹបគិតជាភាគរយ ៤៤%ប៉ុណ្ណោះ។
Leicester City បានកំពុងប្រឈមមុខនឹងការធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ របស់អង់គ្លេសវិញ (Championship) នារដូវកាលក្រោយ គ្រាដែលមានតែ ១ពិន្ទុប៉ុណ្ណោះនៅក្រៅតំបន់កាត់ចោល ដែលនៅសល់ ១៣ប្រកួតបិទរដូវកាលវិញ ហើយនោះ។ មួយវិញទៀត ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ក្រុមកញ្រ្ជោង Leicester City ក៏បានប្រកួតចាញ់ម្ចាស់ផ្ទះ Sevilla ២-១ ផងដែរសម្រាប់ជើងទី១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង