CamNews

តារា 

កា បញ្ញាសិទ្ធ ត្រូវ​ទស្សនិក​ជន រិះ​គន់​យ៉ាង​ចាស់​ដៃ​ថា ចំឡង​បទ​ចម្រៀង​ពី​តារា​ថៃ​ទាំង​ដុល (Video)

(ភ្នំពេញ)៖ អតីតតារាចម្រៀង ក្នុងផលិតកម្ម ក្លាស៊ីក លោក កា បញ្ញាសិទ្ធ ​និងត្រូវជាមិត្តស្និទ្ធស្នាលរបស់លោក រាជ បុរី ត្រូវបានគេមើលឃើញថា លោកមិនសូវមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញខ្លាំង ក្នុងសិល្បៈ​ប៉ុន្មានទេ បើទោះបីជា​ប្រឡូក សិល្បៈច្រើនឆ្នាំ​មកហើយក្ដី​​។ ថ្មីៗនេះ សម្រាប់តារាចម្រៀង កា បញ្ញាសិទ្ធ ត្រូវបានអ្នកនិយម លេងបណ្ដាញសង្គម Facebook ជាច្រើន ធ្វើការិះគន់ខ្លាំងៗ ចំពោះលោក ក្រោយពីបកស្រាយនូវចម្រៀងមួយបទ ហើយអ្នកទស្សនាគិតថា ជាការបកស្រាយ និងសម្ដែងចំឡង​ពីតារាចម្រៀងថៃ ខណៈដែលតារាចម្រៀងខ្មែរជាច្រើន កំពុងតែងាកមកផលិត និងនិពន្ធបទថ្មី ដោយមិនចំឡង​ពីបរទេស។ 

​ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា លោក កា បញ្ញាសិទ្ធ ថ្មីៗនេះ បានឡើយសម្ដែងនៅស្ថានីយទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «ស៊ូភើសាន់ដេ» ដែល​បានរាំច្រៀងយ៉ាងញាក់សាច់ ក្នុងបទចម្រៀងថ្មី មានចំណងជើងថា «នារី»។ បទចម្រៀង «នារី» របស់លោក កា បញ្ញាសិទ្ធ ត្រូវបានចំឡងពីបទចម្រៀងថៃ មានចំណងជើងថា «មេរី» ដែលជាបទចម្រៀង ថៃបុរាណ មកកែជាបទចម្រៀងថ្មី ដែលក្នុងបទចម្រៀងថៃ​ដើម ដកស្រង់ពីរឿង «រិទ្ធីសែន នាងកង្រី» ថៃ បកស្រាយដោយនាង «ករៈតែ» តារាចម្រៀង ក្នុងផលិតកម្ម «អែស្យ៉ាម» ។

លោក កា បញ្ញាសិទ្ធ ត្រូវទស្សនិកជនរាប់ពាន់នាក់ រិះគន់ជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះមានអ្នក Share ( ចែករំលែក) បទចម្រៀងរបស់លោក ដល់ទៅជិត១២០០នាក់ តែគ្មាននរណាសរសើរលោកទេ មានតែជេរ រិះគន់ ព្រោះលោកធ្វើឲ្យប្រទេសជាតិ​អាប់ឱនមុខមាត់ ដោយសារលោកចំឡងគេសាហាវពេក ពោលគឺចំឡងទាំងទំនុកច្រៀង សាច់ភ្លេង ថែមទាំងក្បាច់រាំទៀត ពិតជាមិនសរសើរមិនបានមែន ព្រោះ​យកមុខមាត់ជាតិ ទៅលក់ទាំងរស់ គ្មានអ្នកសប្បាយចិត្តជាមួយលោកឡើយ។

​តារាចម្រៀង កា បញ្ញាសិទ្ធ មិនអាចទាក់ទងបានទេ ជុំវិញការបញ្ចេញមតិរិះគន់ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រឿងចំឡងបទចម្រៀងពីបរទេស រួចយកមកសម្ដែង នៅលើឆាកតន្រ្តីនេះ ៕

 

*បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ពីលោក បញ្ញាសិទ្ធ



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Phanhaseth