CamNews

ព័ត៌មានជាតិ 

លោក ស ខេង ទទួលស្គាល់ ការចល័តទ័ព​ ចូលក្រុង គឺដើម្បីរក្សាសន្ដិសុខ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ
សន្ដិសុខ ការពារការបោះ ឆ្នោតបានថ្លែងថា នៅប៉ុន្មានថ្ងៃនេះពិតជាមានការចល័តទ័ព និងរថ
ពាសដែកប្រាកដ មែន ជាពិសេសចូលរាជធានីភ្នំពេញ តែ សកម្មភាពខាងលើនេះ គឺគ្រាន់តែជា
ការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គមតែប៉ុណ្ណោះ បន្ទាប់ពីគណបក្សប្រឆាំងបាន ប្រកាសគំរាម
ធ្វើមហាបាតុកម្មប្រឆាំង ទៅនឹងលទ្ធផលបោះឆ្នោត នាពេលកន្លងទៅថ្មីៗនេះ ។

លោកឧបនាយករដ្ឋមន្ដ្រីស ខេង បានថ្លែងយ៉ាងដូច្នេះ ប្រាប់ដល់អ្នកកាសែតនៅ ព្រឹកថ្ងៃទី០៩ ខែ
សីហា ឆ្នាំ ២០១៣ នេះ ខណៈដែលលោកចេញពីជួបពិភាក្សា ជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល
ជាតិមក ពី១០ ស្ថាប័ន នៅទីស្ដីការក្រសួងមហាផ្ទៃរួចមក ។

ថ្លែងប្រាប់អ្នកកាសែតលោកឧបនាយក រដ្ឋមន្ដ្រី ស ខេង បានអះអាងថា ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ
ពិតជាមានការចល័តកងទ័ព ពិសេសចូលក្នុងរាជធានីភ្នំពេញ ។ប៉ុន្ដែ សកម្មភាពចល័តទ័ពដោយមាន
ទាំងរថពាសដែកផងនោះ គឺដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បន្ទាប់ពីគណបក្សប្រឆាំង
ប្រកាសធ្វើបាតុកម្មតវ៉ា ទៅនឹងលទ្ធផលបោះឆ្នោត ។ លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះ
ថា “ការពិតគឺថា ប្រហែលជាព័ត៌មាននេះមិនខុសទេ ជាព័ត៌មានមួយត្រឹមត្រូវ។ កន្លងទៅនេះឯកឧត្ដម
សម រង្ស៊ី ចេះតែមានយោបល់ជាបន្ដបន្ទាប់ ពីកន្លែងមួយទៅកន្លែងមួយអំពីមហាបាតុកម្ម ហើយធម្មតា
ប្រទេសណាក៏ដោយ តែងតែមានភារកិច្ចដើម្បីរក្សាសន្ដិសុខ ស្ថិរភាព សម្រាប់ប្រទេស ។ តើឯកឧត្ដម
សម រង្ស៊ី អាចនឹងគ្រប់គ្រងអ្នកដែលចូលរួមធ្វើបាតុកម្ម ឬមិនបាន ? នេះហើយជាការព្រួយបារម្ភរបស់
យើងទាំងអស់គ្នា មិនមែន តែរដ្ឋាភិបាលទេ”។

លោក ស ខេង បានបន្ថែមថា ការចល័តទ័ពនេះ គ្មានបំណងអ្វីទៅគំរាមកំហែងប្រជាពលរដ្ឋនោះទេ។
ប៉ុន្ដែ ធម្មតារដ្ឋាភិបាល ត្រូវមានភារកិច្ចរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរក្សាសន្ដិភាព ។ បើសិនបាតុ
កម្ម នោះជាបាតុកម្មដោយសន្ដិភាព ស្របតាមច្បាប់ លោកធានាថា ពិតជាមិនមានបញ្ហាអ្វីកើតឡើង
ឡើយ ។

ដោយឡែកពាក់ព័ន្ធទៅនឹងករណីភេរវកម្ម ធ្វើឱ្យផ្ទុះគ្រាប់បែកនៅក្បែររបងសាលាដំបូង រាជធានីភ្នំ
ពេញ រួមទាំងការផ្លុងចោលនូវគ្រាប់ អឹម៧៩ នៅមាត់ទ្វារផ្ទះប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ ដែល
នាំឱ្យមានការភ្ញាក់ផ្អើល នៅក្នុងចំណោមមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីនោះ ត្រូវបានលោកឧប
នាយករដ្ឋមន្ដ្រីស ខេង ធ្វើការអះអាងថា មិនទាន់វែករកមុខអ្នកបង្កហេតុឃើញនៅឡើយទេ តែ
លោកបានបញ្ជាឱ្យស្រាវជ្រាវ លំអិតយ៉ាងម៉ត់ចត់ ទាក់ទិននឹងបញ្ហានេះរួចហើយ ។ ក្នុងនោះលោក
បានលើកឡើងថា ករណីខាងលើនេះ អាចមានភាគីទី៣ ចង់បង្កចលាចលសង្គម ដោយលោកអះ
អាងថា  ប្រហែលជាមានកម្លាំងទី៣ ណាមួយ ដែលអាចបង្កើតបញ្ហានេះ ដើម្បីបង្កចលាចល ។

សូមបញ្ជាក់ថា ស្ថានការណ៍កំដៅនយោបាយនៅក្រោយការបោះឆ្នោតបើគិតរហូត មកដល់នឹងថ្ងៃទី
០៩ខែសីហា នេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានសភាពធូរស្រាលមកវិញ បន្ទាប់ពីគណ
បក្ស ប្រឆាំង គឺគណបក្សសង្គ្រោះជាតិបានបន្ទន់ឥរិយាបថបន្ដិចមកវិញ ដោយពួកគេបានសុខចិត្ដ
ចាត់តាំងមន្ដ្រី របស់ខ្លួនចំនួន ៣ រូប ជួបពិភាក្សាគ្នាជាមួយនឹងមន្ដ្រីគណបក្សប្រជាជនដើម្បីរកដំ
ណោះស្រាយជាបន្ដ ទៀត ហើយលក្ខខណ្ឌទាមទាររបស់ខ្លួន ដែលសូមឱ្យតំណាង យូអ៊ិន មកធ្វើ
ជាអាជ្ញាកណ្ដាលនៅក្នុងការរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា មានភាពមិន
ប្រក្រតីនៅមុន និងពេលបោះឆ្នោតនោះ គឺគណបក្សប្រឆាំងបានស្នើសុំឱ្យមានតំណាង យូអ៊ិន គ្រាន់
តែមកធ្វើជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ ។ ប៉ុន្ដែ កិច្ចពិភាក្សាគ្នានៅព្រឹក ថ្ងៃទី០៩ ខែសីហា ដែល
គណបក្សប្រជាជន មានមន្ដ្រី ៣រូបចូលរួម រួមមាន លោក ជាម យៀប លោក ព្រំ សុខា និងលោក អ៊ុក
គឹមហាន ហើយគណបក្សសង្គ្រោះជាតិមាន លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និង លោក យ៉ែម
ប៉ុញ្ញឫទ្ធិ ជាតំណាងជួបពិភាក្សាគ្នា នៅមន្ទីររដ្ឋសភាជាតិអស់រយៈពេល ប្រមាណ២ម៉ោង ដោយភាគី
ទាំង២បានឯក ភាពគ្នាថា នឹងពិនិត្យលើលទ្ធភាពជ្រើសរើស អង្គការមិនមែនរដ្ឋាភិបាលដែលមាន
ជំនាញ និងបទពិសោធន៍លើការងារបោះឆ្នោត ដើម្បីបំពេញការងារក្នុងក្រុមបច្ចេកទេស ដោយមាន
តំណាងអង្គការសហប្រជាជាតិ និងអង្គការជាតិ អន្ដរជាតិផ្សេងទៀតជា អ្នកសង្កេតការណ៍ ។ នេះបើ
យោងតាម សេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយ គណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី០៩ ខែ
សីហា ឆ្នាំ ២០១៣ នេះ ៕

ដោយ៖ Dap News
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ