CamNews

ព័ត៌មានជាតិ 

អ.ហ លើផ្ទៃប្រទេសចាប់ខ្លួនបក្ខពួក អតីតមេចោរចាប់ជំរិត អារ៉ាស្មាច់បានម្នាក់ទៀត ក្រោយគេចខ្លួនជាង១០ឆ្នាំ

ភ្នំពេញ៖ ដោយមានការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាម ជំនាញរបស់ខ្លួន រួចមក កម្លាំង
អាវុធហត្ថ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌលើផ្ទៃប្រទេស បានឈានទៅដល់
ការឃាត់ខ្លួន បក្ខពួកអតីតមេចោរចាប់ជំរិត ប្រចាំប្រទេសកម្ពុជាអារ៉ាស្មាច់ ដែលត្រូវបាញ់សម្លាប់
ចោល កាលពីជាង១០ឆ្នាំមុន។ ការចាប់ខ្លួនបក្ខពួក អតីតមេចោរចាប់ជំរិតអារ៉ាស្មាច់ខាងលើនេះ
បានធ្វើឡើងកាលពីវេលាម៉ោង ៤៖៣០រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិព្រែកព្នៅ
សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ។

ជនសង្ស័យរូបនេះ ដែលជាប់ពាក់ព័ន្ធ និងការចាប់ជំរិត និងការផលិត ជួញដូរគ្រឿងញៀន ត្រូវបាន
សមត្ថកិច្ច ប្រាប់ថា មានឈ្មោះ ឡាំ គីមលាង ហៅ ឡាយ សេង អាយុ៤៦ឆ្នាំ។

លោក វរសេនីយ៍ឯក គង់ សត្ថារិន ហៅ P3 នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កង
រាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ជនសង្ស័យរូបនេះមាន ឈ្មោះ ឡាំ គីមលាង ហៅ
ឡាយ សេង ដែលបានរត់គេចខ្លួនអស់ រយៈ ពេល១១ឆ្នាំ ហើយពួកនេះមានបក្ខពួកចាប់ជំរិត
មនុស្សយកប្រាក់ចំនួន ៥នាក់ តែ៤នាក់ត្រូវចាប់ខ្លួនកាលពី ឆ្នាំ១៩៩៨-១៩៩៩ រួមមានៈ១.ឈ្មោះ
ឈឿន សារី ភេទប្រុស ២.ឈ្មោះ ហ៊ូ សំណាង ហៅអាព្រីង ភេទប្រុស ៣.ឈ្មោះ ហ៊ូ ពៅ ភេទ
ប្រុស ៤.ឈ្មោះ អ៊ូ ពេជ្រ ភេទប្រុស ។

ដោយឡែក បក្ខពួកផលិត គ្រឿងញៀន និងជួញដូរ គ្រឿងញៀន ដែលចាប់ខ្លួនបាន ឈ្មោះ ឡាំ
សុខខេង ភេទប្រុស អាយុ៣៨ឆ្នាំ ចាប់ខ្លួននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧, ឈ្មោះ ម៉ៅ សុគុណ
ហៅជ្រូក  ភេទប្រុស អាយុ៣៦ឆ្នាំ ចាប់ខ្លួនបាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០០៧ ,ឈ្មោះ គឹម ហាន
ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះញឺម សំបូរ ហៅហីម ហៅខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ ចាប់ខ្លួន
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ ឈ្មោះ គ្រុយ សេងឡេង ភេទប្រុស អាយុ៥៤ឆ្នាំ ចាប់ខ្លួន ថ្ងៃទី
២៥  ខែធ្នូ  ឆ្នាំ២០០៨។

លោកវរសេនីយ៍ឯក គង់ សត្ថារិន បានបញ្ជាក់ទៀតថា ពួកឧក្រិដ្ឋជនចាប់ជំរិតខាងលើ គឺជាសមា
ជិក ក្រុម ឧក្រិដ្ឋជនស្ថិត នៅក្នុងក្រុមរបស់ ឈ្មោះ សោម ណារ៉ា ហៅ អារ៉ាស្មាច់ ដែលជាមេក្លោង
ធំ ល្បីឈ្មោះនៅ ក្នុងឆ្នាំ១៩៩៨-១៩៩៩ ដែលត្រូវបានកម្លាំង សមត្ថកិច្ចបង្រ្កាបកន្លងមក ហើយលុះ
ដល់ឆ្នាំ២០០៧ ឈ្មោះ ឡាំ គីម លាង ហៅ ឡាយ សេង នេះក៏បានទៅរកស៊ី ផលិតនិងជួញដូរ
គ្រឿងញៀន ជាមួយមេក្លោងឈ្មោះ ឡាំ សុខ ខេង (ដែលត្រូវជាក្មួយ របស់ ឈ្មោះឡាំ គីមលាង)
ដែលត្រូវកម្លាំង កងរាជអាវុធហត្ថ បង្ក្រាបបាន ហើយ ដកហូតវត្ថុតាង ពាក់ពន្ធការ ផលិតគ្រឿង
ញៀន ជាច្រើន ជាពិសេស ម៉ាស៊ីនផលិតគ្រឿងញៀន ។ តាមការវាយ តម្លៃពីមន្រ្តី នៃមន្ទីរគ្រឿង
ញៀន ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ម៉ាស៊ីននេះផលិត ថ្នាំញៀន ក្នុងមួយម៉ោងជាង មួយម៉ឺន
គ្រាប់។

លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរង ស្នងការដ្ឋាន ស្រាវជ្រាវ និងយុត្តិធម៌ បានមាន
ប្រសាសន៍ថា នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង
ជាមេបញ្ជាការ កងរាជ អាវុធហត្ថលើ ផ្ទៃប្រទេស បានចេញបទបញ្ជារដល់ ស្នងការ ស្នងការដ្ឋាន
ស្រាវជ្រាវនិង យុត្តិធម៌ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ធ្វើយ៉ាងណា ស្រាវជ្រាវរុករកតាម វិធី
ណាក៏ដោយ ចាប់ឲ្យខានតែបានចំពោះ ក្រុមឧក្រិដ្ឋជន ចាប់ជំរិតមនុស្សទារ ប្រាក់ និងបក្ខពួក
ផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀន មុខសញ្ញា ដែលរត់គេចខ្លួននៅសេសសល់ ។

លុះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ការិយាល័យ ស្រាវជ្រាវ បទល្មើស ព្រហ្មទណ្ឌ បានចាប់ខ្លួន
ឈ្មោះ ឡាំ គីមលាង ហៅ ឡាយ សេង នេះបន្ថែមទៀត។

លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ បានមានប្រសាសន៍បន្តថា ក្រោយពីការ បង្ក្រាបបទល្មើស
ជាក់ស្ដែងធំៗ កន្លងមក សមត្ថកិច្ចកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស មិនដែលបោះបង់ចោលនូវ
ក្រុមឧក្រិដ្ឋជន ដែលនៅសេសសល់ ឡើយ ។ ជាក់ស្ដែង ឧក្រិដ្ឋជន ឡាំ គីមលាង ហៅ ឡាយ
សេង ទោះបីខិតខំរត់គេចខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ក៏ដោយ ក៏កម្លាំងសមត្ថកិច្ចជំនាញ
ស្រាវជ្រាវ តាមចាប់យកមកឲ្យទទួលទោសតាម ច្បាប់។

ដូចពាក្យចាស់ពោលថា ជុងមិនដែល ភ្លេចកុក មានតែកុកទេ ដែលភ្លេចជុង

Photo by DAP-NEWS

Photo by DAP-NEWS

ជនល្មើសឈ្មោះ ឡាំ សុខេង

Photo by DAP-NEWS

ជនល្មើសឈ្មោះ ម៉ៅ សុគន្ធ ហៅជ្រូក

Photo by DAP-NEWS

ជនល្មើសឈ្មោះ គឹម ហាន

Photo by DAP-NEWS

ជនល្មើសឈ្មោះ យឹម សំបូរ ហៅហីម ហៅខ្មៅ

Photo by DAP-NEWS

ជនល្មើសឈ្មោះ គ្រុយ សេងឡេង

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ