(ភ្នំពេញ)៖ ស្របពេលដែលផលិតកម្ម Rock បានប្រកាសជាសាធារណៈថា នឹងបើកដំណើរការផលិតបទចម្រៀង Original Song ដើម្បីប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងនោះ អ្នកឧកញ៉ា គិត ធៀង ក៏បានប្រកាសជាចំហរថា គ្រោងនឹងហៅអតីតតារាចម្រៀងល្បីៗទាំងអស់ របស់ផលិតកម្ម Rock ឲ្យត្រឡប់មកវិញ ដើម្បីបន្តនូវស្នាដៃ និងការអភិវឌ្ឍបទចម្រៀងថ្មីៗ បន្ថែមទៀត ស្របទៅតាមគោលដៅ ដែលបានព្រៀងទុក។
ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន ប្រកាសបើកដំណើរការផលិតបទចម្រៀងឡើងវិញ កាលពីពេលថ្មីៗនេះ លោក រ៉េនឌី ប្រធានផ្នែកទីផ្សារនៃមជ្ឈមណ្ឌលកំសាន្ត រ៉ក់ និងជាជំនួយការផ្ទាល់របស់អ្នកឧកញ៉ា គិត ធៀង ជាអគ្គនាយក បានប្រកាសថា លោកឧកញ៉ា គិត ធៀង បានប្រាប់លោកដោយផ្ទាល់ថា ពេលផលិតកម្ម រ៉ក់ ចាប់ផ្ដើមផលិតបទចម្រៀងឡើងវិញ លោកនឹងទាក់ទងទៅអតីតតារាចម្រៀង ដែលធ្លាប់មានឈ្មោះល្បីទាំងអស់ក្នុងផលិតកម្ម រ៉ក់ ត្រឡប់មកវិញ បើទោះបីជាតារាចម្រៀងទាំងអស់នោះ កំពុងតែជ្រក នៅក្នុងទ្រនំក្នុងផលិតកម្ម ណាមួយក៏ដោយ ។
លោក រ៉េនឌី និយាយថា «ពេល Rock ចាប់ផ្ដើមផលិតបទចម្រៀងវិញ អ្នកឧកញ៉ា គិត ធៀង បានប្រាប់ខ្ញុំដោយផ្ទាល់ថា ឲ្យខ្ញុំទាក់ទងទៅកាន់អតីតតារាចម្រៀង ទាំងអស់ក្នុងផលិតកម្ម រ៉ក់ ដើម្បីឲ្យពួកគេត្រឡប់មកច្រៀង ក្រោមដំបូលផលិតកម្ម រ៉ក់ តែមួយវិញ។ ប៉ុន្តែការហៅត្រឡប់មកវិញនៅពេលនេះ គឺយើងគ្រាន់តែបើកផ្លូវទទួលយកពួកគេ ដោយក្ដីរីករាយ ហើយប្រសិនបើពួកគេ (អតីតតារាចម្រៀង) គិតថា នឹងត្រឡប់វិញ ឬមិនត្រឡប់វិញ ក៏ស្រេចតែលើការសម្រេចរបស់ពួកគេប៉ុណ្ណោះ យើងអត់មានបង្ខំនរណាមួយ បានឡើយ..!»។
គម្រោងកោះហៅអតីតតារាចម្រៀងទាំងអស់ ក្នុងផលិតកម្ម រ៉ក់ ដើម្បីឲ្យមកប្រមូលផ្ដុំគ្នាជាកម្លាំង ផលិតបទចម្រៀងមិនចម្លងពីបរទេសនៅពេលនេះ គឺស្របពេលផលិតកម្ម បានបើកដំណើរការនិពន្ធ និងថតបទចម្រៀងចរាចរ នៅលើទីផ្សារជាធម្មតាវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាង៤ឆ្នាំរួចមក ដោយសារតែបញ្ហាផ្ទៃក្នុង។ អតីតតារាចម្រៀង ដែលបានធ្វើឲ្យផលិតកម្ម រ៉ក់ ត្រូវបានគេស្គាល់ និងល្បីល្បាញទូទាំងប្រទេស ក្នុងការផលិតបទចម្រៀងជាតិខ្មែរ មិនចម្លងពីបរទេសត្រូវបានគេស្គាល់ថា មានដូចជាលោក ខាន់ ជេមស៍, កញ្ញា យូរី, កញ្ញា សួស វីហ្សា លោក លំ សុក្រិត, កញ្ញា ខៀវ ដាឡិច, កញ្ញា ផន នីដា, កញ្ញា អ៊ុត ចរិយា, លោក ជេកន៍ និងកញ្ញា ម៉ុក អានីត ជាដើម ដោយសព្វថ្ងៃពួកគេកំពុងតែស្ថិតនៅ ក្នុងទ្រនំផលិតកម្មរៀងៗខ្លួន ដើម្បីសាងប្រជាប្រិយភាពក្នុងវិថីសិល្បៈ។ ជាមួយគ្នានេះ តារាចម្រៀងមួយចំនួនទៀត ក៏បានមានគ្រួសារ និងចាកចេញពីសិល្បៈ ប្រកបរបរផ្សេងផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង