CamNews

ព័ត៌មានជាតិ 

នគរបាល ចរាចរបញ្ជូននិស្សិត IU និងបក្ខពួក ទៅតុលាការ ក្រោយបើករថយន្ដ បុកទ្វារជ័យ ទីស្ដីការគណៈរដ្ឋមន្ដ្រី

ភ្នំពេញ ៖ និស្សិតនៅសកលវិទ្យាល័យ អន្ដរជាតិហៅថា IU និងបក្ខពួក២នាក់ផ្សេងទៀត ត្រូវបាន
កម្លាំង នគរបាលចរាចរជើងគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នេះ
បញ្ជូនខ្លួនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពីពួកគេបាន
បង្កគ្រោះថ្នាក់ចរាចរ បើក រថយន្ដទាំងស្រវឹង ទៅបុកទ្វារជ័យទីស្ដីការគណៈរដ្ឋមន្ដ្រី បណ្ដាលឱ្យ
រងការខូចខាតអស់មួយចំនួន ។

គ្រោះថ្នាក់ចរាចរ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងនគរបាល ចរាចរ
ជើង គោក ក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញផ្សេងទៀត ដែលមុនដំបូងសង្ស័យថា អាចមានសកម្ម
ភាពអ្វីមួយ ក្រៅពីគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃ
ទី១៨ ខែសីហា ឆ្នាំ២០១៣ នៅចំណុចមុខទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងសង្កាត់មិត្ដភាពខណ្ឌ៧មករា។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីបើករថយន្ដបុកទ្វារជ័យ ទីស្ដីការ
គណៈរដ្ឋ មន្ដ្រីរួចមកអ្នកបើក រថយន្ដបានបើកគេច រហូតទៅដល់រង្វង់មូលវត្ដភ្នំ ទើបសមត្ថកិច្ច
ចម្រុះឃាត់បាន នៅទី នោះ ។

មន្ដ្រីនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ  ដែលចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ
នោះ បានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរនេះ បង្កឡើងដោយរថយន្ដ លុច្សស៊ីស RX 300  ពណ៌ខ្មៅ
ពាក់ស្លាក លេខ ភ្នំពេញ 2R-5700 បានធ្វើដំណើរតាម បណ្ដោយផ្លូវហ្សកឌីមី ក្នុងទិសដៅពីលិច
ទៅកើត លុះដល់ ចំណុចកើតហេតុដោយ សារតែអ្នកបើករថយន្ដ មានអាការៈស្រវឹង  និងបើកគេច
ពីម៉ូតូមួយគ្រឿង បានធ្វើ ឱ្យរថយន្ដរេចង្កូតឡើងទៅលើចិញ្ចើមផ្លូវ ជ្រុលទៅបុករបង និងទ្វារជ័យ
ទីស្ដីការគណៈរដ្ឋ មន្ដ្រី រួចហើយ ម្ចាស់រថយន្ដបង្កបានបើករត់ ទើបសមត្ថកិច្ចដេញទៅចាប់បាន
នៅម្ដុំវត្ដភ្នំ ក្នុងខណ្ឌដូនពេញ ។ ក្រោយពី ទទួលបានសេចក្ដីរាយការណ៍ ពីករណីបើកបុករបង និង
ទ្វារជ័យទីស្ដីការគណៈរដ្ឋមន្ដ្រីរួចមក ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក
ជួន សុវណ្ណ បានបញ្ជាឱ្យ កម្លាំងនគរបាលខណ្ឌ និងកម្លាំង នគរបាល ចរាចរជើងគោក ចុះទៅ
ជួយអន្ដរាគមន៍ជាបន្ទាន់ ហើយត្រូវចាប់អ្នកបើករថយន្ដ និងរថយន្ដយកមកចាត់ការតាមផ្លូវច្បាប់។

ក្រោយពីឃាត់ខ្លួន និងសាកសួររួចមក មន្ដ្រីនគរបាលចរាចរជើងគោក បានបញ្ជាក់ថា អ្នកបើករថ
យន្ដបង្កឈ្មោះ ង៉ែត សារុន ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតនៅសកលវិទ្យាល័យអន្ដរជាតិ រស់
នៅផ្ទះលេខ 1Eo ផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ដោយឡែកអ្នករួមដំណើរ២នាក់
ផ្សេង ទៀត ម្នាក់ឈ្មោះ អឿន សន្ដិភាព ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ លក់ដូរ រស់ នៅផ្ទះលេខ
១៨Eo ផ្លូវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀត ឈ្មោះ អន វេហា ភេទប្រុស
អាយុ២៧ឆ្នាំ  រស់នៅផ្ទះលេខ ១៤Eo ផ្លូវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

បើតាមមន្ដ្រីនគរបាលចរាចរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបណ្ដាលមកពីអ្នក បើករថយន្ដ
មានជាតិ ស្រវឹង និងមានជាតិ អាកុល០.៥៦មីលីក្រាម ក្នុង១លីត្រខ្យល់ ហើយបើករត់មិនទទួល
ខុសត្រូវ ចំពោះ កំហុសរបស់ខ្លួន ។

នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យដឹងថា ក្រោយពី
បំពេញ សំណុំនីតិវិធីចប់នឹងមានការបញ្ជា ពីលោកស្នងការ និងប្រធាន ការិយាល័យចរាចរជើង
គោក លោក ហេង ចាន់ធារី រួចមក កម្លាំងនគរបាលចរាចរ របស់លោក នៅរសៀលថ្ងៃទី១៩ ខែ
សីហានេះ បានបញ្ជូនជន សង្ស័យទាំង ៣នាក់ទៅ កាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ