(សៀមរាប)៖ តំបន់ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ត្រូវបានក្រុមហ៊ុន «នគរគោកធ្លក» របស់អ្នកឧកញ៉ា សៀង ណាំ ដែលទទួលបានសិទ្ធិវិនិយោគ សម្រេចបញ្ចប់ការវិនិយោគរបស់ខ្លួន និងស្ម័គ្រចិត្តប្រគល់ជូនរដ្ឋ តាមរយៈក្រសួងបរិស្ថានគ្រប់គ្រងវិញ បន្ទាប់ពីមានការសម្របសម្រួល និងឯកភាពគ្នារវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះថា «ក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងតំបន់ឧទ្យានជាតិនេះ ហើយស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះមានអាជ្ញាធរអប្សរា នឹងទទួលភារកិច្ចក្នុងការពង្រឹង ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍបេតិកភ័ណ្ឌ និងទេសចរណ៍ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិនឡភ្នំគូលែននេះ ហើយដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះ របស់ប្រជាជន អ្នកអភិរក្ស អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ អាជ្ញាធរអប្សរានឹងធ្វើការសាង់សង់ផ្លូវចុះពីចំណុចព្រះអង្គធំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា»។
បើតាមមន្រ្តីក្រសួងបរិស្ថាន នៅចំពោះមុខនេះ ដោយធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័ន មានសមត្ថកិច្ចក្នុងនោះ រួមទាំងសាលាខេត្តសៀមរាប យោធភូមិភាគ៤ និងអាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថាន នឹងដឹកនាំគណៈកម្មការវាយតម្លៃ និងដោះស្រាយការផ្ទេរចុះពី លើភ្នំនូវកងទ័ព គ្រួសារកងទ័ព និងប្រជាជនទាំងអស់ដែលបានចូលទៅតាំងទីលំនៅលើភ្នំ ជាលក្ខណៈអនាធិបតេយ្យនាពេលកន្លងទៅ។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC Angkor) បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោង ក្នុងការអភិវឌ្ឍផែនការមេ ក្នុងការគ្រប់គ្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយចីរភាព ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន នៅក្នុងពេលបើក កិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២របស់ខ្លួន កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៥ នាសាលសន្និសីទ អង្គរមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី