CamNews

តារា 

យ៉ែម សំអូន​៖​ «រវាង​ខ្ញុំ និង​​អេឡិច ចាន់ត្រា ពុំ​ដែល​មាន​ចិត្ត​ច្រណែន ឬ​ជម្លោះ​ទាស់​ទែង​គ្នា ក្នុង

(ភ្នំពេញ)៖ បន្ទាប់ពីលេចឮ​នូវដំណឹងដ៏រសើប មកថា តារាសម្ដែង បង្ហាញម៉ូដ និងចម្រៀង លោក អេឡិច ចាន់ត្រា ដែលត្រូវបានគេស្គាល់ថា ជាដៃគូដ៏ជិតស្និទ្ធ របស់លោក យ៉ែម សំអូន តារាសម្ដែង និងជាតារាបង្ហាញម៉ូដដូចគ្នា កំពុងតែបើកក្រុមហ៊ុនរកស៊ីប្រជែង ក្រុមហ៊ុនរបស់លោក យ៉ែម សំអូន នោះ បានធ្វើឲ្យលោក យ៉ែម សំអូន ដេកមិនលក់បក់មិនល្ហើយ ចេញមុខបញ្ជាក់​ចំពោះដំណឹងនេះភ្លាមៗ ថា រវាងរូបលោក និងតារាសម្ដែង អេឡិច ចាន់ត្រា ពុំដែលមានបញ្ហាល្អក់កក ឬកាច់កុងគ្នា ក្នុងមុខជំនួញរកស៊ីអ្វីឡើយ ពោលប្រសិនបើ លោក អេឡិច ចាន់ត្រា រកស៊ីរបរដូចរូបលោក ទទួលបានជោគជ័យនោះ គឺលោកមានតែជួយត្រេកអរ បន្ថែមទៀត។

រឿងរ៉ាវនេះ ត្រូវបានមហាជន កត់សម្គាល់ឃើញថា ថ្មីៗនេះ​​​តារាសម្ដែង​លោក អេឡិច ចាន់ត្រា ​បានរងនូវការនិយាយតៗគ្នាថា លោកកំពុងធ្វើសង្គ្រាមត្រជាក់​​ជាមួយលោក យ៉ែម សំអូន ព្រោះនៅសុខៗ លោក អេឡិច ចាន់ត្រា ក៏បើកជា​មុខ​របរ​ដូច​គ្នា​​​ទៅ​នឹង​​លោក យ៉ែម សំអូន​ ហើយ​តា​រាដូចៗគ្នា មកសម្ដែងនៅក្រុមលោក ចាន់ត្រា ហើយការរៀបចំ​ក៏​ស្រដៀងៗគ្នា ទាំងអស់។ បើ​មើល​មួយ​ភ្លែត​ ស្ទើរ​តែ​ចែក​មិន​ដាច់​ថា មួយ​ណា​ជា​ក្រុម​​របស់ យ៉ែម សំអូន មួយ​ណាជាក្រុមរបស់ អេឡិច ចាន់ត្រា។ ​ក្រឡេកទៅមើលលោក យ៉ែម សំអូន ឯណោះវិញ ក្រោយពីលោក អេ​ឡិច ចាន់ត្រា បានបើកជាក្រុមផ្ទាល់ខ្លួន លោកក៏បាន​ដករូបលោក អេឡិច ចេញពីក្នុងក្រុមភ្លាមៗ ដោយមិនទុកក្នុងគណនេយ្យលោកទៀតឡើយ ព្រោះលោកមិនអាចហៅ អេឡិច ចាន់ត្រា មកច្រៀងដូចមុនទៀត​បានទេ។

ប្រភពព័ត៌មាន បានបន្តថា ថ្វីត្បិតតែមុខរបររកស៊ី ជារឿងសេរី តែលោក អេឡិច ហាក់​បានកាត់មុខកាត់មាត់ យ៉ែម សំអូន យ៉ាងខ្លាំង ដែលហាក់ដូចជាចេតនាមួយ មិនឲ្យ យ៉ែម សំអូន ងើបមុខរួច។ អ្វីដែលសំខាន់​ក្រុម អេឡិច ចាន់ត្រា កាន់តែលេចធ្លោពេល យ៉ែម សំអូន ធ្លាក់កូដ ក្រោយពេលផ្ទុះ​រឿង​អាស្រូវ​​​ ប្រើ​អំពើ​ហិង្សា​ជាមួយភរិយា។ អ្វី​ដែល​កត់​សំគាល់​​ចុង​ក្រោយ​នេះ​ គឺ លោក អេឡិច ចាន់ត្រា ងាក​​ទៅ​​ស្និទ្ធ​ស្នាលជាមួយ អតីតភរិយា លោក យ៉ែម សំអូន ទៀត ដែលកាន់​តែ​បង្ហាញ​ឲ្យ​ច្បាស់​ក្រឡែត​ថា សង្រ្គាម​ត្រជាក់​រវាង​អ្នក​ទាំង​ពីរ​ បាន​កើត​ឡើង​ហើយ​។

ជុំវិញដំណឹងដ៏គួរឲ្យរសើបខាងលើនេះ ត្រូវបានលោក យ៉ែម សំអូន ច្រានចោលទាំងស្រុង ហើយបានបញ្ជាក់យ៉ាងច្បាស់ៗថា រវាងលោក និងតារាចម្រៀង អេឡិច ចាន់ត្រា ពុំដែលមានគំនុំគំគួន ឬកាច់កុងគ្នាក្នុង​របររកស៊ីអ្វីឡើយ​។ សព្វថ្ងៃនេះ​លោក កំពុងតែរវល់នឹងការងារសិល្បៈ ស្ទើរតែរកពេលសំរាកគ្មាន ហើយប្រសិនបើមានរឿងបែបនេះ កើតឡើងមែន គឺមានតែក្រុមមនុស្ស​ដែលមានចរឹត ច្រណែនឈ្នានីសគេទេ ដែលអាចនិយាយចេញទៅរួច លោកពុំដែលមានចិត្តច្រណែន នឹង អេឡិច ចាន់ត្រា ពេលដែលឃើញរកស៊ីមានបាន​នោះទេ។

លោក យ៉ែម សំអូន បានប្រតិកម្មខ្លាំងៗថា «រាល់ថ្ងៃនេះ..! ខ្ញុំអត់មានពេលទៅទម្លាក់​នរណា លើកនរណា ឬនិយាយពីនរណា គឺអត់ទេ! ហើយខ្ញុំចង់និយាយរឿងធំមួយទៀត​នោះ គឺគាត់អាចនិយាយចឹងបាន ឬមានអ្នកនិយាយចឹងមែន តែប្រសិនបើអាចជឿបាន គឺមានតែពួកអ្នក​ ដែលមានសណ្ដាន និងចរឹតដូចគាត់នោះទេ ដែលអាចជឿនូវព័ត៌មាននេះ​​បាន។ អ៉ីចឹងខ្ញុំសូមបដិសេធ នូវព័ត៌មាននេះ ហើយខ្ញុំចង់និយាយប្រាប់ថា រវាងខ្ញុំ និងប្អូនប្រុស អេឡិច ចាន់ត្រា គឺអត់មានរឿងអី ដែលត្រូវបានទំនាក់ទំនង​ ជម្លោះឈ្លោះទាស់ទែងគ្នាអីទេ..!។ ការរកស៊ីធ្វើការរបស់គាត់ បើទទួលបានជោគជ័យ នោះគឺជាការខិតខំប្រឹងប្រែង​របស់គាត់ ខ្ញុំអត់មានអីត្រូវច្រណែនគាត់​ នោះទេ..!»។

យ៉ាងណាមិញ លោក យ៉ែម សំអូន ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានមនុស្សដែលលោកធ្លាប់ រាប់អានគ្នាជិតស្និទ្ធ ទៅចាប់ដៃគ្នាជាមួយអតីតភរិយា​របស់លោក គឺអ្នកនាង យ៉ាន លីដា ដើម្បីបើកជំនួញរកស៊ីអ្វីមួយនោះ លោកក៏ពុំដែលមានការខ្វល់ចិត្ត ច្រណែន ឬអន់ចិត្តអ្វីឡើយ ព្រោះលោកគ្មានពេលវេលាណាមួយ ដែលត្រូវទៅគិតរឿងអស់ទាំងនេះទេ។ ម្យ៉ាងទៀតការរកស៊ី គឺជាសិទ្ធិសេរីភាព របស់គេម្នាក់ៗ យើងមិនអាចទៅហាមឃាត់នរណា មិនឲ្យរកស៊ីជាមួយនរណា​ បានឡើយ។

​ការលើកឡើងបែបនេះ គឺចង់សំដៅ ស្របពេល​ជាមួយនឹងតារាសម្ដែងប្រុស ដ៏ស្រស់សង្ហា លោក អេឡិច ចាន់ត្រា ដែលមាននាមដើម លឹម ប៉ោស៊្រុន កំពុង​តែ​ស្នាក់​​នៅ​ប្រទេស​អូស្ត្រា​លី ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​១រូប និង​ជា​ពាណិជ្ជករផងដែរ ព្រោះលោកកំពុងតែសំឡឹងមើលថា លោក​អាច​ប្រកប​របរ​អ្វី​​បាន​​​នៅ​លើ​ទឹក​ដី​នេះ។ ជាពិសេសលោក អេឡិច ចាន់ត្រា មាន​ជំនួប​មួយ​ជា​មួយ​អ្នក​នាង យ៉ាន លីនដា ដែលជាអតីតភរិយា​លោក យ៉ែម សំអូន ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នឹង​ដំណឹងថា លោគ្រោងបើកអាជីវកម្មរួមគ្នា ជាមួយនឹងអ្នកមេម៉ាយ ដ៏ស្រស់សោភារូបនេះ ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង