CamNews

ព័ត៌មានជាតិ 

គង់ ចាន់រដ្ឋា នាំអំណោយ​ពី​អាមេរិក​ ជូនដល់​ជនក្រីក្រ​ ក្នុង​ខេត្ត​សៀមរាប

ភ្នំពេញ៖ តារាចម្រៀង និង សម្តែងមាន ដើមកំណើត ពីដែនដីខេត្ត សៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា ក្រោយពីទទួលបាន ភាពជោគជ័យ ជាបណ្តើរៗ ក្នុងអាជីពសិល្បៈ អំឡុងពេលជាងមួយឆ្នាំមកនេះ ឃើញថា នាងហាក់កាន់តែមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះកើនឡើង ជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗមកនេះ នាងក៏ទទួលបានឱកាស ពិសេសចេញ ទៅច្រៀង សម្តែងនៅសហរដ្ឋអាមេរិក តាមរយៈការធានា របស់ប្រធាន សមាគមន៍ខ្មែរ រស់នៅទីនោះ។

យ៉ាងណាមិញ បន្ទាប់ពីកញ្ញា គង់ ចាន់រដ្ឋា វិលត្រឡប់មកពីក្រៅប្រទេស គេសង្កេតឃើញថា នាងហាក់ពុំសូវលេចមុខបង្ហាញវត្តមាន នៅតាមឆាក ប្រគំតន្រ្តី របស់ស្ថានីយប៉ុស្តិ៍ទូរសទ្ស ដូចពេលមុនៗឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ គេចាប់អារម្មណ៍នោះ គឺមួយរយៈនេះ គេឧស្សាហ៍ ឃើញពី សកម្មភាព របស់នាង ក្នុងកិច្ចការងារ មនុស្សធម៌ ជួយដល់ជនក្រីក្រច្រើន ជាងទៅវិញ។

ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានបង្ហាញឲ្យ ឃើញអំពីសកម្មភាព យ៉ាងច្រើន ទាក់ទងទៅ និងការងារជួយដល់សង្គម ក្នុងការនាំយកអំណោយ មនុស្សធម៌មួយចំនួន ដើម្បីទៅឧបត្ថម្ភ ជួយដល់ចាស់ជរា ទីទ័លក្ររស់នៅយ៉ាងលំបាក ក្នុងខ្ទមដ៏កំសត់ នៅតាមបណ្តាខេត្តនានា។

តារាចម្រៀងសម្តីរួសរាយ កញ្ញា គង់ ចាន់រដ្ឋា នាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ មានដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ សារ៉ុង ក្រម៉ា និង ថវិកាមួយចំនួន ទៅជូនដល់ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ រស់នៅក្នុង ខេត្តសៀមរាប ដែលកំពុងតែជួបការលំបាក ហើយត្រូវទទួលបន្ទុក ចិញ្ចឹមចៅកំព្រាពីរនាក់ ដែលម្តាយស្លាប់ចោល ។

ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤នេះ កញ្ញា គង់ ចាន់រដ្ឋា បាននិយាយថា កាលពីរសៀល ថ្ងៃទី២៤ ខែតុលា ម្សិលមិញ នាងបាននាំយកថវិកា និងសំភារៈគ្រឿង បរិភោគមួយចំនួន ទៅឧបត្ថម្ភជួយល់ដល់ស្រ្តីវ័យចំណាស់ម្នាក់ ដែលកំពុងតែមានជីវភាពលំបាក និង ខ្វះខាត នៅក្នុងបន្ទុកគ្រួសារ។

កញ្ញា គង់ ចាន់រដ្ឋា បាននិយាយបន្តថា "ចាស បង ! អ៊ុំស្រីដែលខ្ញុំ យកអំណោយទៅជូននេះ មានឈ្មោះ ធឿន គាត់មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្ត សៀមរាប ដោយជីវភាព រស់នៅប្រចាំថ្ងៃរបស់គាត់ គឺកំពុងតែជួបការលំបាក ទីទ័លក្របំផុត ព្រោះ គាត់ត្រូវរកស៊ី ចិញ្ចឹមចៅតូចៗចំនួនពីរនាក់ ដែលម្តាយស្លាប់ចោល ដូច្នេះហើយទើបខ្ញុំ សម្រេចចិត្តនាំយកថវិកា និង សំភារៈខ្លះៗ ទៅជួយដល់គាត់ ដើម្បីសម្រាលការលំបាក មួយគ្រាន់សិន.."។

តារាចម្រៀង មានប្រជាប្រិយភាព គង់ ចាន់រដ្ឋា បានបញ្ជាក់ថា ចំពោះថវិកា និងសំភារៈទាំងនេះ គឺនាងទទួលបានការជួយឧបត្ថម្ភ ពីបងប្អូនអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ ហ៊ីឡាដាហ្វៀ កាលពីគ្រាដែលនាងចេញទៅច្រៀង និង សម្តែងនៅទីនោះ ហើយក៏បានធ្វើការអំពាវនាវ ដល់ពួកគាត់ ដើម្បីស្វែងរកជំនួយខ្លះៗ មកជួយដល់អ្នកទីទ័លក្រ និងចាស់ជរា រស់នៅគ្មានទីពឹង ក្នុងស្រុកខ្មែរ ក្នុងការរួមចំណែក ជួយដល់សង្គម។

គួរបញ្ជាក់ថា នេះមិនមែន ទើបតែលើកដំបូង សម្រាប់តារាចម្រៀង គង់ ចាន់រដ្ឋា ក្នុងការនាំយកអំណោយ ជាថវិការ និង សំភារៈគ្រឿង ឧបភោគ បរិភោគ ទៅជួយដល់អ្នកក្រីក្រ និង ចាស់ជរានោះទេ គឺ នាងបានធ្វើសកម្មភាពនេះ ៣លើកមកហើយ បូករួមទាំងលើនេះ។ក្នុងនោះកាលពី រដូវភ្ជុំបិណ្ឌ ខណៈដែល រដ្ឋា ទើបវិលត្រឡប់ពីច្រៀង សហដ្ឋអាមេរិក នាងបាននាំយកថវិកា និ ងសំភារៈដូចគ្នានេះទៅជួយឧបត្ថម្ភ លោកយាយចាស់ ជរាគ្មានទីពីងម្នាក់ រស់នៅឯ ខេត្តសៀមរាបដែរ និង ថវិកាមួយចំណែកទៀត ផ្តល់ទៅជួយ ដល់ចាស់ៗ ចំនួន៣ នាក់ រស់នៅក្នុងខេត្ត ព្រៃវែង និង ស្វាយរៀង ៕




 ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Seim Reap