CamNews

ព័ត៌មានជាតិ 

ស្រ្តីផ្ទៃពោះ ៦-៧ ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយកសពដុតចោល ក្នុងព្រៃ

កំពង់ស្ពឺ ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនៅតែមិនទាន់ស្គាល់ អត្តសញ្ញាណ​សពស្រ្តី រងគ្រោះម្នាក់ ដែលមានផ្ទៃពោះ ៦ ទៅ៧ខែ ហើយត្រូវជនមិនស្គាល់ មុខកាប់ នឹងពូថៅ រួចដុតសព ស្ថិតនៅលើខ្នង ភ្នំគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សពស្រ្តីរងគ្រោះត្រូវបានមន្រ្តីបរិស្ថានប្រទះឃើញ នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ រួចរាយការណ៏ ជូននគរបាលជំនាញ ចុះទៅពិនិត្យសពនៅព្រឹកថ្ងៃទី៤ ខែតុលា ដើម្បីស្វែងរកការពិត នៃអំពើឃាតកម្មដ៏សាហាវមួយនេះ ។

មន្រ្តីនគរបាលជំនាញ ផ្នែកបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែតុលា នេះថា ក្រោយការពិនិត្យសព ស្រ្តីរងគ្រោះដែលមានអាយុជាង ២០ឆ្នាំ ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ និងអាវយឺតដៃវែង ត្រូវបានឃាតករយកពូថៅកាប់ ចំនួន៤​កន្លែង ហើយ​យកភ្លើងដុតសពទៀតផង ស្ថិតនៅលើខ្នង ភ្នំគិរីរម្យ ដែលជាកន្លែងស្ងាត់ ។

បើតាមមន្រ្តីនគរបាលរូបនេះបានបន្ថែមទៀតថា ការសម្លាប់ស្រ្តីរងគ្រោះដែលកំពុងមានផ្ទៃពោះផងនោះ អាចផ្តើមចេញពីរឿងស្នេហាត្រីកោណ អាចថា ឃាតក ដែលមានតែម្នាក់ឯង ចង់ឲ្យជនរងគ្រោះយក​កូន​​ចេញ កុំឲ្យប្រពន្ធ​ដើមដឹងតែទំនងស្រ្តីរងគ្រោះ មិនព្រម ក៏រៀបចំគម្រោងការសម្លាប់តែម្តង ។

ការសន្និដ្ឋានបែបនេះ ដោយសារតែនៅកន្លែងកើតហេតុ ជនល្មើសមិនបានយកទ្រព្យសម្បត្តិពីស្រ្តីរងគ្រោះនោះទេ ដូចជាក្រវិលទាំងគូ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញពូថៅតូចមួយ កន្ទេលមួយ និងសម្ភារ:មួយចំនួនទៀត ។

យ៉ាងណាក៏ដោយ តាមរយ:មជ្ឈមណ្ឌលព័ត៌មាន សមត្ថកិច្ច សូមអំពាវនាវដល់សាច់ញាតិ និងក្រុមគ្រួសារ របស់ស្រ្តីរងគ្រោះ ពីព្រោះរហូតមកដល់ពេល នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចាប់តាំងពីនាងត្រូវឃាតក សម្លាប់កាលពី៤ទៅ៥ថ្ងៃកន្លងមកហើយនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue