CamNews

ទេសចរណ៍ 

លោក ថោង ខុន៖ «ខេត្តព្រះសីហនុ អាចរងគ្រោះ ដោយការអភិវឌ្ឍលឿនពេក»

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ភាពរីកចំរើននៃសំណង់អគារ នៅតាមមាត់សមុទ្រនៅ ខេត្តព្រះសីហនុ កំពុងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយត្រូវមានវិធានការឱ្យបានឆាប់រហ័ស។

លោក ថោង ខុន បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទការផ្សព្វផ្សាយបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេសមុទ្រកម្ពុជា និងផែនការរៀបចំកែលំអរតំបន់ឆ្នេខ្សាច់ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា នាថៃ្ងទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ថោង ខុន បានលើកឡើងថា «ពាក់ព័ន្ធនឹងការរីកចំរើន និងអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ យើងក៏សង្កេតឃើញ ពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សខាងផ្នែកនគរូបនីយកម្ម និងសំណង់ ដូចជា៖ សណ្ឋាគារជាច្រើន។ ទន្ទឹមនឹងនេះ ការរីកចំរើនដ៏ឆាប់រហ័សនេះ ខេត្តព្រះសីហនុបាននឹងកំពុងមានបញ្ហាប្រឈមមួយចំនួនផងដែរ ខេត្តព្រះសីហនុអាចរងគ្រោះដោយ ការអភិវឌ្ឍលឿនពេកប្រសិនបើយើងមិនមានវិធានការគ្រប់គ្រងដោយហ្មត់ចត់»។

លោករដ្ឋមន្រ្តី បានបន្ថែមថា បញ្ហានេះមានដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមឆ្នេរ ការសាងសង់មិនគោរពតាម បទដ្ឋានបច្ចេកទេស នៅតាមបណ្តោយឆ្នេរលើដីចំណីឆ្នេរ និងតំបន់រណប ការគ្រប់គ្រងសំណល់រឹងនិងរាវ ជាដើម។ ក្រៅពីនោះមានសកកម្មភាពមួយចំនួន ដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិតំបន់សមុទ្រនិងការគ្រប់គ្រងលើសេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននិយាយថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះសីហនុក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរ ចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត និងគ្មានទឹកសំណល់ហូចូលសមុទ្រ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបរិស្ថានមានការប្តេជ្ញារខ្ពស់ក្នុងការពង្រឹងប្រសិទ្ធិភាពលើការប្រមូលសំរាម ការគ្រប់គ្រង់ប្រព័ន្ធលូ ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹងរាវមកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនឹងនេះ លោកបានសំណូមពរដល់ អាជីវករ ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Breaking news World news Nasa Angkor Wat Cambodia asteroids US Japan