ភ្នំពេញ៖ អ្នកថតរូបរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង (AFP) លោក តាំង ឈិនសុធី ត្រូវរបួសក្បាល គ្រាដែល សមត្ថកិច្ចកម្ពុជា ចុះបង្រ្កាបបាតុកម្ម របស់លោក ម៉ម សូណង់ដូ នៅមុខ ទីស្តីការក្រសួង ព័ត៌មាន នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០១៤។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក តាំង ឈិនសុធី អាយុ ៤០ឆ្នាំបានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ច មានការយោគយល់ ចំពោះអ្នកសារព័ត៌មាន អាជីព ជាពិសេសអ្នកកាសែត អន្តរជាតិ ដែលចុះទៅយកព័ត៌មាន ឬថតរូបផ្សេងៗ ព្រោះនេះ ក៏ជាភារកិច្ចរបស់អ្នកកាសែត នៅក្នុងសង្គម ប្រជាធិបតេយ្យផងដែរ។
លោក សុធី ដែលបំរើការអ្នកថតរូប នៅទីភ្នាក់ងារ AFP ជាង១០ឆ្នាំមកនោះ បានថ្លែងថា “បើទោះជាខ្ញុំ ស្រែកថា ប្រាប់គាត់ (សមត្ថកិច្ច) ថា ខ្ញុំជាអ្នកកាសែតក្តី ក៏គេនៅតែវាយខ្ញុំទៀត។ ខ្ញុំអត់ឈឺ (របួស) ទេ តែខ្ញុំឈឺចិត្ត”។ “ខ្ញុំសូមឱ្យអាជ្ញាធរ មេត្តាយោគយល់ដល់ អ្នកកាសែតផងដែរ។ រឿងបង្រ្កាបរឺ បំបែក បាតុកម្ម គឺជាភារកិច្ចរបស់ សមត្ថកិច្ច ប៉ុន្តែសូមកុំរាលដាលដល់អ្នកកាសែត ព្រោះអ្នកកាសែតអន្តរជាតិ អត់កាន់ជើងខាងណាទេ”។
លោកបន្តថា បើកុំតែមានពាក់សុវត្ថិការពារ ម្ល៉េះ មិនដឹងជាត្រូវធ្ងន់កម្រិតណានោះទេ។
អ្នកកាសែត ត្រូវបានគេដឹងថា ក៏មានស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ផងដែរ នៅពេលចុះទៅយក ព័ត៌មាន រឺថតរូប នៅក្នុងព្រឹត្តិការណ៍កាលាហល ណាមួយ ដែលអាចមានអំពើហិង្សា រឺការជួបជុំណា មួយ ដែលមានចរិត រើសអើង អ្នកសារព័ត៌មាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល