(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានកោះហៅម្ចាស់កំពង់ចម្លង «ឆាយហុង» មកព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការយកលុយលើសសៀវភៅបន្ទុករបស់រដ្ឋ ពីអ្នកដំណើរដែលមានបំណងឆ្លង ពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ពោលឆ្លងពីសង្កាត់ព្រែកលៀប ទៅកាន់កោះឧកញ៉ាតី និងចុងកោះដាច់។
បន្ទាប់ពីមានការណែនាំពីអភិបាលខណ្ឌភ្លាម លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ បានកោះហៅម្ចាស់អាជីវកម្មទូកដរ «ឆាយហុង» មកព្រមានជាលើកចុងក្រោយ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យទារយកលុយពីអ្នកដំណើរលើស សៀវភៅបន្ទុក ឬកាប់ឆៅតាមចិត្ត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
ការកោះហៅម្ចាស់ទូកដរ «ឆាយហុង» មកព្រមាន និងឲ្យធ្វើកិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ពីមានរឿងឈ្លោះប្រកែក គ្នាបែកផ្សែង រវាងម្ចាស់រថយន្តដឹកដែកមួយគ្រឿង និងម្ចាស់ទូកដរ ព្រមទាំងមានក្រុមអ្នកកាសែតមួយក្រុម ចុះទៅយកព័ត៌មានផងដែរ បន្ទាប់ពីម្ចាស់កំពង់ចម្លងមួយនេះ បានយកថ្លៃរហូតដល់១៥០ដុល្លារ ពីម្ចាស់រថយន្តដឹកដែក បើសិនចង់ឆ្លងទៅត្រើយម្ខាងនោះ។
ករណីនេះបានកើតឡើងវេលាម៉ោង៨ យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ដោយមានរថយន្តស្ទូចទម្ងន់៥តោន ដឹកដែកឆ្លងទូកដរ «ឆាយហុង» ពីព្រែកលៀប ទៅត្រើយម្ខាងកោះឧកញ៉ាតី តែពេលឆ្លងនោះ ត្រូវបានម្ចាស់ទូកដរ «ឆាយហុង» ទារតម្លៃរហូតដល់១៥០ដូល្លារ ដែលតម្លៃនេះថ្លៃហួសហេតុ។ ការយកថ្លៃនេះម្ចាស់ទូកដរ សំអាងហេតុផលថា រថយន្តនេះមិនមានចែងនៅក្នុងសៀវភៅបន្ទុក បើទោះបីម្ចាស់រថយន្តដឹកដែក សុំចរចាបញ្ចុះតម្លៃ យ៉ាងណាក៏ដោយនោះ។
បន្ទាប់ពីមានហេតុការណ៍បែបនេះ ម្ចាស់រថយន្តដឹកដែក បានហៅអ្នកសារព័ត៌មាន៣នាក់ឲ្យទៅយកព័ត៌មានមកចុះផ្សាយ ដើម្បីដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ តែពេលចុះទៅយកព័ត៌មាន និងថតរូបនោះម្ចាស់ទូកដរ «ឆាយហុង» និងសាច់ញាតិជាច្រើននាក់ មានស្រីមានប្រុស ចេញមកជេរប្រមាថ យ៉ាងចាស់ដៃ ប្រតាយប្រតប់ដណ្តើមកាមេរ៉ារបូតថ្មយកទៅបាត់ ហើយបានចោទអ្នកយកព័ត៌មានជាចោរប្លន់ទៀតផង។
បើតាមអាជ្ញាធរមូលដ្ឋាន ម្ចាស់អាជីវកម្មទូកដរមួយនេះ តែងតែទារតំលៃយកលើសសៀវភៅបន្ទុកតាមអំពើចិត្ត ហើយកន្លងមក ក៏ធ្លាប់មានរឿងឈ្លោះប្រកែកគ្នា ជាមួយតារាសំដែង និងតារាចម្រៀង អ្នកនាង ខាត់ សុឃីម ផងដែរដោយសារទារថ្លៃលើសហួសហេតុ ធ្លាប់មានរឿងជាមួយអ្នកដឹកសពឆ្លង និងល្បីមានរឿងឈ្លោះប្រកែកជាមួយអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើនទៀត។
កន្លងមក លោក ឃ្លាំង ហួត ធ្លាប់បានហៅម្ចាស់អាជីវកម្មទូកដរ ដែលនៅខណ្ឌជ្រោយចង្វារទាំងអស់ មកប្រជុំ និងធ្វើកិច្ចសន្យាបញ្ឈប់ ការទារថ្លៃលើសសៀវភៅបន្ទុកតាមអំពើចិត្ត។ នៅក្នុងកិច្ចប្រជុំនេះ លោក ឃ្លាំង ហួត បានផ្តោតសំខាន់ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ ធ្វើកិច្ចសន្យាបញ្ឈប់ការទារលុយពីអ្នកធ្វើដំណើរឆ្លងទូកដរ លើសពីសៀវភៅបន្ទុក ដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់តម្លៃ និងតម្រូវឲ្យម្ចាស់ទូកដរនីមួយៗ ធ្វើស្លាកប៉ាណូ បិទតារាងតំលៃនៅកំពង់ចម្លង។
លោកអភិបាលខណ្ឌធ្លាប់បានបញ្ជាក់ថា «ការចម្លងរាល់ថ្ងៃ ត្រូវអនុវត្តទៅតាមពេលវេលាកំណត់ដោយចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង៨និង៣០នាទីយប់ ប៉ុន្តែបើមានករណីបន្ទាន់ដូចជា ស្ត្រីឈឺពោះឆ្លងទន្លេ ប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់ ដឹកសព ត្រូវជួយចម្លងគ្នា ដោយមិនឲ្យឈ្លៀតឱកាសយកលើសតម្លៃឡើយ រួមទាំងកូនសិស្ស និងព្រះសង្ឈផងដែរ»។
លោក ឃ្លាំង ហួត បានព្រមានដល់ម្ចាស់អាជីវកម្មទាំងអស់ថា បើមិនដូច្នេះទេ លោកនឹងប្រើវិធានការរដ្ឋបាល ចុះបិទទូកដរណាដែលល្មើស មិនអនុវត្តតាមកិច្ចសន្យានេះ ហើយឲ្យទៅសុំច្បាប់់ឡើងវិញនៅសាលាក្រុង។
នៅក្នុងតារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា «រថយន្តមធ្យមឆ្លងម្តង១ម៉ឺនរៀល រថយន្តតូច៦ពាន់រៀល រទេះសេះ២ពាន់រៀល មនុស្សម្នាក់ ម៉ូតូ១គ្រឿង១០០០រៀល កង់១មនុស្សម្នាក់៧០០រៀល គោ ក្របី សេះ ២០០០រៀល សម្ភារ១០០គីឡូក្រាម៥០០រៀល អង្ករ១បាវ៣០០រៀល»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី