កំពត ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពត នៅរសៀលថ្ងៃទី១៦ ខែមីនានេះ បាន
បញ្ជូនខ្លួនបុរសជនជាតិវៀតណាម ម្នាក់ ទៅកាន់សាលាដំបូង ខេត្ដកំពត ជាប់ពាក់ព័ន្ធនិងការ
រំលោភហើយសម្លាប់ស្ដ្រីខ្មែរអាយុ៧៤ឆ្នាំ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ថាត់ ភឿន អាយុ
៣១ឆ្នាំ រស់នៅភូមិជើងខិន ឃុំស្រុកចាំង ស្រុកឡុងភូ ខេត្ដយិនឡុង បច្ចុប្បន្នមកស្នាក់នៅភូមិ
អណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
សមត្ថកិច្ចបានបន្ដថា ជនសង្ស័យរូបនេះ បានរំលោភសម្លាប់ស្ដ្រីរងគ្រោះ ឈ្មោះឈឹម ឈិន
អាយុ៧៤ឆ្នាំ ជាអ្នកចាំចំការរស់នៅ ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកំពត ។
ជនសង្ស័យបានសារភាពទៀតថា កាល ពីរសៀលថ្ងៃទី១៥ ខែមីនា នៅពេលដែលជនរងគ្រោះ
កំពុងនៅក្នុងផ្ទះ ចំការ ស្រាប់តែរូបគេចូលទៅចាប់រំលោភ រួចហើយរិតកជនរងគ្រោះ រហូតដល់
ស្លាប់ ហើយគេចខ្លួនបាត់ទៅ ។ ក្រោយកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង
សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ
នៅល្ងាចថ្ងៃដដែល ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល