(ភ្នំពេញ)៖ សូមចូលរួមរំលែកទុក្ខ! អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៉ីម៉ង់កិនបែកក្បាល។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យ ព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការ នៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៉ីម៉ង់ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។
បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មាន និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ មិនគួរណាបាត់បងជីវិត ទាំងវ័យក្មេងនេះទេ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី