ភ្នំពេញ : គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តយីឌុប និងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួស
ធ្ងន់ធ្ងរ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរុស្ស៊ី និង បុរស២នាក់ទៀត រងរបួសស្រាល កាលវេលា
ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ចោមចៅ ភូមិ
ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះ ធ្វើដំណើរស្របទិសជាមួយ រថយន្តបង្ក ក្នុងទិស
ដៅពី លិចទៅមក ពេលជួបហេតុការណ៍ ត្រូវរថយន្ត កិន បណ្តាលឲ្យធ្លាយពោះវៀន ដាច់សាច់
ត្រគាក ដាច់សាច់ភ្លៅ និងសាច់ជើងឆ្វេងនោះ ដោយសារម៉ូតូធ្លាក់ជង្ហុក ហើយដួលចូលរថយន្ត
និងត្រូវ រថយន្តកិនមួយ ចំហៀងខ្លួនខាងឆ្វេងរងរបួសធ្ងន់ធ្ងរ ។
ស្រ្តីរងគ្រោះឈ្មោះ ហ៊ អាយុ ២៥ឆ្នាំ ជាអ្នកជិះពីក្រោយ ចំណែកអ្នកបើកម៉ូតូ ឈ្មោះ ដា ភេទប្រុស
អាយុ ២៦ឆ្នាំ មានមុខរបរ ជាងធ្វើស្លាកយីហោ ស្នាក់ក្បែរផ្ទះស្រ្តីរងគ្រោះ ភូមិដំណាក់ធំ៣ សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសស្រាល និងម្នាក់ដែលរងរបួសស្រាលដែរនោះ ពុំត្រូវបាន
ស្គាល់អត្តសញ្ញាណឡើយ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថារថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ យីឌុបពណ៌បៃតង ពាក់ស្លាកលេខ
ភ្នំពេញ 3A-6510 បើកបរដោយបុរសម្នាក់ ឈ្មោះ ទឹម ធីម អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិ ឃុំ ជើងគួន
ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្រ្តីរងគ្រោះជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពុងស្ពឺ
1B-1493 ។ ចំពោះរថយន្ត និងម៉ូតូ ត្រូវបាននគរបាលមូលដ្ឋាន សហការជាមួយនគរបាល រាជធានី
យកទៅរក្សាទុកនៅ ការិយាល័យ នគរបាលចរាចរជើងគោករាជធានី ដើម្បីដោះ ស្រាយតាមនិតិវិធី
ច្បាប់។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នក ដំណើរ ដែលធ្វើដំណើរ តាមបណ្តោយផ្លូវដ៏អាក្រក់ នេះ បានសំណូមពរ
ដល់ លោកអភិបាលរាជធានី ភ្នំពេញ កែប ជុតិមា មេត្តាមានវិធានការចំពោះថៅកែផ្លូវនេះផងកុំគិត
តែពី ដាក់ប៉ុស្តិ៍យកលុយ ហើយមិនបានធ្វើការកែលំអរផ្លូវ ឲ្យបានស្អាតសមរម្យ សមនឹងតម្លៃសេវា
ដែលប្រជាពលរដ្ឋ បានបង់ពន្ធនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល