(សៀមរាប)៖ បាឡុងដឹកភ្ញៀវទេសចរបរទេសចំនួន៨នាក់ សម្រាប់មើលទេសភាព នៅតំបន់អង្គរវត្ត ខេត្តសៀមរាប បានធ្លាក់នៅជិតបារាយទឹកថ្លា ក្នុងទឹកដីសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ ប៉ុន្តែសំណាងល្អមិនបានអ្នករងរបួសនោះ។
មន្រ្តីនគរបាលមូលដ្ឋានសង្កាត់ទឹកវិល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា «ពិតជាហេតុការណ៍ធ្លាក់បាឡុងមែន ដោយដឹកភ្ញៀវទេសចរបរទេស ៨នាក់មានស្រី៧នាក់ (ជនជាតិអាស៊ី៤នាក់ និងអឺរ៉ុប៤នាក់) និងអ្នកបើកបាឡុងម្នាក់ជនជាតិខ្មែរ ប៉ុន្តែមិនមានគ្រោះថ្នាក់អីទេ ដោយសារតែធ្លាក់ទាប ហើយអាចមកពីខ្យល់បក់ ពីព្រោះព្រឹកមិញមានខ្យល់ខ្លាំង»។
មន្រ្តីនគរបាលបានបន្តទៀតថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំងអស់ បានឡើងរថយន្តទៅបាត់ មិនមានទៅមន្ទីរពេទ្យនោះទេ។ បើតាមសមត្ថកិច្ចបាឡុងដឹកភ្ញៀវទេសចរជារបស់ក្រុមហ៊ុនចិនមួយ មានទីតាំងស្ថិតនៅស្រុកប្រាសាទបាគង។ សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចអះអាងថា មិនដែលធ្លាប់កើតមាននោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី