ភ្នំពេញ ៖ មុខសញ្ញាឧក្រិដ្ឋជន០១នាក់ ពីបទ ឃាតកម្មគិតទុកជាមុន បានប្រើប្រាស់អាវុធបាញ់សម្លាប់យក ទ្រព្យសម្បត្តិជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១១ ផ្លូវលេខ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ដោយឈរលើស្មារតីគោរព និងអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាក់ស្ដែងបន្ទាប់ពីមានហេតុការណ៍កើតឡើង លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងជំនាញ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះអនុវត្តដោយផ្ទាល់ នៅវេលាម៉ោង០៦:៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងរបស់លោកក្ដាប់ បានថា មានករណីឃាតកម្ម បាញ់សម្លាប់មនុស្សនៅចំណុចដីឡូត៍ ស្ថិតក្នុងក្រុមទី១១ ផ្លូវ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ភ្លាមៗនោះ កម្លាំងជំនាញសមត្ថកិច្ច បានចុះទៅ ដល់កន្លែងកើតហេតុ ហើយធ្វើការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវជាបន្ត បន្ទាប់អស់រយៈពេល ១ខែ៥ថ្ងៃ គឺ រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ម៉ោងប្រហែល១៦:០០នាទី សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រើ វិធានការជំនាញ កំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួន ឧក្រិដ្ឋជនបាន០១នាក់ នៅចំណុច ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រោម ការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការឃាត់ខ្លួនឧក្រិដ្ឋជននេះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ាកអាយហ្វូន ១គ្រឿង ម៉ាកណូគារ១គ្រឿង និងម៉ាកខេហ្វូន ១គ្រឿង ស៊ីមកាតទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ជាមធ្យោបាយ ប្រើប្រាស់ក្នុងទំនាក់ទំនងហៅជនរងគ្រោះ ប្រាក់ដុល្លារចំនួន ៣,៥០០ដុល្លារ បានប្រគល់ជូនជនរងគ្រោះវិញ
រថយន្តម៉ាក HIGHLADER ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2N-4425 ប្រគល់ឲ្យភរិយា ជនរងគ្រោះវិញ អាវុធម៉ាក ឡុក សេ អេហ្វ៩៨ (Glock CF98) លេខ 4306236 មួយដើម ប្រម៉ាត់ខ្លាឃ្មុំចំនួន ១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងផ្សិតលិញជឺ មួយកញ្ចប់ ចិញ្ជៀនលោហៈធាតុ ព៌ណលឿង ត្បូងខៀវ ០១វង់ ម៉ូតូចំនួន១គ្រឿង ម៉ាក PULSAR ផលិតឆ្នាំ២០០០NS ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1C-2623 ប័ណ្ណ បើកបរ ជនរងគ្រោះ០១សន្លឹក និងកិច្ចសន្យាខ្ចីប្រាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ អេង សៀង ហៅ៨៥ ភេទប្រុស កើតឆ្នាំ១៩៩៦ ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុន គាន់ឡុង (ក្បែរ វិទ្យាល័យឥន្ទ្រទេវី) ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣ (បុរី ឡាយគង់) សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថា បន្ទាប់ពីខ្លួនបានរៀបចំ គម្រោងសម្លាប់ជនរងគ្រោះឈ្មោះ នូ គឹមសាន្ត កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤រួច វេលាម៉ោងប្រមាណ ០៩:00នាទីព្រឹក ខ្លួនបានប្រើទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ហៅចូលទៅលេខជនរងគ្រោះឈ្មោះ នូ គឹមសាន្ត ក្នុងគោលបំណង ឲ្យគាត់មកភ្នំពេញ ធ្វើជាលេសបញ្ជាទិញ ឥវ៉ាន់ពីគាត់មានដូចជា ប្រម៉ាត់ខ្លាឃ្មុំចំនួន១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងខ្នាយជ្រូកព្រៃមួយគូ ដោយខ្លួនបានកុហកជនរងគ្រោះថា ជនជាតិចិនជាអ្នកបញ្ជាទិញ ។ លុះដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លូនបានទូរស័ព្ទទៅជនរងគ្រោះចំនួនពីរដងទៀត គឺនៅវេលាម៉ោងប្រមាណ០៨ ព្រឹក និងនៅ ម៉ោងប្រមាណជា ១១ព្រឹក ដើម្បីសួរបញ្ជាក់គាត់ ពេលនោះគាត់ (ជនរងគ្រោះ) ប្រាប់ថា មកជិតដល់ហើយ ។ ពេលឈ្មោះ នូ គឹមសាន្ត មកដល់ស្តារម៉ាត ក្បែកាំកូស៊ីធី ផ្លូវ៥៩៨ (កន្លែងខ្លួនឈប់រង់ចាំ) គាត់ក៏បានឈប់រថយន្តតាមការឲ្យ សញ្ញាពីរូបខ្លួន ពេលនោះខ្លួនបានឡើងជិះរថយន្តម៉ាក Highlander ពណ៌ខ្មៅ ផលិត២០០២ (ពុំចាំស្លាកលេខ) ជាមួយគាត់ ដោយនាំគាត់ទៅដីឡូត៍ ដែលខ្លួនបានមើល និងរៀបចំទុកជាមុន នៅវេលាម៉ោងប្រមាណ ១១: ៤០នាទី ហើយបានភូតកុហកគាត់ថា ចាំជនជាតិចិនមកយកឥវ៉ាន់ ដែលបញ្ជាទិញ ភ្លាមនោះខ្លួន និងគាត់បាន ចុះពីលើរថយន្តជជែកគ្នាលេងអស់រយៈពេល ប្រមាណជាពីរម៉ោង ហើយគាត់បានសួរថា ហេតុអ្វីបានជាចិន យូរម្ល៉េះ ? ដោយចាំយូរពេក គាត់ក៏ប្រាប់ខ្លួនឲ្យទូរស័ព្ទទៅជនជាតិចិន ពេលនោះខ្លួនធ្វើជានិយាយទូរស័ព្ទ ទៅចិន តែតាមការពិតខ្លួន មិនបានហៅ ទូរស័ព្ទទៅចិននោះទេ ហើយបានភូតកុហកគាត់ទៀតថា ជនជាតិចិន ប្រាប់ឲ្យទៅជួបនៅហាង ស៊ុបនៅចំណុចក្បែររង្វង់មូលកាំកូស៊ីធីវិញ។ បន្ទាប់មកគាត់ និងខ្លួនបានឡើងជិះ រថយន្តទាំងអស់គ្នា (ខ្លួនអង្គុយខាងក្រោយ) តែពេលជនរងគ្រោះបញ្ឆេះរថយន្តបម្រុងចេញ ខ្លួនក៏និយាយថា ឈប់មួយភ្លែត ទន្ទឹមនឹងនោះខ្លួនក៏យកកំាំភ្លើងខ្លីម៉ាកឡុក ចេញពីក្នុងកាបូបស្ពាយ រួចបាញ់លើឈ្មោះ នូ គឹមសាន្ត ចំនួនបីគ្រាប់ត្រូវចំខ្នងគាត់ និងបន្តបាញ់ត្រូវចំលើក្បាល ចំនួន០៣គ្រាប់បន្ថែមទៀត រហូតដល់ ជនរងគ្រោះស្លាប់ ឃើញដូចនោះខ្លួនក៏បានចុះចេញពីលើរថយន្ត និងបិទទ្វារ រថយន្តរួចរាល់ខ្លួនក៏ត្រឡប់ ទៅផ្ទះនៅបុរីឡាយគង់ ដើម្បីផ្លាស់ប្តូរអាវព្រោះអាវពណ៌សូកូឡា ដែលខ្លួនពាក់ប្រឡាក់ឈាម លុះដល់ម៉ោង ប្រមាណ២១:០០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លួនបានទៅដល់កន្លែងនោះវិញ (កន្លែងបាញ់សម្លាប់) ហើយទំលាក់សាកសពជនរងគ្រោះឈ្មោះ នូ គឺមសាន្ត ចេញពីរថយន្ត រួចបើករថយន្តមកផ្ទះសំណាក់យីហោ ថ្ងៃល្អ ម្តុំអង់តែនទួលគោក ដោយយករថយន្តនេះ ទុកក្នុងបន្ទប់ផ្ទះសំណាក់នេះ ហើយបាំងវាំងននជិត រួចខ្លួន បានខ្ចីទុយោទឹកលាងសំអាតឈាមជាប់លើកៅអីឡាន ពេលនោះសន្តិសុខយាមផ្ទះសំណាក់ បានឃើញឈាម ក៏សួរខ្លួនក៏បានឆ្លើយថា មានទំនាស់កាប់គ្នាពេលហូបចុកមិនហ៊ានយកឡានចូលផ្ទះ ។ លុះពេលលាងសំអាត រថយន្តរួច ខ្លួនបានជិះរថយន្តនេះយក ទៅផ្ញើនៅផ្សារបឹងត្របែកផ្លាហ្សា ហើយខ្លួនក៏ទៅដេកនៅផ្ទះជួលជិត ស្ថានីយ៍ប្រេងកាល់តិច(បូកគោ) ។ លុះដល់វេលាម៉ោងប្រមាណជា ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៤ ខ្លួនបានទៅយករថយន្តចេញពីកន្លែងផ្ញើ រួចទៅដេរពូក បន្ទាប់មកទាក់ទងតាម ទូរស័ព្ទទៅអ្នកគួកជេរ ឡានឈ្មោះ រ័ត្ន សារុន ដើម្បីលក់រថយន្តនេះ លុះរយៈពេលមួយម៉ោង ក្រោយមក ខ្លួនបានទៅជួបគាត់នៅរង្វង់ មូលសម្តេចសង្ឃជួនណាត ពេលនោះគាត់បានពិនិត្យ ឯកសាររថយន្ត និងសាកល្បងរួចរាល់ គាត់ក៏ហៅអ្នក ទទួលបញ្ចាំមកមើល។ បន្ទាប់មកពេលអ្នកទទួលបញ្ចាំ មកដល់បានពិនិត្យឯកសារ និងរថយន្តរួច ក៏បានត្រូវរ៉ូវ គ្នាក្នុងតម្លៃ ៩.០០០ដុល្លាអាមេរិក។ បន្ទាប់ពីបញ្ចាំរថយន្តម៉ាកហាយឡែនដឺ រួចខ្លួនបានយក ឥវ៉ាន់ដែលនៅក្នុង រថយន្តនោះទៅផ្ទះតែម្តង ។ ចំណែកអាវុធខ្លីម៉ាក ឡុក ខ្លួនបានទិញពីជនម្នាក់មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ។
ជនសង្ស័យបានសារភាពទៀតថា ខ្លួនធ្លាប់បានបាញ់សម្លាប់ជនជាតិចិនម្នាក់ (មិនចាំឈ្មោះ) ជាមេការនៅ ក្រុមហ៊ុនចុងឈី ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានដាំកៅស៊ូ នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី មូលហេតុ ដែលបណ្ដាលឲ្យខ្លួនបាញ់សម្លាប់ជនជាតិចិននោះ គឺដោយសារជនជាតិចិននោះ បង្ខំឲ្យបុគ្គលិកធ្វើការលើស ម៉ោង ហើយបានដេញបុគ្គលិកដែលជាមិត្តភក្តិជិតដិត របស់ខ្លួនឲ្យឈប់ធ្វើការ ទើបខ្លួនមានគំនុំរហូតឈាន ដល់បាញ់សម្លាប់ជនជាតិចិននោះតែម្ដង ដោយប្រើប្រាស់អាវុធម៉ាក AK ស្វាយបត់ បាញ់ពីក្រោយត្រូវចំខ្លួន ០១គ្រាប់ និងក្បាល០១គ្រាប់ បន្ទាប់ពីបាញ់សម្លាប់ជនជាតិចិននោះ ខ្លួនក៏បានរត់គេចខ្លួន ។
បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងអស់ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចាប់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល