CamNews

ព័ត៌មានជាតិ 

«កងទ័ពជាខ្ញុំបម្រើដាច់ថ្លៃ របស់ប្រជាជនទូទាំងប្រទេស» នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួម​ ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខដល់បងប្អូននាយ-ពលទាហាន យោធភូមិភាគទី៣ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជា មានសុខសន្តិភាព កងយោធពលខេមរៈភូមិន្ទ ខិតខំពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការទំនាក់ទំនង ជាមួយនឹងដៃគូសន្តិសុខ បានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីជំរុញការអភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធាលើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស, ការបង្កើនសមត្ថភាព, ការធ្វើទំនើបកម្ម, ការបំពាក់​បច្ចេក​វិទ្យា​សមស្រប, ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង​សម្រាប់​បន្តវេននាពេលអនាគត។

នាយឧត្តមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពជាខ្ញុំបម្រើដាច់ថ្លៃរបស់ប្រជាជន, កងទ័ពត្រូវមានសេចក្តីថ្លៃថ្នូរឈរជើងកន្លែងណា ត្រូវធ្វើអំពើល្អ ចេះជួយប្រជាជន ទើបទទួលបានការស្រលាញ់គាំទ្រ ពីប្រជាជនដែលរស់នៅជុំវិញ»

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន យោធភូមិភាគទី៣ទាំងអស់ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអគ្គបញ្ជាការ, ក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិឈានមកដល់នៅពេលខាងមុខនេះផងដែរ។ បន្ថែមពីលើនេះ លោក ក៍បានថ្លែងនូវការកោតសរសើរ ដល់ឧត្តមសេនីយ៍ឯក យឿង សុខុន ដែលបានយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាគ្រឿងចក្រ, សម្ភារៈ ដឹកនាំអង្គភាព បានរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗជាច្រើនថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកសាង ព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន នាយ-ពលទាហាន និងគ្រួសារកងទ័ពចំនួន៩២០នាក់ ដោយឧបត្ថមថវិការម្នាក់ៗ ៤ម៉ឺនរៀល និងនាំយកសម្ភារៈ ជូនយោធភូមិភាគ៣រួមមាន៖ អង្ករ០៥តោន, មី១០០កេស, ទឹកបរិសុទ្ធ១០០កេស, ទឹកក្រូច១០០កេស, ស្រាបៀ១០០កេស និងថវិកា២០លានរៀល។

ក្រៅពីនោះក៏មានជូនកងពលតូចអន្តរាគមន៍លេខ១១ រួមមាន៖ ប្រេង, ម៉ាស៊ូត ៣០០០លីត្រ ,សាំង ១០០០លីត្រ និងស៊ីម៉ង់ ១០តោន។ បន្ថែមពីនោះ មានជូនប្រតិបត្តិការសឹករងកំពង់ស្ពឺ ស៉ីម៉ង២០តោន, កំព្យួទ័រ១គ្រឿង និងព្រីនធ័រ១គ្រឿងដល់ប្រតិបត្តិការសឹករងខេត្តមួយចំនួន ទៀត​រួមមាន ខេត្តកំពង់ស្ពឺ, តាកែវ, ព្រះសីហនុ,កោះកុង ,កែប ,កំពត និងយោធភូមិភាគ៣ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news