CamNews

ព័ត៌មានជាតិ 

បើកម៉ូតូត្រឡប់ មកពីធ្វើការ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ បាននិងកំពុងបើក ម៉ូតូ តែម្នាក់ឯង ត្រឡប់មកពីធ្វើការ នៅក្នុង រាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចខាងលិច ព្រលាន យន្តហោះ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវរថយន្ត មួយគ្រឿងបុក រួចហើយបើករត់បាត់ កាលពីវេលាម៉ោង ប្រមាណ ៧៖២០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤។

សាក្សីនៅនឹង កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ម៉ាក សេ១២៥សេរី ឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BX-8843 ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ពោលចេញពីធ្វើការ នៅក្នុងរាជធានីភ្នំពេញ លុះពេលធ្វើដំណើរ ដល់ចំណុចកើតហេតុ ខាងលើ ត្រូវរថយន្ត មួយគ្រឿងម៉ាក កាម៉ារី ពណ៌ស្លែ មិនចាំស្លាកលេខ ធ្វើ ដំណើរបញ្ច្រាសទិសគ្នា បានបុក ជនរងគ្រោះ ពេញមួយទំហឹងបណ្តាល ឲ្យដួល បោកក្បាលទៅនឹង ថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានបន្តទៀតថា ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ រថយន្តបង្ក ដែលគេមិនស្គាល់ ស្លាកលេខ បានបើកគេចបាត់។

សមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅកាន់ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃិន ប៊ុនសុង អាយុ២៨ឆ្នាំ រស់នៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុក កំណើត នៅឃុំឃ្នាប ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចទាក់ទងទៅ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីប្រគល់ឲ្យ ក្រុមគ្រួសារ ជនរងគ្រោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ