CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៣នាក់ យកមកអប់រំ

បាត់ដំបងៈ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានស្រាវជ្រាវ និងធ្វើ
ការឃាត់ខ្លួនសង្ឃក្លែងក្លាយ ៣នាក់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅ
ចំណុចផ្ទះជួល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បញ្ជូនមកស្នងការខេត្ត ធ្វើការ
សាកសួរ រួចកសាងសំណុំរឿង និងឲ្យធ្វើកិច្ចសន្យា និងអប់រំដោះលែង។

លោកវរសេនីយ៌ទោ មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹង
ថា លោកសង្ឃក្លែងក្លាយទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ទី១ ឈ្មោះ នុត សុភ័ណ
ហៅ អូន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (ធ្លាប់បួសនៅ
វត្តតាមិម រយៈពេល២ខែ), ទី២ ឈ្មោះ ប៊ិញ បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ
គោកក្តួច ឃុំតាពូង ស្រុកថ្មគោល (ធ្លាប់បួស នៅវត្តមហាមន្រ្តីភ្នំពេញ បានរយៈពេល១ខែ), ទី៣
ឈ្មោះ មាស កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិពោធិ៍ស្រុក ឃុំកោងកាង
ស្រុកពញាក្រែក ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង
បាត់ដំបង (ធ្លាប់បួសនៅវត្តអណ្តើក ស្រុកបាណន់បាន៣ឆ្នាំ)។

លោកវរសេនីយ៍ទោ មៀន ឡាយ បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវរួចមក សមត្ថកិច្ចបាន
បង្រ្កាបជាក់ស្តែង ខណៈសង្ឃក្លែងក្លាយទាំង៣នាក់កំពុងគ្រងស្បង់រៀបចេញពីផ្ទះជួល ទៅបិណ្ឌ
បាត្រតាមផ្ទះ ដោយរឹបអូសបានវត្ថុតាង ស្បង់ចីវរ និងបាតចំនួន២ នាំយកមកការិយាល័យសាក
សួរចម្លើយ។

សង្ឃក្លែងក្លាយទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង៣នាក់ បានស្គាល់គ្នា នៅប្រទេស
ថៃ ហើយបានដើរបិណ្ឌបាត្រ ជាមួយគ្នានៅប្រទេសថៃ ក៏នាំគ្នាមក ខ្មែរវិញ ដើរស៊ីផឹកជាមួយស្រី
និងផ្គត់ផ្គង់ប្រពន្ធ។ លុះដល់អំឡុងឆ្នាំ២០១២ ពួកខ្លួនបានមកជួលផ្ទះ នៅបន្ទប់ជិតគ្នា នៅភូមិរំចេក
៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយបាននាំគ្នាគ្រងស្បង់ ដើរបិណ្ឌបាត្ររៀងរាល់ថ្ងៃដើម្បីចិញ្ចឹម
ជីវិត។ លុះដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ពួកគេបម្រុងចេញពីផ្ទះជួល ទៅបិណ្ឌបាត្រក៏ត្រូវ
សមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា សង្ឃក្លែងក្លាយទាំង៣
នាក់នេះ ពិតជាបានធ្វើអំពើមួយមិនល្អ ដែលធ្វើឲ្យខូចនិងប៉ះពាល់ សាសនារបស់រដ្ឋ តែពុំទាន់មាន
បទល្មើសព្រហ្មទណ្ឌអ្វីធ្ងន់ធ្ងរនោះទេ សមត្ថកិច្ចគ្រាន់តែឃាត់ខ្លួន យកមកអប់រំ និងអាណាព្យាបាល
មកធានា និងឲ្យធ្វើកិច្ច សន្យាបញ្ឈប់ធ្វើរបៀបនេះបន្តទៀត ហើយឲ្យត្រឡប់ទៅផ្ទះវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ