លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបាននិយាយថា ស្ថានីយវារីអគ្គីសនីនៅកម្ពុជាអាចផលិតបាន ៦០០ នៃ ១៤០០ មេហ្គាវ៉ាត់ ដែលជាតម្រូវការសម្រាប់ប្រើប្រាស់ទូទាំងប្រទេស ដោយសារតែមានភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលប្រារព្ឋពិធី ខួបអនុស្សាវរីយ៍ទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមនៅភ្នំពេញ។
លោកមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងជួបប្រទះកង្វះខាតទឹក ដែលធ្វើឱ្យមានការលំបាកក្នុងការផលិតថាមពលអគ្គីសនី។ ប៉ុន្តែភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ អាចឲ្យយើងផលិតថាមពលអគ្គិសនីបាន ៦០០ មេហ្គាវ៉ាត់។”នៅព្រឹកនេះខ្ញុំបានទទួលរបាយការណ៍ ពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ វាជាលើកទី ១ ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលស្ថានីយ៍វារីអគ្គីសនីរបស់យើង អាចផលិតបាន ៦០០ មេហ្កាវ៉ាត់នៃចំនួនដែលតម្រូវការ ១៤០០ មេហ្កាវ៉ាត់។ កាលពីសប្តាហ៍មុន យើងអាចផលិតបានត្រឹមតែ ៤០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ»។
លោកបានបន្ថែមថា លោកសង្ឃឹមថាភ្លៀងនឹងបន្តធ្លាក់ក្នុងសប្តាហ៍ខាងមុខ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រដូវវស្សាអាចនឹងមកដល់មុនពេល។ គាត់បាននិយាយថា រដូវវស្សានឹងមកដល់នៅដើមសប្តាហ៍ទីបីក្នុងខែនេះ ប៉ុន្តែនឹងមានភ្លៀងធ្លាក់ក្នុងអំឡុងសប្តាហ៍ទីពីរ ។
ទោះជាយ៉ាងណាលោកបានកត់សម្គាល់ថា អាជ្ញាធរគួរតែយកចិត្តទុកដាក់ទៅលើព្យុះភ្លៀង និងផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹង ពីវិធីបង្ការគ្រោះមហន្តរាយធម្មជាតិ។
រដូវប្រាំងនៅកម្ពុជាចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែមេសា ហើយរដូវភ្លៀងចាប់ផ្តើមពីខែឧសភា រហូតដល់ខែតុលា។ កាលពីខែកុម្ភៈ លោក ហ៊ុន សែន បានអំពាវនាវដល់មន្រ្តីរដ្ឋាភិបាល ឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយសារតែកង្វះខាតទឹក ដើម្បីផលិតថាមពលអគ្គីសនីនៅតាមទំនប់ទឹក។យោងតាមរបាយការណ៍នាពេលថ្មីៗនេះរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលអគ្គីសនីទូទាំងប្រទេស នឹងកើនដល់ ២.៨៧០ មេហ្គាវ៉ាត់នៅឆ្នាំនេះ។
របាយការណ៍បាននិយាយថា ថាមពលអគ្គីសនី ២.៤២៨ មេហ្គាវ៉ាត់នឹងត្រូវផលិតក្នុងស្រុក ហើយនៅកន្លែងខ្វះខាតត្រូវទិញពីប្រទេសថៃ វៀតណាម និងឡាវ ៕
ប្រភព ៖ khmertimes