ភ្នំពេញ ៖ ដោយយល់ឃើញថា ប្រជាពលរដ្ឋកម្ពុជា មានការយល់ច្រឡំនៅឡើយនូវពាក្យ
«រ៉ឺម៉កម៉ូតូកង៣» ថា «ទុក-ទុក» ទើបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានធ្វើ
ការក្រើនរំលឹកជាថ្មីម្តងទៀត តាមរយៈសេចក្តីជូនដំណឹងមួយដែលចេញផ្សាយ នៅថ្ងៃទី៩ ខែ
មករា ឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយផ្នែកឯកជន នៅឯខេត្តសៀមរាប។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងនៅក្នុងកិច្ចពិភាក្សានេះថា «សូមប្រជា
ពលរដ្ឋកម្ពុជា កុំច្រឡំពាក្យ «រ៉ឺម៉កកង់៣» ថាជា «ទុក-ទុក» និងបញ្ឈប់ការហៅបែបនេះទៀត
ដើម្បីកុំឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិយល់ថា កម្ពុជាយកពាក្យបរទេសមកប្រើ»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ បានមានប្រ
សាសន៍តាមទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា លោក គាំទ្រទៅនឹងការកែប្រែពី
ការហៅ «ទុក-ទុក» ទៅជា «រ៉ឺម៉កកង់៣ ឬរ៉ឺម៉កទេសចរណ៍»វិញ។
លោក បានបន្ថែមទៀតថា «វាមានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះកម្ពុជា វាជាអត្តសញ្ញាណ
ជាតិខ្មែរ ព្រោះភាសា ទុក-ទុក មិនមែនជាភាសាខ្មែរទេ តែរ៉ឺម៉កកង់៣ ឬរ៉ឺម៉កទេសចរណ៍ជាភាសា
របស់ខ្មែរ ហើយយើងអាចលើកស្ទួយស្នាដៃ របស់ប្រជាពលខ្មែរដែលជាអ្នកផលិតផងដែរ»។
លោក អ៊ុំ ភីរ៉ាន់ ដែលជាអ្នករត់ រ៉ឺម៉កកង់៣ បានប្រាប់ក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ថា លោកឯកភាពចំពោះការផ្លាស់ប្តូរពីការហៅ ទុក-ទុក មកជា រ៉ឺម៉កកង់៣ ហើយលោក បានបន្ថែម
ទៀតថា «ការផ្លាស់ប្តូរបែបនេះ អាចជួយលើកកំពស់អក្សរសាស្រ្តខ្មែរ ដើម្បីកុំឲ្យអក្សរសាស្រ្តជាតិ
មានការបាត់បង់»។
គួរបញ្ជាក់ផងដែរថា រ៉ឺម៉កកង់៣ ឬរ៉ឺម៉កទេសចរណ៍ គឺមានការពេញនិយមពីសំណាក់ ភ្ញៀវទេសចរ
ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រទេសកម្ពុជា ដូច្នេះទើបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក
ថោង ខុន បានសេចក្តីជូនដំណឹងដល់ ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការហៅ «ទុក-ទុក» មកហៅថា
«រ៉ឺម៉ក កង់៣ ឬរ៉ឺម៉កទេសចរណ៍»វិញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល