CamNews

ព័ត៌មានជាតិ 

ធនាគារគោជួយលើកស្ទួយជីវភាពពលរដ្ឋក្នុងខេត្តបាត់តំបង

បាត់ដំបង៖​ ការ​ផ្តល់កម្ចីជា​សត្វគោសម្រាប់កសិករយកទៅចិញ្ចឹម ឬប្រវាស់ បាន​ជួយ​សម្រួល​ដល់​​ជីវភាព​រស់នៅ​​​របស់​ប្រជា​ពល​​រដ្ឋ​​ នៅក្នុង​​​​ឃុំ​​​តា​គ្រៀម ស្រុកបាណន់ ខេត្ត​បាត់ដំបង ឲ្យមាន​ភាព​ធូរ​ស្រាល​បាន​មួយ​កម្រិត ​ជា​ពិសេស ​ជា​មុ​ខ​​របរ​មួយ​​សម្រាប់​មនុស្ស​​​វ័យ​​ចំណាស់ដែល​ពុំអាចធ្វើការងារ​ធ្ងន់​បាន​​។

សម្បុរស្រអែមរាង​ស្គមខ្ពស់ លោក ហាស់ សារ៉ាត់ រស់​នៅ​​ភូមិស្លាប​ប៉ាង​​ ឃុំ​តាគ្រៀម បានឲ្យ​ដឹងថា គ្រួសារ​​​របស់គាត់​បានខ្ចីមេគោចំនួន​២ក្បាល​​ ពី​អង្គការជប៉ុន​មួយ​​ឈ្មោះ Kurume Overseas Volunteer Collaborations (KOVC) ដែល​សហ​ការ​ជាមួយ​អង្គការ Appropriate Technology International Movement (AIM) តាំង​ពី​ឆ្នាំ២០១៥​មក ដើម្បី​យកមក​ចិញ្ចឹម ដោយ​ភ្ជាប់​លក្ខខណ្ឌ​ចែកកូនគ្នា​ម្នាក់មួយ​ នៅពេលដែលមេគោនោះមាន​កូន​​។ លោកថា៖ «លក្ខខណ្ឌ​ខ្ចីហ្នឹង គឺ​ពេល​មេគោ​ហ្នឹង​​មានកូន​​ដំបូង ខាង​អង្គការ​គេ​យក ដល់​កូនទី​២​យើងអ្នកយក​​ ហើយ​មេគោ​នៅតែ​ជា​របស់​អង្គការ​ដដែល»។


បុរសវ័យ ​៦៣​ឆ្នាំរូប​នេះ បាន​បន្តថា នៅពេល​ដែលឲ្យ​​ខ្ចីសត្វ​​គោ ឬប្រវាស់​គោ​នេះ ខាងអង្គការ​ទាំង​ពីរ​ក៏បា​ន​ធ្វើ​ការ​បណ្តុះ​​បណ្តាល​​ពី​ការ​ចិញ្ចឹមសត្វ និង​ផ្នែក​កសិកម្ម ដល់​ប្រជាកសិករ​ដែលខ្ចីផង​ដែរ​ ហើយ​ក្នុង​​​អំឡុង​​ពេល​ចិញ្ចឹម​​​ បើ​សិន​​ជា​សត្វ​គោ​នោះ​​ឈឺធ្ងន់​ ភាគី​អង្គការ និង​អ្នក​ខ្ចី​​ គឺ​បាន​​​ជួយ​ចេញ​ថ្លៃ​សេវា​ចាក់​ថ្នាំតាម​លទ្ធ​ភាព​រៀង​ៗខ្លួន ប៉ុន្តែក្នុង​ករណី​​​សត្វ​គោ​ងាប់ ឬបាត់​​ នោះ​ភាគីអ្នកខ្ចី​ត្រូវ​រកសត្វ​គោតូច​ឬ​ធំ​​ទៅតាម​លទ្ធភាព​ ដើម្បីសង​ទៅអង្គការ​វិញ។

លោក​សារ៉ាត់ បាន​និយាយថា៖ «សត្វគោ​មួយ​បើ​សិន​យើង​ចិញ្ចឹម​រៀង​ធំបន្តិច​លក់​ក៏បាន​ថ្លៃ​ដែរ គោពេញវ័យ​លក់​ទៅ​មួយ​​តម្លៃ​​ប្រហែល​​២លានរៀល​​ អីចឹង​វា​អាចជួយ​ដោះស្រាយ​ជីវ​ភាព​​​ពេលខ្វះខាតបានមួយគ្រាៗដែរ»។

គិតមកដល់បច្ចុប្បន្ន បុរសរូបនេះ មានសត្វគោកើន​ដល់​ចំនួន​៨ក្បាល ក្នុងសត្វគោ​​របស់អង្គការចំនួន​៥ក្បាល និង​សត្វគោរបស់លោកចំនួន ៣ក្បាល។


ប្រជាកសិករមួយរូប​ទៀត លោក អ៊ុក អែម អាយុ​៧៦ឆ្នាំ ដែលបានខ្ចីសត្វគោពីអង្គការ KOVC បានឲ្យ​ដឹង​ដែរ​​​ថា សត្វ​គោ​ដែល​បាន​ខ្ចី​នោះ ត្រូវ​ការ​ពេលវេលាពីមួយឆ្នាំទៅ​២ឆ្នាំ ទើប​កើតបាន​កូន​មួយ ប៉ុន្តែ​ការ​ចិញ្ចឹម​នោះពុំ​​មាន​ផល​លំបាក​​នោះទេ គ្រាន់តែ​ភាគីអ្នកខ្ចី​ត្រូវយកសត្វគោ​មេ​នោះ ទៅ​បង្កាត់​ពូជ​ដោយ​ខ្លួន​ឯង ដើម្បី​បាន​កូន​។ លោកថា៖ «ពេល​យើង​​យកសត្វ​គោ​ទៅបង្កាត់ពូជ គឺ​យើងត្រូវ​ចំណាយ​ប្រាក់​​ម្តងៗ ​ចំនួន​៤ម៉ឺនទៅ​៥ម៉ឺនរៀល​ ដល់​​ពេលបាន​កូន​គោ​មក​យើ​ងចែក​គ្នា​​ម្នាក់​១ជាមួយខាងអង្គការ​»។

លោក​អ៊ុក​ អែម បាន​បន្ត​ថា ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិនេះ​ភាគ​ច្រើន ជា​អ្នក​មានជីវភាពក្រីក្រ ប្រកប​តែ​​របរធ្វើស្រែ​តែ​មួយ​​​​មុខ ហើយក្នុងករណី​ដែល​​អាកាស​ធាតុ​មិនអំណោយផល ឬក្តៅហួត​ហែង​ខ្លាំង​ នោះ​ការប្រមូលទិន្នផលស្រូវ​​ក៏ពុំ​សូវ​ល្អ​ដែរ ដូច្នេះ​ការ​ផ្តល់នូវ​សត្វគោ​សម្រាប់់ឲ្យ​ពួកគាត់ចិញ្ចឹម​​​ប្រវាស់ពីសំណាក់​អង្គការ​KOVC​នេះ ពិតជា​បាន​ជួយ​លើក​ស្ទួយ​ដល់ជីវ​ភាព​របស់​ពួកគាត់​បាន​ច្រើន​ដែរ។​

ចំណែក ប្រជាពលរដ្ឋម្នាក់ដែលខ្ចីសត្វ​​គោចំនួន​​មួយ​ក្បាល ​​ពីធនាគារគោ​របស់អង្គការ​KOVC លោក​អូច សូយ ​អាយុ​​៥៦ឆ្នាំ បាន​និយាយថា សត្វគោ​ដែល​គាត់បានខ្ចីពីអង្គការនោះ​ បាន​កើតកូន​ជាបន្តបន្ទាប់​ ​ហើយ​លោក​ក៏បាន​យក​កូន​គោ​នោះ​​ទៅលក់ ​ដើម្បីជួយ​​ទំនុកបំរុងជីវភាពគ្រួសារ​របស់លោក។ លោក​ថា៖ «កូនគោមួយក្បាល​ហ្នឹង ខ្ញុំបាន​យក​ទៅ​លក់​បាន​លុយ​​ជាង១៨០ដុល្លារ ហើយកូនគោមួយ​ទៀត ​ខ្ញុំប្រគល់ទៅ​ឲ្យខាងអង្គការ​វិញហើយ ប៉ុន្តែ​ខ្ញុំនឹងបន្តខ្ចី​គោមក​ប្រវាស់​​​​បន្ថែមទៀត ដើម្បីបានកូនសម្រាបចិញ្ចឹមបន្ត»។

លោកបន្ថែមថា៖ «​ប្រសិន​បើ​យើង​ចិញ្ចឹមសត្វគោនោះធំ អីចឹង​យើងយកទៅលក់ក៏បានតម្លៃថ្លៃ​ដែរ។ បច្ចុប្បន្ន​សត្វ​គោ​ដែលយើង​ចិញ្ចឹមនេះ ​​​មិន​សូវ​មានអ្នក​ចិញ្ចឹម​សម្រាប់ប្រើ​សម្រាប់ព្យួរស្រែ​ចម្ការទេ បើ​យកទៅព្យួរស្រែក៏យក​​តែ​គោ​ឈ្មោល​​ដែរ តែនិយាយ​រួមទៅ​ឥលូវ​គេ​ច្រើន​តែប្រើ​គ្រឿងចក្រគោ​យន្ត ចំណែក​​សត្វគោចិញ្ចឹម​ទុកគ្រាន់់លក់ដោះទាល់​ ឬ​ក៏ទុកកាប់​​យកសាច់​ពេលមានពិធីបុណ្យឬ​ការអីចឹង»។

អង្គ​ការជប៉ុន KOVC បាន​បង្កើត​ឡើងនៅ​ឆ្នាំ​១៩៩៥ ដោយធ្វើ​សកម្មភាពដំបូង​នៅទ្វីបអាហ្វ្រិក ហើយ​​នៅ​អំឡុង​ឆ្នាំ​២០១២ អង្គការនេះបានសហការ​ជាមួយអង្គការ AIM ក្នុងការ​ជួយ​ដល់​ប្រជាពលរដ្ឋក្រីក្រ​​ស្រុកបាណន់​ ខេត្ត​បាត់​ដំបង​​នេះ។លោក Sing Kea នាយកប្រតិបត្តិអង្គការ AIM បាន​ឲ្យដឹងថា ក្រោយពីបាន​ចុះ​​ជួយ​ដល់​ពលរដ្ឋ​​នៅឃុំតា​គ្រៀម តាំង​ពី​ឆ្នាំ​២០១២ តាមរយៈការ​ជួយ​ជីក​ស្រះ​ទឹក ​ធ្វើផ្លូវ​សម្រាប់ពលរដ្ឋ​ធ្វើ​ដំណើរ និងជួយ​ដល់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​នោះ​​មក នៅ​ឆ្នាំ​២០១៥ អង្គការ​នេះ​ ក៏​បានសម្រេច​បង្កើត​ធនាគាគោ ក្រោមការសម្រប​សម្រួល​របស់​អង្គការ AIM ដើម្បី​​ផ្តល់​សត្វ​គោ​​ឲ្យ​ប្រជាពលរដ្ឋខ្ចី ដើម្បីយកទៅចិញ្ចឹម និងប្រវាស់​ ដែល​​គិតមកដល់​ខែ​មីនា​ឆ្នាំ​នេះ​​ អង្គការ​​មាន​សត្វ​គោ​ចំនួន​២០ក្បាល សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​​យក​ទៅ​ចិញ្ចឹម​។

លោកថា៖ «គោល​បំណង​នៃការ​បង្កើត​ធនាគារ​​នេះ គឺ​ដើម្បី​​​ជួយ​លើក​កម្ពស់​ដល់​ជីវ​ភាពគ្រួសារ​​​ និង​កាត់​បន្ថយ​អត្រា​ចំណាកស្រុក​របស់ប្រជាពលរដ្ឋក្នុងសហគមន៍​ក្រីក្រ​មួយ​នេះ»។

លោកSing Kea បាន​បន្ថែមថា ក្រៅពីការផ្តល់កម្ចីជាសត្វគោតាមរយៈគម្រោងធនាគារ​គោ​នោះ អង្គការKOVC ​ក៏​បាន​ជួយ​​បណ្តុះបណ្តាលជំនាញ​កាត់ដេរ​ខ្នាតតូចដល់​ស្ត្រីក្រីក្រ​ និង​បាន​ផ្តល់នូវ​សម្ភារៈសិក្សា​ដល់​សិស្ស​ក្នុងភូមិ​​ ព្រម​ទាំង​​បង្កើត​នូវ​បណ្ណាល័យ​​តូចមួយសម្រាប់​ជាជំនួ​យ​ដល់ការ​សិក្សា​របស់​ពួកគេ​ផង​ដែរ។ លោកថា៖ «អង្គការហ្នឹង​​​គាត់​ជួយ​ដល់ស្ត្រីក្រក្រ ឲ្យរៀន​កាត់​ដេរ ហើយ​​​ផលិតផលដែលដេរ​​បានហ្នឹង គាត់​យកទៅ​លក់នៅប្រទេស​ជប៉ុន អីចឹងប្រជា​ជន​ជប៉ុនគាត់​អាចស្គាល់ពីស្នាដៃរបស់ខ្មែរយើង​ផងដែរ»។

អ្នកស្រី ខន សុខួន អាយុ​៣៤​ឆ្នាំ ដែលបានខ្ចីសត្វ​គោ​ចំនួន​២ក្បាល​ពី​អង្គការ​​មួយ​ផ្សេង​ទៀត​​យកទៅចិញ្ចឹម ​និងបាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញកាត់​ដេរ​​ពី​អង្គការ KOVC បាន​​និយាយថា​ ក្រៅពីការ​ចិញ្ចឹម​សត្វ​គោ ​និងដាំ​ដំណាំ​ស្រូវ អ្នកស្រី​​ក៏បាន​ឆ្លៀត​ពេល​ទំនេរ កាត់ដេរ​កាបូប​ដៃ​​តូច​ៗ​​ និង​​សំលៀក​បំពាក់​ខ្លះ ដើម្បីចិញ្ចឹម​ជីវិត​បន្ថែម​ផង​ដែរ។ អ្នកស្រីបន្តថា៖ «​កាបូប​នោះ​​​ជា​កាបូប​ក្រណាត់ ហើយ​​​ក្នុង​កាបូប​​​មួយ​ ខាង​អង្គការបាន​ទិញ​យក​ក្នុងតម្លៃ​ ៣ពាន់​រៀល អីចឹងខ្ញុំចិញ្ចឹម​សត្វ​គោខ្លះ​​ កាត់​ដេរ​ខ្លះ គ្រាន់​ជាងទុក​ពេល​​​ទំនេរចោល​ឥត​ប្រយោជន៍»។​

នាយិកា​ប្រតិបត្តិអង្គការ​KOVC កញ្ញា Sayoe Nojima ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុងប្រទេស​ជប៉ុន ​ធ្លាប់​បាន​ប្រាប់​កាសែត​​ក្នុងស្រុក​កាល​ពី​ពេល​ថ្មីៗ​​នេះ​ថា គម្រោង​ធនាគារ​គោនេះ ជាគម្រោង​សាកល្បង​មួយ ហើយអង្គការនេះក៏​គ្រោង​​​​នឹងពង្រីកចំនួនសត្វគោបន្ថែម​ទៀត ដើម្បី​ផ្តល់​កម្ចី​​​​​ដល់​ប្រជាពលរដ្ឋដែល​ត្រូវការសត្វគោ ប្រើ​ប្រាស់ក្នុងវិស័យ​កសិ​កម្ម និងលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់។ អ្នកស្រីថា៖ «ខ្ញុំចង់បានបរិស្ថានក្នុងតំបន់​គោល​​ដៅ​របស់​ខ្ញុំ មានភាពស្រស់បំព្រង​ជាមួយនឹងជីវភាពធូរធារ​របស់​ប្រជា​ជន»។


អនុភូមិស្លាប​ប៉ាង​ លោកផែន ទិង បា​នឲ្យដឹង​ថា ការជួយ​ផ្តល់​កម្ចី​​ជា​​សត្វ​គោរបស់​អង្គការ​KOVCនេះ ពិតជា​​​បាន​ជួយ​មួយ​​ផ្នែក​​ដល់​​ជីវភាព​របស់ប្រជាពលរដ្ឋដែល​ជួបការខ្វះខាត​។ លោកថា៖ «អង្គការ​នេះបានជួយ​ផ្តល់​សត្វ​គោ​ឲ្យ​​ប្រជា​ពលរដ្ឋចិញ្ចឹម អីចឹងពេល​សត្វ​គោ​នោះ​មាន​កូន អ្នកចិញ្ចឹមហ្នឹង​គាត់អាច​យកសត្វ​​គោនោះ ​​ទៅ​ប្រវាស់បន្តឲ្យ​អ្នក​ផ្សេង​ទៀត អីចឹង​​វា​​ជួយបាន​​​ច្រើន​ដល់​ពលរដ្ឋ​នៅក្នុង​ភូមិរបស់​យើង​»។

បើ​តាម​លោក​ផែន ទិង ក្នុង​ភូមិ​នេះ មាន​​​ប្រជាពលរដ្ឋរស់នៅជាង៤៧០គ្រួសារ​​ ហើយ​ពលរដ្ឋដែលពេញ​វ័យ​កម្លាំង​​​ភាគ​ច្រើន​​បាន​​ចំណាក​​ស្រុក​ទៅ​​កាន់តំបន់ផ្សេង​ៗ និងប្រទេស​ថៃ ដើម្បី​រកប្រាក់កម្រៃ​​មកជួយ​​ផ្គត់​ផ្គង់ជីវភាពគ្រួសាររបស់​ពួក​​គេ ដូច្នេះ​នៅ​ក្នុងភូមិ​ភាគច្រើន ​សល់​តែមនុស្សវ័យចំណាស់ ​ដែល​នៅបន្ត​ប្រកប​របរ​ធ្វើស្រែ​ និងចិញ្ចឹមសត្វ ​ដើម្បី​ទ្រទ្រង់ជីវ​ភាព​ប្រចាំ​ថ្ងៃ។

ការចិញ្ចឹមសត្វគោជា​លក្ខណៈ​គ្រួសារ ប្រជាកសិករ​ចាំ​បាច់គួរ​ដឹង​​ពីបច្ចេកទេស​នៃការ​ចិញ្ចឹម ​ដើម្បី​ជួយ​ថែរក្សា​សត្វគោ​ឲ្យ​មានសុខ​ភាព​ល្អ និង​ជាប្រយោជន៍​សម្រាប់គ្រួសារ​របស់ពួកគាត់ ព្រោះ​​សត្វ​គោ​ជាកម្លាំង​អូស​ទាញ​ក្នុងការ​ងារ​កសិ​កម្ម ផ្តល់​សាច់​និង​ទឹកដដោះសម្រាប់ជា​អាហារ​ និងជំរុញ​ការ​លូត​លាស់​របស់​សារ​ពាង្គ​កាយ សម្រាប់​ផលិតកូន​និង​ទុក​បន្ត​ពូជ និង​ផ្តល់លាមក​សម្រាប់​យកទៅធ្វើជាជី​កំប៉ុស្តិ៍​សម្រាប់​​ដំណាំ​ផ្សេង​ៗ​ផងដែរ។

យោង​តាមឯកសារ​របស់​​ក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យ​ដឹងថា ការថែទាំសត្វគោ ក៏ត្រូវ​គិត​គូរដល់​ការ​ចាក់វាក់សាំង​ការ​ពារ​ជំងឺ​៤​មុខ​ផងដែរ ដូច​ជា ថ្នាំការ​ពារ​ជំងឺ​អុតក្តាម សារទឹក ឈាម​ខ្មៅ និង​បូស​ខ្យល់​។​​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ខេត្តបាត់​ដំបង លោក ឡុង ផល្គុន បានមាន​ប្រសាសន៍ថា ក្នុង​ខេត្ត​នេះ មាន​អង្គការមួយចំនួន​ ​បាន​​ផ្តល់​សត្វគោ​ដល់​ប្រជាពលរដ្ឋសម្រាប់ប្រវាស់​​ចិញ្ចឹម​ ប៉ុន្តែ​មាន​តែអង្គការ​មួយ​ប៉ុណ្ណោះ​ដែល​បានជូនដំណឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ខាងមន្ទីរ។

តែយ៉ាងណា​ លោកថា៖ «​ខាង​យើង​រីករាយ​ស្វាគមន៍ចំពោះអង្គការ​សង្គម​ស៊ីវិល​ដែល​បានជួយ​ផ្តល់សត្វ​គោ​ដល់​ប្រជា​ពលរដ្ឋខ្ចី ឬប្រវាស់ ប៉ុន្តែ​អង្គការទាំងនោះ ត្រូវ​មានកិច្ច​សហការជាមួយ​មន្ត្រី​ក្រសួង​កសិកម្ម​យើង​ខ្ញុំ​ផង ដើម្បី​ខាង​យើង​បាន​​ជួយ​សម្រប​​សម្រួល​បន្ថែម ព្រោះ​យើង​ក្នុងនាមយើង​ជា​​អង្គភាព​បច្ចេស​ទេសនៃ​រាជ​រដ្ឋាភិបាល​ យើង​ត្រូវ​ទទួល​ខុស​ត្រូ​វ​​​​ក្នុង​​​ករណី​ដែល​​​​បញ្ហា​​រោគ​រាត​ត្បាត​​ណា​មួយ​ទៅ​លើសត្វ​ទាំងនោះ យើង​ចុះទៅអន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ»។

លោកបន្ថែមថា៖ «យើងគួរ​មាន​កិច្ច​សហការ​រួមគ្នា ធ្វើ​ម៉េចឲ្យ​ដំណើរ​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​វា​ស្រប​គ្នា ទៅ​នឹង​គោល​នយោ​បាយ​របស់ក្រសួង ក៏ដូចជា​​​រាជ​រដ្ឋាភិបាល ព្រោះ​ទិសដៅ​​របស់យើង​តែ​​មួយទេ គឺជំរុញ​វិស័យ​កសិកម្ម​ឲ្យ​រីក​ចម្រើន ក្នុងគោល​ដៅ​​​​បង្កើន​ផលិត​កម្ម​កសិកម្មក្នុង​​ស្រុក និង​​​​បង្កើន​ប្រាក់​ចំណូល​​ដល់​ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ​»។

បើតាមលោក ឡុង ផល្គុន ​បច្ចុប្បន្ន ក្រសួង​​ពុំទាន់មានកម្មវិធីទិញសត្វគោដើម្បី​ប្រវាស់់ជូន​ប្រជាពលរដ្ឋ​នៅឡើយ ប៉ុន្តែ​ក្រសួង​មានកម្មវិធី «ភូមិ​ឃុំស្អាត សត្វមានសុខ​ភាព» ដែលកម្មវិធី​នេះ​ មាន​ការ​ផ្តល់នូវ​ពូជ​ស្មៅសម្រាប់​សត្វ​ពាហនៈ ​​ជំរុញ​​ការ​បង្កាត់​​សត្វ​​គោ​សិប្បនិម្មិត​ដើម្បី​យក​ពូជ​ល្អ និង​ការ​ថែ​ទាំ​សុខ​ភាពសត្វ​​ជា​ដើម ដែលក្នុងនោះ​ មន្ទីរ​​មានក្រុម​ការ​ងារ​ពេទ្យ​សត្វ​​សរុប​ជាង ៨០០នាក់ នៅ​តាម​ភូមិ​និមួយ​ៗចំនួន ៧៩៩ភូមិ​ទូទាំង​ខេត្តបាត់​ដំបង។

ត្រឡប់​មក​រក​អ្នកភូមិ​ស្លាបប៉ាង ឃុំ​តាគ្រៀមវិញ លោក​ហាស់ សារ៉ាត់ បាន​និយាយថា ការចិញ្ចឹមសត្វ​គោ មិន​មាន​ការ​លំបាក​នោះទេ ហើយ​វាបាន​ផ្តល់​នូវ​មុខ​របរ​មួយសម្រាប់​មនុស្ស​វ័យចំណាស់​ក្នុងភូមិ​​ ដូចជា​រូប​គាត់​ ក្រៅពីរបរ​ធ្វើ​ស្រែ ខណៈដែល​យុវជន​ដែល​ពេញ​កម្លាំង បាននាំគ្នា​ចំណាក​ស្រុក​ទៅកាន់​រាជធានីភ្នំពេញ ខេត្តជាប់​ព្រំដែន និងប្រទេស​ថៃ​ជា​ដើម។ លោកថា៖ «រាល់ថ្ងៃ​នេះ មិនមានមុខ​របរអីទេ មានតែ​ធ្វើស្រែ ហើយឆ្នាំ​នេះ​អាកាស​ធាតុក្តៅខ្លាំងទៀត ធ្វើ​ស្រូវ​ក៏​មិន​បាន ​អីចឹង​​មានតែ​ពឹង​កូន​ទៅធ្វើការនៅ​ថៃ ហើយ​ចំណែករូប​​​ខ្ញុំគឺ​​នៅចិញ្ចឹម​​គោ​​ដែល​ខ្ចីពីអង្គការនៅ​ផ្ទះ​នេះ​ឯង» ៕


ប្រភព ៖ khmertimes


Tags: Local news Social news