ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយម្ចាស់ម៉ូតូ ចាប់ ក្រោយពីធ្វើសកម្មភាព លួចកាច់កយក ម៉ូតូ ព្រោះម្ចាស់ម៉ូតូ ភ្លេចដកសោចេញ កាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅមុខហាង កាត់សក់ផ្ទះលេខ៤៥ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឹម ថា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែត សុខគា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យមាន ស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
នគរបាល បានបន្តទៀតថា ជនសង្ស័យ រូបនេះ ធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ គេមួយគ្រឿង ម៉ាកស្ទែប ពណ៌ក្រហម បិទស្គុត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1L 1490 នៅម្ដុំតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ហើយក្រោយពេលលួច បានហើយ ក៏ជិះមកតាមផ្លូវកម្ពុជាក្រោម ហើយឃើញ ម៉ូតូរបស់ជនរង គ្រោះ ម៉ាក ស្កុបពី ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 1AP 9499 ដែលចតទុកនៅនឹងមុខហាង កាត់សក់ ទុកសោជាប់នឹងម៉ូតូ ក៏ធ្វើសកម្មភាពតែម្តង ។ ប៉ុន្តែពេលធ្វើសកម្មភាពនោះម៉ូតូដេរ មិនឆេះ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏បានស្រែកផ្អើលឆោឡោ ក៏ត្រូវសមត្ថកិច្ចនៅប្រចាំគោលដៅនោះចាប់នាំខ្លួនទៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី២ដើម្បីសាកសួរ ចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំចាត់ការបន្ត ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល