CamNews

ព័ត៌មានជាតិ 

រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង

ភ្នំពេញ ៖ នៅទីបំផុត! ក្រោយបញ្ចប់ការស្រាវជ្រាវរួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីនេះ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។

សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិត​នៅ​ផ្លូវ​លេខ​ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មានFresh News នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា បន្ទាប់ពីខាងក្រសួងស្រាវជ្រាវរួចមក លោកបានឲ្យបិទសិន ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត។

សូមជម្រាបថា កាលពីយប់មិញ ស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀ មានហេតុការណ៍នារី​ម្នាក់ បានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ជាមួយ​ម្ដាយ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ​ភ្លាមៗ​នោះ​នារី​រងគ្រោះ​ បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ​ថែមទាំង​សុំ​អង្វរ​ទៀត​ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។

ភ្លាមៗ​នោះ​ខាង​មន្ទីរ​ពេទ្យ ​បាន​យក​ក្រដាស​១សន្លឹក​​ មិន​ដឹង​ថា ​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ ផ្ដិត​មេដៃ​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ​ដោយ​អស់​ប្រាក់​ចំនួន​២,០០០ដុល្លារ​ ថ្លៃ​ពិនិត្យ​១០​ដុល្លារ​ ថ្លៃ​ពិសោធន៍​៤៦ដុល្លារ​ ហើយ​ការ​វះកាត់​នេះ​ មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។

ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​ គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​ ម្ដង១០០ដុល្លារ តែករណីនេះខាង​មន្ទីរ​ពេទ្យមិនព្រមទេ ទាល់តែ​មាន៥០០ដុល្លារទៀត។ ​ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរ​ពេទ្យ ​ក៏ត្រូវ​សន្តិសុខ ​យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕

ប្រភព ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news