CamNews

ព័ត៌មានជាតិ 

ទីងមោងយក្ស ត្រូវបានដង្ហែ​ជាមួយមនុស្ស​ជាង២ម៉ឺននាក់ តាមដងផ្លូវក្នុង​ក្រុង​សៀមរាប-អង្គរ

(សៀមរាប)៖ ទីងមោងយក្ស ឬហៅម្យ៉ាងទៀតថា ជាតុក្កតាយក្ស ត្រូវបានគេរៀបចំដង្ហែតាមដងផ្លូវនានា ក្នុងទីក្រុង​សៀមរាប-អង្គរ នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយនឹងអ្នកចូលរួម​ទស្សនាដ៏ច្រើនកុះករ ប្រហែល២ម៉ឺននាក់ អមដោយតន្ត្រីព្យុហយាត្រាកាយរឹទ្ធិជាតិកម្ពុជា ខេត្តសៀមរាបផងដែរ។

លោក អ៊ុន សាវ៉ាន់ ជាសមាជិករបស់គំរោងតុក្កតាយក្ស ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ឆ្នាំនេះរូបតុក្កតាយក្ស (ទីមោងយក្ស)​ ដែលបានដំឡើងក្រោមប្រធានបទ «សិល្បៈ និងចម្រៀង ក្នុងទស្សវត្សទី៦០» រួមមាន៖

១- លោកតា គង់ ណៃ សិល្បៈករចាប៉ីដងវែង ក្នុងនិមិត្តរូប ដើម្បីចូលរួមអបរសារទ​ ការដាក់បញ្ចូលសិល្បៈចាប៉ីដងវែងខ្មែរ  ជាបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងការអភិរក្សមរតកមនុស្សរស់នៃកម្ពុជា ។

២- សត្វមាន់គក គឺជានិមិត្តរូបឆ្នាំរកា  ដែលជនានុជនខ្មែរ នឹងចូលរួមអបរសារទពិធីចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំរកា ។

៣-សិល្បៈកររបាំក្ងោកប៉ៃលិន ដើម្បីរំលឹកដល់ការបង្កើតឡើង ដល់ការបង្កើតរបាំក្ងោកប៉ៃលិន ជាការបង្ហាញប្រពៃណី នៃជនជាតិកូឡា ក្នុងខេត្តប៉ៃលិន ជាតំបន់សម្បូណ៌ត្បូងធម្មជាតិដ៏មានតម្លៃ របស់ប្រទេសកម្ពុជា ។

៤- ក្រុមភ្លេងឆៃយុំា ជាភ្លេងប្រពៃណីវប្បធម៌ខ្មែរ ដែលប្រកបដោយភាពរីករាយស្វាហាប់ នៃប្រជាជាតិខ្មែរ ។

៥- ម៉ាស៊ីនថតភាពយន្ត​ និង អ្នកថតភាពយន្ត ដើម្បីរំលឹកដល់សម័យទស្សវត្សទី៦០ នៃការអភិវឌ្ឍវណ្ណកម្មភាពយន្តខ្មែរ ដែលធ្លាប់ល្បីរន្ទឺក្នុងតំបន់អាស៊ី និងពិភពលោក។

៦- រូបក្រពើ និងពស់កេងកង ជានិមិត្តរូបនៃភាពយន្តខ្មែរ រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់ និងរឿងពស់កេងកង រំលឹកដល់ស្នាដៃ នៃការផលិតភាពយន្តខ្មែរ ក្នុងទស្សវត្សទី៦០។

លោក អ៊ុន សាវ៉ាន់ បានឱ្យដឹងថា គម្រោងសហគមន៍សិល្បៈរបស់កុមារក្នុងស្រុកមួយនេះ បង្កើតឡើងក្នុងគោលបំណង ផ្តល់ឱ្យកុមារ ដែលជួបការលំបាកនូវមូលដ្ឋានបង្ករបង្កើត ដើម្បីជំរុញនិងលើកកំពស់ ការបញ្ចេញទស្សនៈផ្ទាល់ខ្លួន ព្រមទាំងទំនុកចិត្ត តាមរយៈសិល្បៈ ។

នេះជាឆ្នាំទី១១ហើយ ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតែមួយ បានប្រារព្ធឡើង ដើម្បីកុមារដែលជួបការលំបាកជាង ៥០០នាក់ នៅក្រុងសៀមរាប បង្កើតបាននូវអារម្មណ៏ដ៏សំខាន់មួយ នៃសាមគ្គីគ្នាជាសហគមន៍ បង្កើតការងារជាក្រុម ផ្តល់នូវក្តីសង្ឃឹមមោទនភាព និងការកោតសរសើរ សម្រាប់ជាការលើកទឹកចិត្តពួកគេ ឱ្យ​ជំនះ​រាល់ បញ្ហាលំបាកនានា​ប្រចាំថ្ងៃ ដែលពួកគេនឹងជួបប្រទះ។

គំរោងតុក្កតាយក្ស (ទីមោងយក្ស) បានចាប់បដិសន្ធិឡើងនាឆ្នាំ​២០០៧ ក្នុងនាមជាគំរោង សហគមន៍សិល្បៈរបស់កុមារ ក្នុងស្រុកមួយ ដែលរហូតមកទល់សព្វថ្ងៃនេះ បានក្លាយជាគម្រោងសិល្បៈរបស់កុមារដ៏ធំបំផុត នៅប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news