ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗនេះ កំពូលតារាចម្រៀងប្រចំាផលិតកម្មរស្មីហង្សមាសកញ្ញា ឪក សុគន្ធកញ្ញា បានរៀបមង្គលការ ដែលធ្វើឱ្យមានការកក្រើកយ៉ាងខ្លំាងពីសំណាក់មហាជន។
ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ ប្រភពហ្វេសប៊ុករបស់អ្នកនាងបានលើកឡើងថា៖ “ទម្រាំអាចមានថ្ងៃនេះ ទម្រាំអាចតស៊ូបានមកដល់ថ្ងៃនេះ ពួកយើងបានឆ្លងកាត់នូវរឿងរ៉ាវ បញ្ហា និងការប្រឈមមុខជាមួយគ្នាច្រើនរាប់មិនអស់។ ពេលខ្លះ ក៏មានអារម្មណ៍ថា ទម្រាំតែអាចឆ្លងហួសនូវអារម្មណ៍តានតឹង និងស្រពាប់ស្រពោនបាន ស្ទើរតែចង់បោះបង់គ្រប់យ៉ាងចោលទៅហើយ តែចុងក្រោយ ពួកយើងក៏នៅតែអាចបន្តមកជាមួយគ្នា រហូតមានថ្ងៃនេះ ក៏ព្រោះតែយើងមានចិត្តមួយជាមួយគ្នានោះគឺ ចិត្តដែលមិនព្រមបោះបង់ចោលគ្នា។ មិនថាស្ថិតក្នុងកាលៈទេសៈបែបណា មិនថាស្ថិតនៅក្នុងអារម្មណ៍បែបណា អ្វីដែលយើងអាចរក្សាបាននោះគឺ ចង់មានថ្ងៃមួយ គឺថ្ងៃនៃត្រើយសុភមង្គល ថ្ងៃដែលអាចកាន់ដៃគ្នាដើរចូលរោងមង្គលជ័យ មានលោកមេបា សាច់ញាតិបងប្អូន មិត្តភក្តិ ជិតឆ្ងាយ មកចូលរួមដឹងឮ និងឱ្យពរជ័យ។ ចាប់តាំងពីថ្ងៃស្រឡាញ់គ្នាដំបូង មិនថាជួបរឿងអ្វីក៏ដោយ ក៏ត្រូវតែអត់ឱនឱ្យគ្នាឱ្យបានច្រើន ស្ដាប់គ្នាឱ្យច្រើនជាងស្ដាប់អ្នកដទៃ និយាយគ្នាឱ្យមានហេតុ និងផល យល់ពីគ្នាឱ្យច្រើនជាងការដែលយល់តែចិត្តខ្លួនឯង កុំតឹងតែង កុំហួងហែងគ្នាហួសហេតុពេក បើកចិត្តទទួលយករាល់ចំណុចអវិជ្ជមានរវាងគ្នា ដើម្បីអាចផ្ដល់នូវមតិយោបល់ ហើយកែប្រែគ្នាទៅវិញទៅមក ព្រោះថា អ្នកណាៗក៏ធ្លាប់ខុស ព្រោះលើលោកនេះ គ្មានឡើយមនុស្សដែលល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង គឺមានតែការព្យាយាមកែលំអគ្នា និងទទួលយករៀងៗខ្លួនទេ ទើបអាចដើរដល់ថ្ងៃនេះ អាចឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងបានជាមួយគ្នា។
ហើយពីថ្ងៃនេះ តទៅថ្ងៃមុខ រហូតទៅ គឺត្រូវស្រឡាញ់គ្នា មើលថែគ្នា អត់ឱនឱ្យគ្នា ឱ្យដូចថ្ងៃដំបូងដែលយើងចាប់ផ្ដើម គ្រួសារមួយនេះ គឺមានតែពាក្យថា ក្ដីសុខ និងសុភមង្គល យើងនឹងធ្វើជាគំរូល្អសម្រាប់កូនចៅ កូនក្មួយយើងទៅថ្ងៃមុខ។ កុំភ្លេចថា មានមនុស្សច្រើនណាស់ ចាំមើលយើង អ្នកខ្លះ គេមិនខ្វល់ទេថាយើងស្រឡាញ់គ្នាប៉ុនណា តែគេនឹងចាំតែមើលបំណាំ និងចាប់កំហុសរបស់យើងតែប៉ុណ្ណោះ តែទោះយ៉ាងនេះក្ដី អ្វីដែលយើងត្រូវមាន គឺរក្សាជំហរឱ្យបានល្អ សម្រាប់គ្រួសារដ៏ឧត្តុង្គឧត្តមរបស់យើង។ ស្រឡាញ់គ្នាមិនប្រែ ពីថ្ងៃនេះ រហូតទៅ … សុខលី និងកញ្ញា / Sokly & Kanha”៕