CamNews

ព័ត៌មានជាតិ 

ឃាត់​កម្មករ​សំណង់ ២នាក់ ដែល​ស្លៀក​ស្បង់​ដើរ​បិណ្ឌបាត្រ​តាម​ផ្ទះ បន្លំ​លួច​ស្បែក​ជើង​អ្នក​ស្រុក

ភ្នំពេញ៖ បុរសជាកម្មករសំណង់ ២នាក់ ដែលស្លៀកពាក់ស្បង់ជីវរ ដើរបិណ្ឌបាត្រនៅក្នុងភូមិសាស្រ្តសង្កាត់ និរោធ ហើយត្រូវបានសន្តិសុខ យាមនៅក្នុងបុរី ប៉េង ហួត ឃាត់ខ្លួន បញ្ជូនឲ្យអាជ្ញាធរសង្កាត់និរោធ និងគណៈកម្មការវត្តប្រជុំវង្ស ធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចដោះលែងទៅវិញ កាលពីវេលាម៉ោង ១១ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងវត្តប្រជុំវង្ស សង្កាត់និរោធ ខណ្ឌមានជ័យ ។

បុរសជាកម្មករសំណង់ ដែលសន្តិសុខយាមនៅក្នុងបុរី ប៉េងហួត ឃាត់ខ្លួនបញ្ជូនមកឲ្យអាជ្ញាធរសង្កាត់ និងគណៈកម្មការវត្តប្រជុំវង្ស អប់រំ រួចដោះលែងទៅវិញនេះ ម្នាក់ឈ្មោះ ឡៃ វិចិត្រ អាយុ ២២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ប៉ាង សំអូន អាយុ ៣៣ឆ្នាំ ស្នាក់តាមការដ្ឋាន ម្តុំជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ ហើយមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។

នៅចំពោះមុខអាជ្ញាធរ និងគណៈកម្មការវត្តប្រជុំវង្ស ឈ្មោះ ប៉ាង សណអូន បានសារភាពថា ខ្លួនមកពីស្រុកកំណើតបានជាង ១ខែមកហើយ ហើយមកធ្វើជាកម្មករសំណង់នៅម្តុំជម្ពូវ័ន្ត ដោយសារតែធ្វើកម្មករហត់ពេក និងមិនសូវមានលុយចាយ គាប់ជួនឈ្មោះ ឡៃ វិចិត្រ មកបបួលស្លៀកពាក់ ជាសង្ឃ ដើម្បីងាយស្រួលរកលុយនោះ ទើបនាំគ្នាទៅរកស្បង់ជីពរមកគ្រង និងនាំគ្នាដើរបិណ្ឌបាត្រ នៅក្នុងភូមិសាស្រ្តសង្កាត់និរោធ ជាពិសេសនៅក្នុងបុរីប៉េងហួត ដោយហេតុថា នៅក្នុងបុរី ងាយស្រួលរកបានបច្ច័យច្រើន ព្រោះសំបូរដោយអ្នកមានទ្រព្យសម្បត្តិ មានលុយកាក់ច្រើន ។

បុរសឈ្មោះ ឡៃ វិចិត្រ បាននិយាយថា ក្នុងមួយថ្ងៃៗ ពួកគេដើរបិណ្ឌបាត្រ បានចង្ហាន់ និងបច្ច័យ ២ម៉ឹនរៀល ទៅ ៥ម៉ឺនរៀល ។ ឡៃ វិចិត្រ បន្តទៀតថា នៅថ្ងៃកើតហេតុនេះ ពួកខ្លួនបានដើរចូលទៅក្នុងបុរីប៉េង ហួត រហូតដល់ម៉ោងជិត១១ ថ្ងៃត្រង់ ក៏និមន្តចេញពីក្នុងបុរី វិញ ប៉ុន្តែត្រូវសន្តិសុខបុរី ហៅ ហើយពួកខ្លួនភ័យ ក៏រត់ឡើងជិះម៉ូតូឌុបបានបន្តិច ហើយត្រូវសន្តិសុខដេញឃាត់ចាប់បាន បន្ទាប់ពីឈ្មោះ ប៉ាង សំអូន លោតចុះពីម៉ូតូ ហើយឆែកឃើញស្បែកជើង មួយគូ ដែលក្រុមសន្តិសុខស្គាល់ពីភិនភាគស្បែកជើង ដែលអាត្មាបានយកពីមុខផ្ទះមួយកន្លែង មិនចាំលេខ បន្ទាប់មកសន្តិសុខបុរី ក៏បានបញ្ជូនមកឲ្យអាជ្ញាធរ សង្កាត់និរោធ និងគណៈកម្មការវត្តប្រជុំវង្ស ធ្វើការអប់រំ ធ្វើកិច្ចសន្យា ប្តូរសម្លៀកបំពាក់ស៊ីវិល រួចឲ្យវិលត្រឡប់ទៅស្រុកវិញ។

ឡៃ វិចិត្រ បានបញ្ជាក់ថា ក្រោយពីដើរបិណ្ឌបាត្ររួច ដល់ម៉ោងឆាន់ ពួកគេទាំង២ នាក់ បានទៅរកវត្តនាគវ័ន្ត ដើម្បីស្នាក់អាស្រ័យបណ្តោះអាសន្ន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ