(បន្ទាយមានជ័យ)៖ ក្មេងប្រុស២នាក់ បានបោកប្រាស់ឪពុកម្ដាយ និងសមត្ថកិច្ចថា ប្អូនគេត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ចាប់ដាក់ចូលក្នុងឡានយកទៅបាត់ ប៉ុន្ដែការពិតប្អូនរបស់ខ្លួនលង់ទឹកស្លាប់សោះ ដោយមូលហេតុខ្លាចឪពុកម្ដាយវាយ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអធិការនគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរសង្កាត់ភូមិ ធ្វើការស្រាវជ្រាវដោយយកចិត្តទុក្ខដាក់ លើករណីនេះទើបក្មេងទាំង២នាក់ សារភាពថា ប្អូនគេបានលង់ទឹកស្លាប់ ហើយខណៈពេលនេះ សាកសពរកមិនទាន់ឃើញនៅឡើយទេ។
សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ក្មេងប្រុសនេះ គឺមុនដំបូងពួកគេបាននាំគ្នាទៅហែលលែងទឹក ពេលចុះងូតទឹកបងប្រុសបង្កើត របស់ក្មេងប្រុសដែលបាត់ខ្លួន បានលង់ទឹកហើយប្អូនប្រុសរងគ្រោះ បានលោតចុះទៅជួយទាញ តែត្រូវរអិលជើងលង់ទឹកលិចបាត់ទៅ រំពេចនោះក្មេងប្រុសទាំងអស់នោះ បានបោះទុយោទឹកជួយបានតែបងប្រុសប៉ុណ្ណោះ ហើយក្មេងរងគ្រោះជួយមិនទាន់។
ក្រោយជួយរួច បងប្រុសក្មេងប្រុសរងគ្រោះ ដោយខ្លាចម្តាយឪពុករឿងប្អូនលង់ទឹក ក៏បានរៀបចំពាក្យកុហកឪពុកម្តាយខ្លួនថា មានគេចាប់ប្អូន។
ខណៈនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ចុះរាវរកសាកសពក្មេងដែលបាត់ខ្លួន នៅក្នុងទឹករណ្តៅដី ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកទល់ម៉ោង២រសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ មិនទាន់រកសាកសពក្មេងប្រុសខាងលើឃើញនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង