ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួងការបរទេសកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះសំដីដ៏ឆ្កួតលីលា សុបិន្ដទាំងថ្ងៃរបស់លោក ស៊ូ ថេប មេដឹកនាំក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលថៃ ដោយសារតែលោក ស៊ូ ថេប បានចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា ខ្មាន់កាំភ្លើង ដែលបាញ់បាតុករដ៏សំខាន់ របស់ខ្លួនម្នាក់ បណ្ដាលឱ្យស្លាប់នោះគឺជាជនជាតិខ្មែរ ។
អ្នកនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៤ នេះ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សំដី ស៊ូ ថេប ដែលត្រូវបានដកស្រង់ឱ្យកាសែតមួយចំនួននៅ បាងកកនិយាយថា ខ្មាន់កាំភ្លើងបាញ់បាតុកររបស់ខ្លួននោះ ជាជនជាតិខ្មែរ គឺជាការចោទប្រកាន់ គ្មានមូល ដ្ឋាន ជាការចោទប្រកាន់ផ្ដេសផ្ដាសរបស់បុគ្គលរូបនេះ ។
លោក កុយ គួង បានចាត់ទុកសំដី ស៊ូ ថេប ជាការឆ្កួតលីលា យល់សុបិន្ដទាំងកណ្ដាលថ្ងៃ ដែលធ្វើឱ្យ មាន ការភ័ន្ដច្រឡំ ហើយជនជាតិខ្មែរមិនទៅធ្វើសកម្មភាព បែបនេះនោះឡើយ ដោយប្រជាពលរដ្ឋខ្មែរ និងពល ករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ ទទួលបានការណែនាំយ៉ាងល្អពីស្ថានទូត និង អគ្គកុងស៊ុល របស់ខ្លួន ។
អ្នកនាំពាក្យ ក្រសួងការបរទេសរូបនេះ បានលើកឡើងទៀតថា នេះជាការចោទប្រកាន់លើកទី២ មក លើ ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលលើកទី១មន្ដ្រីយោធាជើង ទឹករបស់ប្រទេសថៃបានចោទថា មានការ ដឹក ជញ្ជូនប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរជាច្រើនរថយន្ដឆ្ពោះទៅទីក្រុងបាងកក ដើម្បីចូល រួមធ្វើបាតុកម្មនៅ ទីនោះ ដូច្នេះ ក្រសួងការបរទេសកម្ពុជា សូមបដិសេធ ចោលទាំងស្រុង ចំពោះការ ចោទប្រកាន់ ទាំងឡាយ នេះ ។
សូមបញ្ជាក់ថា បាតុករដ៏សំខាន់ម្នាក់ របស់ ស៊ូ ថេប បានរងការបាញ់ប្រហារចំក្បាល បណ្ដាលឱ្យស្លាប់ ភ្លាមៗខណៈដែលបាតុកររូបនេះ និងបក្ខពួករបស់ខ្លួនទៅរំខានកន្លែងការិយាល័យបោះឆ្នោត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល