(បាត់ដំបង)៖ ក្មេងប្រុសម្នាក់ បានលង់ទឹកពាង ក្រោយមកត្រូវបានជីតា បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន ២កន្លែងក្នុងក្រុង បាត់ដំបង តែពេទ្យមិនហ៊ានទទួលមើល ទើបបណ្ដាលឲ្យក្មេងប្រុសម្នាក់នោះ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
បើតាមលោកតារបស់ក្មេងរងគ្រោះ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ក្រឹម ណាសា អាយុ២ឆ្នាំ រស់នៅភូមិអូរដំបង១ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកតាបន្តថា មុនពេលកើតហេតុ ឪពុកម្ដាយ ក្មេងជនរងគ្រោះ បាននាំគ្នាទៅលក់មាន់នៅឯផ្សារ ដោយទុកកូននៅជាមួយនឹងគាត់ ហើយពេលនោះគាត់ដើរទៅខាងក្រោយផ្ទះ មួយសន្ទុះក្រោយមក រូបគាត់បានដើរទៅខាងមុខផ្ទះ ដោយទុកចៅនៅលេងជាមួយយាយ។
លោកតាបន្ថែមថា ប្រពន្ធរបស់គាត់កំពុងអង្គុយកាប់អុស ភ្លាមៗនោះស្រាប់តែបាត់ចៅ ពួកគាត់ក៏ដើររកប្រទះឃើញ ចៅនៅក្នុងពាងទឹក បាត់ទៅហើយ ក្រោយមកពួកគាត់ក៏បានស្រង់ ដឹកយកទៅពេទ្យឯកជនសង្គ្រោះបន្ទាន់ ពេលដឹកទៅដល់មន្ទីរពេទ្យឯកជន សម្រាកព្យាបាល ហេង ឈុន ស្ថិតក្នុងភូមិបែកចានថ្មី ក្នុងក្រុងបាត់ដំបង ត្រូវបានបុគ្គលិកពេទ្យ ស្រីពីរនាក់ចេញមកនិយាយថា អត់ទទួលទេព្រោះប្រធាន ពេទ្យមិននៅ។
ក្រោយមកលោកតាបានដឹក ទៅផ្ទះពេទ្យវេជ្ជបណ្ឌិត ជា ពៅ កន្លែងពិនិត្យជំងឺទូទៅ នៅក្បែរផ្សារថ្មី ហើយបុគ្គលិកនៅទីនោះបានស្ទង់មើល បេះដូងរួចប្រាប់ឲ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ព្រោះកន្លែងគាត់គ្មានឧបករណ៍ សម្រាប់សង្គ្រោនោះទេ គឺគ្រាន់តែមើលជំងឺទូទៅធម្មតា។
បន្ទាប់មកលោកតា បានដឹកក្មេងជនរងគ្រោះ បន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ដាក់បញ្ចូលខ្យល់អុកស៊ីហ្សែន ទើបដឹងថាក្មេងជនរងគ្រោះ បានស្លាប់ទៅហើយ។ បច្ចុប្បន្នសពក្មេងជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណីយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី