ខេត្តមណ្ឌលគិរីៈ ព្រានព្រៃ តាមប្រម៉ាញ់សត្វ នៅស្រុកកោះញែក បានបាញ់សត្វទន្សោងបាន
២ក្បាល រួចរាលកៃបាញ់ត្រូវព្រានគ្នាឯង ស្លាប់ម្នាក់នៅកណ្ដាលព្រៃ ត្រង់ចំណុចព្រៃក្នុងឃុំ ណង
ឃីលឹក ស្រុកកោះញែក ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃ ០២ ខែមករា ឆ្នាំ
២០១៣ ។
លោក កែវ សុភគ៌ ប្រធានព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារមជ្ឃមណ្ឌល ព័ត៌មាន ដើម
អម្ពិល ប្រចាំខេត្តថា ករណីរាលកៃត្រូវគ្នាឯង ជាព្រានដូចគ្នាស្លាប់ នៅក្នុងព្រៃក្នុងឃុំ ណងឃីលឹក
ម្នាក់ ពិតប្រាកដមែន រហូតមកដល់ថ្ងៃ សៀលថ្ងៃទី០៣ ខែមករា ២០១៣ នេះ មិនទាន់រកសព
ឃើញនៅឡើយទេ ដោយសារសមត្ថកិច្ច កំពុងនាំខ្លួនជនសង្ស័យ ទៅរកសពជនរងគ្រោះនិង
ទន្សោង ២ក្បាល បន្ទាប់ពីជនសង្ស័យ បានមកសារភាព។
លោក កែវ សុភគ៌ បានឲ្យដឹងទៀតថា បន្ទាប់ពីមានព័ត៌មាននេះ កើតឡើងជនសង្ស័យ ដែលជន
ល្មើសជាព្រាន ហាក់បីដូចជាចង់បំបាត់ភស្តុតាង។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ មន្រ្តីរបស់ក្រុម
ការងារព្រៃការពារមណ្ឌគិរី ព្រមទាំងនគរបាលការពារព្រំដែនគោក លេខ ៣០៣ នៃស្នងការដ្ឋាន
នគរបាលខេត្ត ធ្វើការរុករកសព មិនទាន់ឃើញនៅឡើយទេ។
នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៣ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានចេញមកសារ
ភាព ហើយថា ខ្លួនពិតជាបានប្រព្រឹត្ត និងការបាញ់ប្រហានេះមែន ដោយ ប្រើប្រាស់កាំភ្លើងម៉ាកសេ
កាសេ (CKC) ចំណែកសម្ថកិច្ចពុំទាន់ប្រាប់ឲ្យដឹង ពីអត្តសញ្ញាណពិតប្រាកដនៅឡើយទេ អំពីជន
រងគ្រោះជាសព និងជនសង្ស័យ ដែលបានប្រព្រឹត្ត ដោយសម្ថកិច្ចកំពុងធ្វើការនាំខ្លួនជនសង្ស័យ
ទៅរកសពនឹងសត្វទន្សោង ០២ក្បាល ដែលនៅក្នុងព្រៃកន្លែងកើតហេតុ។
លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តបានឲ្យដឹងថា៖ ចំពោះករណីមួយនេះ គីជាបទល្មើសដ៏ធ្ងន់ធ្ងរ
សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើស យកមកផ្ដន្ទា
ទោសទៅតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល