សៀមរាប ៖ មន្ដ្រីនគរបាលថ្នាក់រងប៉ុស្ដិ៍ រដ្ឋបាលសង្កាត់សៀមរាប លោកជុំ ចាន់ព្រឹក្សា ដែលមាន ទំនាស់ ជាមួយប្រពន្ធរបស់ខ្លួននោះ បានគិតខ្លីរហូតរៀបចំគម្រោងបំពុលសម្លាប់ ខ្លួនឯង ព្រមទាំង ក្រុមគ្រួសារ ទាំងមូល ប៉ុន្ដែ ជាលទ្ធ្ធផលចុងក្រោយខ្លួនឯងបានស្លាប់ ខណៈ ដែលប្រពន្ធ និងកូនប្រុស ស្រីតូចៗ៣នាក់ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋ ជួយ សង្គ្រោះទាន់ពេលវេលា ដឹកយកទៅកាន់ មន្ទីរពេទ្យ ។
ករណីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចនៅក្រុង សៀមរាបនោះ បានកើតឡើងនៅវេលា ម៉ោងជិត១២ថ្ងៃត្រង់ទី២៥ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅផ្ទះ ជនរងគ្រោះនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ស្នងការរងនិងជាប្រធានការិយាល័យ កណ្ដាលនគរបាលយុត្ដិធម៌នៃស្នងការដ្ឋាន នគរបាល ខេត្ដសៀមរាប លោកថោង សុគន្ធ បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ថា ករណីបំពុល សម្លាប់ ខ្លួនឯងនិងប្រពន្ធកូនរបស់មន្ដ្រីនគរបាលរូប នេះ នៅមិន ទាន់ដឹងពីមូលហេតុពិតប្រាកដ នៅឡើយ ហើយក៏មិនទាន់ដឹងថា ផឹកថ្នាំពុល អ្វីនោះដែរ ដោយបច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងរង់ចាំការសួរនាំពី ប្រពន្ធនិងកូនទាំង៣នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនោះ ។
លោកថោង សុគន្ធ បានបញ្ជាក់ថា មុន មានហេតុការណ៍នេះកើតឡើង ជនរងគ្រោះ ជាប្ដី ត្រូវបានអ្នកជិត ខាងប្រាប់ថា មានជម្លោះ ទាស់ទែងជាមួយប្រពន្ធរបស់ខ្លួន រហូតប្រើ ពាក្យថា និងសម្លាប់ទាំងអស់គ្នា ។
បន្ទាប់ពី ឈ្លោះប្រកែកជាមួយប្រពន្ធរួចមក ជនរង គ្រោះរូបនេះ បានបិទទ្វារផ្ទះនិងចាក់គន្លឹះពី ក្នុងតាំងពី យប់ មកម្ល៉េះ លុះដល់វេលាម៉ោង ជិត១២ថ្ងៃត្រង់ មិនឃើញជនរងគ្រោះមក ធ្វើការនាយ នគរបាល ប៉ុស្ដិ៍សង្កាត់សៀមរាប បានជិះម៉ូតូទៅហៅដល់ផ្ទះ ប៉ុន្ដែពេលទៅ ដល់ឃើញបិទទ្វារជិត គោះមិនឆ្លើយ ហៅមិន ឮក៏សម្រេចគាស់ទ្វារឃើញដេក ស្លាប់នៅ ក្នុងផ្ទះតែម្ដងទៅ ។
ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ ទៀតថា ពេលនោះស្ដ្រីជាប្រពន្ធឈ្មោះឈឹម ចាន់នី អាយុ៣៩ឆ្នាំ និងកូនប្រុសពីរនាក់ ទី១ ឈ្មោះជុំ ភក្ដី អាយុ១៦ឆ្នាំ ទី២ ឈ្មោះជុំ ចាន់រក្សា អាយុ១៣ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ជុំ នីកា អាយុ៩ឆ្នាំ នៅមិនទាន់ស្លាប់បាត់បង់ ជីវិតក៏ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច ជំនាញ បាននឹងកំពុងធ្វើការស្រាវជ្រាវដើម្បី ស្វែងរកមូល ហេតុពិត ប្រាកដនៃការស្លាប់និង ការបំពុលប្រពន្ធនិងកូនរបស់ខ្លួនយ៉ាងដូច្នេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល