CamNews

ព័ត៌មានជាតិ 

អាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ចុះបិទ ហាងខារ៉ាអូខេ ពីរកន្លែង ក្រោយពីធ្វើសង្គ្រាម​ ដណ្ដើម ម៉ូយគ្នា

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យរួមមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយអភិបាលរង ខណ្ឌ លោកសេង គន្ធ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចុះទៅបិទហាង ខារ៉ាអូខេ ចំនួនពីរទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។

ការចុះទៅបិទទាំងខារ៉ាអូខេទាំងពីរកន្លែងនៅតាមបណ្ដោយផ្លូវលេខ២០០៤ មួយ កន្លែងយីហោ រតនសោភ័ណខេធីវី និង ហាងមួយកន្លែងទៀត សំនៀងផ្អែមខេធីវី របស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យខាងលើនេះ បានធ្វើ ឡើងក្រោយពីមានសកម្មភាព បង្កអំពើហិង្សា យកដុំថ្ម គប់ទៅគ្នាទៅវិញ ទៅមករវាងបុគ្គលិកហាងទាំងពីរនេះ ដោយសារដណ្ដើមម៉ូយគ្នា កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។

គួរកត់សម្គាល់ថា សកម្មភាពអំពើហិង្សា រវាងបុគ្គលិកនៅហាងខារ៉ាអូខេ ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវ លេខ ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែងតែកើតមានឡើង ព្រោះតែការដណ្ដើមម៉ូយគ្នារហូតវាយតប់ និងយកដុំថ្មគប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យ ។

សម្រាប់ករណីមួយនេះ បុគ្គលិកហាងទាំងពីរ បានយកដុំថ្មគប់គ្នា ព្រោះតែរឿងដណ្ដើមម៉ូយ ប៉ុន្ដែមិនបណ្ដោយឱ្យ នរណាម្នាក់រងរបួសនោះឡើយ ពោលគ្រាន់តែបង្កឱ្យមានភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP