CamNews

ព័ត៌មានជាតិ 

ព្រះ​សុវណ្ណ​កោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ យក​ទៅ​តំកល់​ទុក​នៅ​ក្នុង​ព្រះបរម​រាជវាំង

ភ្នំពេញ៖ សម្តេចចៅហ្វាវាំង គង់ សំអុល បានដង្ហែព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ពីវត្តចំពុះក្អែក យកមកតម្កល់ទុកនៅព្រះបរមរាជវាំង រួចរាល់ហើយ នៅម៉ោងប្រមាណជា ១រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីរកពេលវេលាល្អតាមព្រះពុទ្ធសាសនា ដង្ហែ យកទៅតម្កល់នៅ លើភ្នំព្រះរាជទ្រព្យដូចដើមវិញ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ នេះ ថា សុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ មិនបានបាច់ទៅណានោះទេ គឺបានរកឃើញវិញហើយ ហើយចំណែកជនសង្ស័យទាំង៦នាក់ កំពុងតែសាកសួររបស់សមត្ថកិច្ច និងតុលាការ។

សូមបញ្ជាក់ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ បានឲ្យឃើញវិញហើយ បន្ទាប់ពីក្រុមចោរ ឥតសាសនាលួចយក ទៅអស់រយៈពេលជិត ២ខែពីព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ។

បន្ទាប់ពីការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សហកាជាមួយកម្លាំងនគរបាល ខេត្តកណ្តាល និងកម្លាំងនគរបាលខេត្ត តាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រះសុវណ្ណកោដ្ឋ រួមនិងព្រះបរមសារីរិកធាតុ ដែលត្រូវបានទៅតាមយកចេញ ពីផ្ទះជនសង្ស័យស្ថិតក្នុង ភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

បន្ទាប់ពីចាប់ខ្លួនបាន និងបញ្ជូនមកកាន់ស្នងការដ្ឋាននគបាលខេត្តតាកែវ នាយប់ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ជនសង្ស័យឈ្មោះ កែវ រស្មី ភេទប្រុសអាយុ ២៤ឆ្នាំ មានទីលំនៅក្នុង ភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន ក្នុងការលួច យកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ពីភ្នំព្រះរាជទ្រព្យ «ឧត្តុង»។

នៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរ ជាជំហ៊ានដំបូងជនសង្ស័យ មិនបានឆ្លើយសារភាព នោះទេ ក៏ប៉ុន្តែក្រោយមកជនសង្ស័យ បានឆ្លើយយល់ព្រម ឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួនថា កាលពីព្រលប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ រូបគេបានខ្ចីម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង របស់អ្នក ស្រុកជិះពីខេត្តតាកែវ ទៅលួចយកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ នៅលើភ្នំព្រះរាជ ទ្រព្យ ហើយពេលដែលគេឡើងទៅលួចយកនោះ មិនបានជួបនឹងក្រុមឆ្មាំយាម ព្រះបរមសារីរិក ធាតុនោះទេ ហើយកន្លែងតំកល់ព្រះបរមសារីរិកធាតុក៏មិនមានចាក់សោរអីនោះដែរ។ ជនសង្ស័យ បានបន្តថា ក្រោយពីលួចយកព្រះសុវណ្ណកោដ្ឋ ដែលដាក់ព្រះបរមសារីរិកធាតុ និងសម្ភារៈមាន តម្លៃមួយចំនួនហើយ រូបគេក៏ប្រមូលរបស់របរទាំងអស់នោះ ដាក់ក្នុងស្បោងមួយរួចជិះម៉ូតូ ត្រលប់មកខេត្តតាកែវវិញ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យ គឺការលួចយកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិក ធាតុនេះ គឺគេធ្វើឡើងតែម្នាក់ឯងប៉ុណ្ណោះ មិនមានអ្នកណាម្នាក់ចូលរួម ជាមួយសកម្មភាពរបស់ខ្លួន នោះទេ ហើយការលួចយករបស់មានតម្លៃរបស់ជាតិនេះ គឺយោងទៅតាមការយល់សប្តិ ដែលគេ ប្រាប់ថាឲ្យទៅយកកំណប់ នៅលើកំពូលភ្នំព្រះរាជទ្រព្យ។

ក្រោយការលួចរបស់មានតម្លៃនេះហើយ ជនសង្ស័យបានយកមាសទៅលក់ អស់ប្រមាណ កន្លះ គីឡូ ដោយបានប្រាក់មួយចំនួនយកមកធ្វើផ្ទះ ដែលកំពុងតែសាងសង់ អស់ប្រាក់ប្រមាណជាង ១ម៉ឺនដុល្លារ និងទិញរថយន្តសេរ៊ីទំនើបម៉ាក Hyandia សេរីឆ្នាំ២០១៤ ពណ៌ខ្មៅមួយគ្រឿង អស់ ប្រាក់ជាង ២ម៉ឺនដុល្លារអាម៉េរិក។

នេះគឺជាការសារភាពរបស់ជនសង្ស័យជាជំហ៊ានដំបូង តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ច នៅមិនទាន់ជឿជនសង្ស័យនៅឡើយទេ ដោយសមត្ថកិច្ច និងបន្តសាកសួរជនសង្ស័យបន្តទៀត ហើយក៏បានធ្វើការស៉ើបអង្កេត រកបក្ខពួកជនសង្ស័យបន្ថែមទៀតផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news Social news ព័ត៌មានជាតិ