សាលារៀនរដ្ឋពីរ បានហាមសិស្សប្រើប្រាស់ទូរស័ព្ទ អំឡុងម៉ោងសិក្សាដោយនិយាយថា ទូរស័ព្ទរំខានដល់ការសិក្សារបស់ពួកគេ។
លោក អ៊ុំ ម៉ាលី នាយកសាលាអនុវិទ្យាល័យពោធិចិនតុង បាននិយាយកាលពីថ្ងៃចន្ទថា លោកបានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ជូនដំណឹងដល់សិស្សានុសិស្សជាង ១០០០ នាក់របស់លោក មិនឲ្យប្រើប្រាស់ទូរស័ព្ទចល័ត នៅក្នុងសាលារៀន។
លោកបាននិយាយថា ”ការប្រើទូរស័ព្ទនៅក្នុងបរិវេណសាលារៀន ត្រូវបានហាមឃាត់យ៉ាងតឹងរឹងទាំងក្នុងអំឡុងសិក្សា និងពេលចេញលេង។ ”យើងមិនអនុញ្ញាតឲ្យពួកគេប្រើទូរស័ព្ទនៅក្នុងថ្នាក់រៀន ឬនៅកន្លែងផ្សេងទៀតនៅក្នុងសាលារៀនទេ ពីព្រោះពួកគេនឹងមិនផ្តោតលើការសិក្សារបស់ពួកគេ” ។
លោក ម៉ាលី បាននិយាយថា លោកសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ទូរស័ព្ទនេះ បន្ទាប់ពីសង្កេតឃើញថា សិស្សភាគច្រើនចំណាយពេលវេលារបស់ពួកគេ ទៅលើហ្វេសប៊ុក ឬលេងហ្គេមក្នុងពេលកំពុងរៀន។
លោកបានកត់សម្គាល់ថា ”ពួកគេមិនបានយកចិត្តទុកដាក់លើមេរៀនរបស់ពួកគេទេ តែពួកគេបែរជាចំណាយពេលវេលាច្រើន ក្នុងការលេងឆាតតាមហ្វេសប៊ុក លេងហ្គេម ឬថតរូបដោយប្រើទូរស័ព្ទ”។ ប្រហែល ៩០ ភាគរយ នៃសិស្សទាំងនោះ បានធ្វើដូច្នេះ ហើយនេះគឺជាមូលហេតុដែលខ្ញុំចេញបម្រាម។
លោក ម៉ាលី បាននិយាយថា ”ការហាមឃាត់នេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ហើយយើងនឹងដកបម្រាមការប្រើប្រាស់ទូរស័ព្ទនេះចេញ នៅពេលដែលយើងអប់រំសិស្សានុសិស្ស លើការប្រើប្រាស់ទូរស័ព្ទដោយត្រឹមត្រូវ ដើម្បីទទួលបានព័ត៌មាន ជាជាងការខ្ជះខ្ជាយពេលវេលាលើសកម្មភាពសង្គម”។
លោកបន្ថែមថា សាលាជាអ្នកធ្វើការហាមឃាត់នេះ មិនមែនក្រសួងអប់រំទេ ប៉ុន្ដែសាលារៀននឹងផ្តល់ការហៅទូរស័ព្ទដោយឥតគិតថ្លៃ ដល់សិស្សានុសិស្សដើម្បីទូរស័ព្ទទៅក្រុមគ្រួសាររបស់ពួកគេ ក្នុងករណីមានភាពបន្ទាន់ណាមួយ។
វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត ប៉ៃលិន ក៏បានហាមសិស្សានុសិស្សរបស់ខ្លួន មិនឲ្យប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សាផងដែរ។
លោក ខាម យ៉ារិន នាយកសាលា បានថ្លែងនៅក្នុងសេចក្តីណែនាំ ដែលបានចេញផ្សាយកាលពីចុងខែមុនថា ការប្រើប្រាស់ទូរស័ព្ទនៅក្នុងបរិវេណសាលារៀន ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង គ្រប់ពេលក្នុងម៉ោងសិក្សាសាលា។
លោកបានព្រមានថា គណៈគ្រប់គ្រងសាលានឹងរឹបអូសទូរស័ព្ទរបស់សិស្សណា ដែលបំពានបទបញ្ជានេះ។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងកាលពីម្សិលមិញថា ក្រសួងមិនមានច្បាប់ណាមួយ លើការហាមឃាត់មិនឲ្យប្រើប្រាស់ទូរស័ព្ទដៃនោះទេ ហើយវាអាស្រ័យលើសាលារៀននីមួយៗ បើពួកគេយល់ឃើញថាជាការចាំបាច់។លោកបាននិយាយថា ”ក្រសួងបានណែនាំកម្មវិធីសិក្សា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលលើកទឹកចិត្តឲ្យប្រើវិធីសាស្រ្តណាមួយ ដែលលើកកម្ពស់សមត្ថភាពសិស្ស ក្នុងការបង្កើនជំនាញ និងចំណេះដឹងរបស់ពួកគេ” ។ លោកបានបន្ថែមថា ប្រសិនបើប្រើទូរស័ព្ទដើម្បីគោលបំណងនេះ នោះវាស្របទៅនឹងគោលនយោបាយរបស់ក្រសួង ៕
ប្រភព ៖ khmertimes